(ភ្នំពេញ)៖ ចៅសង្កាត់ពន្សាំង ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រួមជាមួយមេភូមិ និងប្រជាជនមួយចំនួនទៀត បាននាំគ្នាធ្វើការ ចោទប្រកាន់ទៅលើលោកសុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅថាបានយកលុយ ចំនួន២០,០០០ដុល្លារ ទៅសូកអ្នកស្រីដើម្បីអោយ អ្នកស្រីចុះហត្ថលេខានៅលើលិខិតផ្ទេរកម្មសិទ្ធិដីធ្លី ចំនួន៤ប្លង់ដែលលិខិតនោះ មានស្នាមកោសលប់មានភាពមិនប្រក្រតី តែអ្នកស្រី មិនព្រមចុះហត្ថលេខា ទើបធ្វើអោយលោកសុខ សម្បត្តិ ខឹងក៏រៀប គម្រោងមិនអោយអ្នកស្រីបានឈរឈ្មោះជាបេក្ខភាពសំរាប់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់តែម្ដងទៅ តែលោកសុខ សម្បត្តិ បានអះអាងថាការមិនអោយអ្នកស្រីឈរឈ្មោះគឺជារឿង របស់ថ្នាក់លើ មិនមែនលោកជាអ្នកសំរេចនោះទេ។

រឿងរ៉ាវខាងលើនេះបានផ្ទុះឡើងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ម្សិលមិញនេះ បន្ទាប់ពីលោកស្រីចៅសង្កាត់ និងមេភូមិ អនុភូមិ ប្រមូលផ្តុំគ្នាធ្វើសន្និសីទកាសែត នៅលើដីទំនាស់មួយកន្លែង ដែលមានទំហំជិត១០០ហិកតា ។

លោកស្រី ឌី សារៀម ចៅសង្កាត់ពន្សាំងបានអះអាងថា លោកសុខ សម្បត្តិអភិបាលខណ្ឌព្រែកព្នៅ បានយកលុយ ចំនួន២ម៉ឺនដុល្លារ ឲ្យគាត់ដើម្បីឲ្យលោកស្រីចុះហត្ថលេខាទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិដីធ្លីចំនួន៤ប្លង់ ដែលមាន លក្ខណៈមិនប្រក្រតី(គូស លុប) និង ព្រំប្រទល់ដីខុសច្បាប់ ដែលស្ថិតនៅក្នុងភូមិចំនួន៧ ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។លោកស្រីបានបន្តទៀតថា មិនត្រឹមតែរឿងប៉ុណ្ណឹង ទេ លោកអភិបាលខណ្ឌបានប្រើពាក្យសម្តីមិនសមរម្យ ហើយដក សិទ្ធិអំណាចរបស់គាត់ថែមទៀតផង។

តែបើតាមលោកសុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅវិញ បានថ្លែងឲ្យដឹងថា ការលើកឡើងរបស់លោកស្រី ឌី សារៀម ចៅសង្កាត់ពន្សាំង វាមិនត្រឹមត្រូវនោះទេ ហើយលុយចំនួន២ម៉ឺនដុល្លារនោះ គាត់ពិតជាទទួលស្គាល់ថា យកទៅឲ្យលោកស្រី ចៅសង្កាត់ប្រាកដមែន តែលុយនេះ គាត់ស្នើសុំពី ឧកញ៉ា សុខ ហេង ដើម្បីឲ្យលោកស្រីយកទៅធ្វើការអភិវឌ្ឍន៍នៅក្នុងសង្កាត់ របស់ខ្លួនតែប៉ុណ្ណោះ។លុយទាំងនោះ ក៏បានបង្វិលទៅ លោកអភិបាលខណ្ឌវិញរួចហើយ ដើម្បីយកទៅប្រគល់ ឲ្យលោកឧកញ៉ាសុខ ហេង វិញ។

តំណាងប្រជាពលរដ្ឋ ដែលបានមកគាំទ្រលោកស្រីចៅសង្កាត់ បានបញ្ជាក់ថា តាមពិតដីរួមភូមិជិត១០០ហិកតានេះ ប្រជាពលរដ្ឋបាន លក់ទៅឲ្យឈ្មោះ លីវ សុខ ឈ្មោះ អួង និងឈ្មោះ អឹម សុភារី ដោយទទួលបានលុយគ្រប់ចំនួន តាមគ្រួសារនីមួយៗអស់ទៅហើយ ចុះហេតុ អ្វីបានជាលេចមុខឈ្មោះឧកញ៉ា សុខ ហេង មកកាន់កាប់នៅលើដីមួយនេះ ហើយលោកសុខ សម្បត្តិ ខ្នះខ្នែងអោយចៅសង្កាត់ដែលជា មន្ត្រីថ្នាក់ក្រោមរបស់ខ្លួន ចុះហត្ថលេខា លើឯកសារ មិនប្រក្រតីអោយឧកញ៉ាសុខ ហេង ដែលជាដើមចមអាចនាំអោយកើតទំនាស់ដី ធ្លីទៅថ្ងៃក្រោយបែបនេះទៅវិញ។

សូមបញ្ជាក់ថានៅក្នុងទឹកដីខណ្ឌព្រែកព្នៅឥឡូវ កំពុងមានភាពមិនប្រក្រតីជាច្រើនជាពិសេសពាក់ព័ន្ធរឿងដីធ្លីតែម្ដង ដោយសារតែដី នៅក្នុងខណ្ឌនេះកំពុងមានហាងឆេងតាមរយៈការឃុបឃិតគ្នាទិញលក់ដីបឹង ដូចជាដីបឹងតាមោក ដីបឹងសំរោងជាដើម ហើយដោយសារ តែដីបឹងនេះហើយ បានធ្វើអោយមន្ត្រីៗឈ្លោះគ្នា ព្រោះតែរឿងផលប្រយោជន៏ រត់ការទិញ លក់ ឬសុីញ៉េលក់ជាដើម៕