(ភ្នំពេញ)៖ ក្មេងកំព្រាមានបងប្អូន៧នាក់ ដែលត្រូវឪពុកម្ដាយស្លាប់ចោល ហើយរស់នៅជាមួយឪពុកមា-ម្ដាយមីង ព្រមទាំងសមាជិកក្រុមប្រឹក្សាខណ្ឌឫស្សីកែវម្នាក់ផងដែរ ដែលកំពុងធ្លាក់ខ្លួនឈឺក្រោយបំពេញភារកិច្ច បានទទួលបានសម្ភារ គ្រឿងឧបភោគ បរិភោគជាច្រើន និងថវិកាមួយចំនួន ពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ។

​សកម្មភាពមនុស្សធម៌ខាងលើនេះបានធ្វើឡើង ក្រោមការដឹកនាំផ្ទាល់ពី លោកស្រី អាន ផល្លា តំណាងលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីក្រុមការងារបណ្ដាញសមាគមនារី ទៅចុះសំណេះសំណាល និងសួរសុខទុក្ខ ដល់សមាជិកក្រុមប្រឹក្សាខណ្ឌឫស្សីកែវរូបនេះ កំពុងធ្លាក់ខ្លួនឈឺ ក្រោយបំពេញភារកិច្ចនៅត្រង់ចំណុចផ្លូវរថភ្លើង ក្រុមទី៤ និង នៅក្រុមទី១០ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកស្រី អាន ផល្លា បានថ្លែងថា បន្ទាប់ពីទទួលបានដំណឹងពីការស់នៅលំបាក មានការខ្វះខាត ក្នុងជីវភាព របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយគ្មានទីពឹង។ លោកស្រីក៏បាន រៀបចំទាំងសម្ភារ គ្រឿងឧបភោគបរិភោគ ក៏ដូចជាថវិកា ដើម្បីមកចែកជូន ក្នុងគ្រាអាសន្ន ដែលយើងគ្រប់គ្នាមិនចង់ជួបស្ថានភាពដូចនេះឡើយ។

លោកស្រី អាន ផល្លា បានថ្លែងឲ្យដឹងទៀតថា អំណោយដែលបានចែកជូនដល់ក្មេងកំព្រារួមមាន៖ អង្ករ៦០គីឡូក្រាម ឃីត១(មានមុង១ ភួយ១ កន្ទេល១) ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកក្រូច១កេស ស្ករស១គីឡូក្រាម តែ៥កញ្ចប់ ចានដែក១ ចាន់ស្រាក់១ ឆ្នាំងបាយ១ វែកបាយ១ ផ្ដិលទឹក១ អាវយឺត៧ ធុងទឹកកក១ ធុងជ័រ១ ជ្រុញ១ បំពង់ទឹកក្ដៅ១កំសៀវទឹក១ និងថវិការបស់ លោក ជា ពិសី អភិបាលខណ្ឌ ចំនួន១សែនរៀល។

លោកស្រីបន្ថែមថា អំណោយកាកបាទក្រហមកម្ពុជា ដែលបានផ្ដល់ជូនដល់សមាជិកក្រុមប្រឹក្សាខណ្ឌដែលធ្លាក់ខ្លួនឈឺរួមមាន៖អង្ករ៦០គីឡូក្រាម ត្រីខ១យួរ ទឹកក្រូច១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ និងថវិកា លោកអភិបាលខណ្ឌចំនួន២សែនរៀល។

លើសពីនេះលោកស្រី អាន ផល្លា និងលោក តាំ រចនា សមាជិកប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក៏បានចូលរួមឧបត្ថម្ភជាថវិកាចំនួន១សែន ៥ម៉ឺនរៀលទៀត ដល់ចាស់ជរា និងស្ត្រីដែលវង្វេងផ្ទះសម្បែង២នាក់ផងដែរ៕