(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានចុះហត្ថលេខាផ្ដល់ជំនួយ ៣១៩,៤០៩ដុល្លារដល់កម្ពុជា ដើម្បីសាងសង់អគារសិក្សា​នៅតាមសាលាចំនួន៤ ស្ថិតក្នុងខេត្តកំពង់ស្ពឺ រតនគិរី និងខេត្តកណ្ដាល។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅ​រសៀលម៉ោង៣៖០០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ នៅស្ថានទូជប៉ុនប្រចាំនៅកម្ពុជា។

ក្នុងពិធីចុះហត្ថលេខានោះ មានការចូលរួមពីលោក ហ៉ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និង លោក ថន ថាវិន ប្រធានមន្ទីរយុវជន និងកីឡាខេត្តកំពង់ស្ពឺ, លោកស្រី ច័ន្ទ ខាំឃឿ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគីរី និងលោក អ៊ុង តុលា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល រួមមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ហ៉ីដេហ៊ីសា ហូរីណូអ៊ុជិ ថវិកា បានប្រាប់ឲ្យដឹងថា ថវិកា ៧៥,៤១៥ដុល្លារ សម្រាប់គម្រោងគម្រោង​សាងសង់​អគារសិក្សាមួយខ្នង នៅអនុវិទ្យាល័យស្លាបលែង ស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ចំណែក ថវិកា ៨៣,០០០ដុល្លារ សម្រាប់គម្រោងសាងសង់អគារសិក្សាមួយខ្នង នៅអនុវិទ្យាល័យសម្ដេចឪសម្ដេចម៉ែ ក្នុងក្រុងបានលុង ខេត្តរតនគិរី។ ថវិកាចំនួន ៨០,៧៥០ដុល្លារទៀត ប្រើសម្រាប់គម្រោងសាងសង់​អគារសិក្សាមួយខ្នង​នៅសាលាបឋមសិក្សាអូរយ៉ាដាវ ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលថវិកាទាំងពីរកញ្ចប់នេះ នឹងត្រូវប្រគល់ជូនមន្ទីរអប់រំ​ខេត្តរតនគិរី។ ដោយឡែកថវិកា ៨២,២៤៤ដុល្លារទៀត ប្រើសម្រាប់គម្រោងសាងសង់​អគារសិក្សា​មួយខ្នង នៅសាលាបឋមសិក្សាគគីរ ក្នុងស្រុកគៀន ស្វាយ ខេត្តកណ្ដាល។

ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា រំពឹងថា គម្រោងទាំងអស់នេះ នឹងអនុវត្តទៅដោយរលូន ហើយសំណង់ និងសម្ភារៈបរិក្ខារទាំងអស់ នឹងត្រូវបានថែទាំឲ្យបានល្អ ដើម្បីឲ្យប្រជាពលរដ្ឋអាចប្រើប្រាស់បានយូរអង្វែង និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកាន់តែច្រើនឡើងៗ។

ក្រោយបញ្ចប់ការចុះហត្ថលេខានេះ លោក ថន ថាវិន ប្រធានមន្ទីរយុវជន និងកីឡាខេត្តកំពង់ស្ពឺ បានអរគុណដល់រដ្ឋាភិបាល​ជប៉ុន ដែលបានជួយដល់កម្ពុជា ហើយសង្ឃឹមថា ជប៉ុន នឹងបន្តឧបត្ថម្ភគាំទ្រ ការអភិវឌ្ឍវិស័យអប់រំ ក្នុងខេត្តកំពង់ស្ពឺ​បន្ថែមទៀត។

ចំណែកលោកស្រី ច័ន្ទ ខាំឃឿ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគីរី បានឲ្យដឹងថា ក្រៅពីការអរគុណ​រដ្ឋាភិបាលជប៉ុន លោកស្រី បានបន្ថែមថា ជំនួយរបស់ជប៉ុននេះ នឹងជួយឧបត្ថម្ភ និងបដិភាគ ដើម្បីប្រាកដថា យុវជន និងកុមារគ្រប់អាយុចូលរៀន ក្នុងខេត្តរតនគីរី អាចមានលទ្ធភាពទទួលបាននូវគុណភាព អប់រំ ទាំងបឋម និងមធ្យមសិក្សា។

បន្ថែមពីលើនេះ លោក អ៊ុង តុលា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល នឹងបន្តជួយឧបត្ថម្ភគាំទ្រ​ដល់ការអភិវឌ្ឍ​វិស័យ​អប់រំក្នុងខេត្តកណ្តាលបន្ថែមទៀត ជាពិសេសលើការសាងសង់អាគារសិក្សាដល់សាលាដែលខ្វះខាតធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា កន្លងមករដ្ឋាភិបាលជប៉ុន បានសហការយ៉ាងជិតស្និទជាមួយក្រសួង, មន្ទីររាជធានី-ខេត្ត, ក្រុមហ៊ុន ជាពិសេស​តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ផ្តល់ជំនួយជាច្រើនដល់កម្ពុជា ទាំងផ្នែកហេដ្ឋារចនា​សម័្ពន្ធសេដ្ឋកិច្ច វិស័យឯកជន កសិកម្ម និងការអភិវឌ្ឍន៍ជនបទ ការផ្គត់ផ្គង់ទឹកស្អាត និង ប្រព័ន្ធលូ សុខភាព ការថែទាំ​វេជ្ជសាស្រ្ត គុណភាពអប់រំ ហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ប្រព័ន្ធច្បាប់ និងតុលាការ សមភាពយេនឌ័រ និងការដោះមីន​ជាដើម៕