(ភ្នំពេញ)៖​ ថ្មីៗនេះ ​ប្រទេសកម្ពុជាក៏បានចូលរួម​ក្នុងការប្រកួតប្រជែង ជាមួយបណ្តាប្រទេសផ្សេងៗទៀតជាច្រើន ក្នុង​កម្មវិធី ​«IAIR AWARD» ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ SHERATON ទីក្រុងហុងកុង។ ក្នុងនោះដែរ បុរី ប៉េង ហួត បានក្លាយជាបេក្ខភាព តំណាងឲ្យប្រទេសកម្ពុជា ហើយក៏ទទួលបានពានរង្វាន់ ជាក្រុមហ៊ុនអចលនទ្រព្យ​ឆ្នើមប្រចាំឆ្នាំ ២០១៧ ( COMPANY OF THE YEAR)។ នេះជាមោទនភាពមួយ របស់ប្រទេសកម្ពុជា ដែលអាចទទួលបានពានរង្វាន់ នៅលើឆាក​អន្តរជាតិ ដែលអាចធ្វើឲ្យពិភពលោក​មើលឃើញកាន់តែច្បាស់ ពីឧិកាសនៃការវិនិយោគលើ ​វិស័យអចលនទ្រព្យ នៅប្រទេសកម្ពុជាកាន់តែ មានសន្ទុះរីកចំរើន ។ កម្មវិធីនេះត្រូវបានរៀបចំឡើង ដោយក្រុមហ៊ុន Le Fonty ដែលជាស្ថាប័នស្រាវជ្រាវឯករាជ្យ ទៅលើវិស័យសំខាន់ៗជាច្រើន រួមមានសេដ្ឋកិច្ច បរិស្ថាន ការវិនិយោគ ជំនួញ..​.ដែលក្នុងនោះក៏មានវិស័យ អចលនទ្រព្យផងដែរ។

សំរាប់ការជ្រើសរើសនេះ​ គឺធ្វើឡើងតាមរយៈការស្ទាបស្ទង់មតិ តាមប្រព័ន្ធអនឡាញ ពីអ្នកចូលរួមប្រមាណជា ១៥០,០០០នាក់ និង ការទទួលព័ត៌មានជាក់ស្តែង ពីបណ្តាញជុំវិញពិភពលោក ព្រមទាំងការចុះសាកសួរដោយផ្ទាល់ ទៅលើបុគ្គលសំខាន់ៗ និង​ក្រុមហ៊ុនដែលជាដៃគូ សហការ​ផងដែរ។

គួរកត់សំគាល់ឃើញថា មួយរយៈកាលចុងក្រោយនេះ វិស័យអចលនទ្រព្យនៅក្នុង ប្រទេសកម្ពុជាទទួលបានការចាប់អារម្មណ៍​យ៉ាងខ្លាំង ក្នុងការប្រកួតប្រជែង​ក្នុងឆាកអន្តរជាតិ ជាក់ស្តែងគឺ កម្មវិធី «Property Award» របស់ Property Guru ជាដើម ដែលមានក្រុមហ៊ុន​ជាច្រើនចូលរួម ដែលឃើញថា បុរី ប៉េងហួត បានក្លាយជាក្រុមហ៊ុន​ដ៏លេចធ្លោមួយ ដែលទទួលបាន​ពានរង្វាន់​​ច្រើនជាងគេ ពិសេស​គឺពានរង្វាន់ធំប្រចាំឆ្នាំ​ទៀតផង។

យោងតាមអ្នករៀបចំ​កម្មវិធី «IAIR AWARD» បានឲ្យដឹងថា បុរី ប៉េ​ង ហួត បានទទួលពានរង្វាន់ច្រើន​បែបនេះ ក៏ដោយសារតែក្រុមហ៊ុនមួយនេះ ជាក្រុមហ៊ុនអភិវឌ្ឍឈានមុខគេ ក្នុងវិស័យអចលនទ្រព្យ នៅប្រទេសកម្ពុជា និង បានផ្តល់សេវាកម្មគ្រប់ជ្រុងជ្រោយ ចំពោះគំរោងគ្រប់ប្រភេទចាប់តាំងពីឆ្នាំ ២០០៥មក។ ជាពិសេសបានអភិវឌ្ឍ​ គំរោងលំនៅឋាន និង​ផលិតផលប្រកប ដោយភាពច្នៃប្រឌិត ជាមួយនឹងគុណភាពខ្ពស់ សុវត្ថិភាព សោភ័ណភាព និង​បង្កើតទំនាក់ទំនងយូរអង្វែង ជាមួយអតិថិជន៕