(ពោធិ៍សាត់)៖ សកម្មជនសំខាន់ៗ​ របស់គណបក្សសង្គ្រោះជាតិ (CNRP) បានដើរចេញពីគណបក្សជាបន្តបន្ទាប់ ដោយសារតែពួកគេអស់ជំនឿ លើការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំខុស។ ជាក់ស្តែង នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ សកម្មជនសំខាន់ៗប្រមាណ២៣រូប មកពី៤ភូមិ ក្នុងឃុំរំលេច ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងនោះ មានសកម្មជនប្រតិបត្តិភូមិ និងថ្នាក់ដឹកនាំភូមិ បានសម្រេចចិត្តចាកចេញពីគណបក្ស ហើយមកចូលរួមជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា។

ពិធីប្រកាសចូលរួមការងារជាមួយគណបក្សប្រជាកម្ពុជា ត្រូវធ្វើឡើងនៅសាលប្រជុំស្នាក់ការគណបក្សឃុំរំលេច ស្ថិតក្នុងឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោមវត្តមានលោក ខូយ សុខា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត លោក ហេង ចាន់ធួន អនុប្រធានគណៈពង្រឹងគណបក្សខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ការប្រកាសចូលរួមការងារជាមួយ CPP នាពេលនេះ មិនមែនជាលើកទី១ទេ ហើយតទៅមុខទៀត នឹងមានបន្ថែមទៀតបើលោក កឹម សុខា មិនលាលែងពីតំណែង ជាពិសេសរហូតដល់ថ្ងៃបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ។ សេចក្តីរាយការណ៍បន្តថា «នេះដោយសារតែសមាជិក CNRP ខកចិត្តដែលក្រុមការងាររៀបចំសមាជវិសាមញ្ញ ជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំ របស់គណបក្សសង្រ្គោះជាតិកន្លងទៅ គឺធ្វើឡើងយ៉ាងតក់ក្រហល់ និងពុំមានការគាំទ្រពីសមាជិក-សមាជិកា ភាគច្រើនរបស់ CNRP នោះទេ ពិសេសមកពីកូតាគណបក្ស សម រង្ស៊ី»

លោក ហេង ចាន់ធួន បានឲ្យដឹងផងដែរថា «គោលនយោបាយបក្សប្រឆាំង គឺមិនច្បាស់លាស់ទេ CNRP បានចោទ CPP និងបាននិយាយថា ត្រូវរើសមេឃុំបម្រើរាស្រ្ត កុំរើសមេឃុំបម្រើបក្ស តែពាក្យនេះគួរតែដាក់ឲ្យបក្សខ្លួនឯងទើបត្រូវ ហើយបក្សប្រឆាំងមានដែលបម្រើរាស្រ្តស្អីខ្លះ? ធ្វើអ្វីបានខ្លះ?»។ បើមេឃុំបក្សប្រជាជនកម្ពុជា ទើបបានបម្រើសរាស្រ្តពិតប្រាកដ រួមទាំងកសាង និងអភិវឌ្ឍន៍ភូមិ/ឃុំ ឲ្យមានការរីកចម្រើនដល់សព្វថ្ងៃ។

គួរបញ្ជាក់ថា នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ សមាជិកគណៈកម្មាធិការនាយក នៃគណបក្សសង្រ្គោះជាតិ លោក នេត ណាត បានចេញលិខិតចំហរមួយ ដោយប្រកាសមិនគាំទ្រ ចំពោះសមាជខុសច្បាប់របស់គណបក្សសង្រ្គោះជាតិ និងទាមទារឲ្យលោក កឹម សុខា លាលែងពីតំណែង៕