(តាកែវ)៖ លោក ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានព្រមានដកហូតតំណែងប្រធានមន្ទីរពេទ្យ បើសិនមានការធ្វេសប្រហែស បណ្តាលឲ្យអ្នកជំងឺស្លាប់ដោយសារគ្មានគ្រូពេទ្យប្រចាំការ។ ជាមួយគ្នានេះលោកក៏បានបញ្ជាក់ថា ក្រសួងសុខាភិបាល នឹងដាក់វិន័យរដ្ឋបាល ចំពោះគ្រូពេទ្យណា ដែលមកធ្វើការមិនទាន់ម៉ោង ដើម្បីលប់បំបាត់បាតុភាពអសកម្មមួយចំនួន របស់ក្រុមគ្រូពេទ្យដែលមកបំរើការ នៅមន្ទីរពេទ្យមិនទាន់ពេលវេលា។

ការថ្លែងបែបនេះនៅក្នុងឱកាសដែលលោក ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញចូលរួមជាអធិបតី ក្នុងទិវាអភិវឌ្ឍន៍វេជ្ជសាស្រ្តបន្តលើកទី៦ ដែលបានធ្វើឡើងក្នុងសាលាខេត្តតាកែវ នាព្រឹកថ្ងៃទី២៣ ខែមីនា​ ឆ្នាំ២០១៧នេះ ។

លោក ធា គ្រុយ បានឲ្យដឹងថា មកពីកន្លងមកមានក្រុមគ្រូពេទ្យមួយចំនួន បានមកបំរើនៅមន្ទីរពេទ្យរដ្ឋ មានការយឺតយ៉ាវ និងមួយចំនួនទៀត មិនបានមកយាមប្រចាំការ នៅមន្ទីរពេទ្យឲ្យបានត្រឹមត្រូវថែមទៀតផង។ លោកថា «ពួកគេបានយកម៉ោងរបស់រដ្ឋ ទៅធ្វើការឲ្យគ្លីនិកឯកជនខាងក្រៅ»

លោកបន្តថា បញ្ហាអសកម្មរបស់ក្រុមគ្រូពេទ្យទាំងអស់នេះ រហូតដល់លោកប្រធានមន្ទីរពេទ្យខ្លះ បានពឹងពាក់លោកឲ្យជួយអប់រំ មន្រ្តីក្រោមឱវាទរបស់ខ្លួនថែមទៀត។ ដូច្នោះដើម្បីលប់បំបាត់ទង្វើមិនគោរពវិន័យរដ្ឋបាលនេះ ក្នុងពេលឆាប់ៗខាងមុខក្រសួង នឹងចាត់វិធានការរដ្ឋ ចំពោះក្រុមគ្រូពេទ្យមិនគោរពវិន័យទាំងអស់នោះ។

លោករដ្ឋលេខាធិការ ធា គ្រុយ បានបន្ថែមទៀតថា វិន័យរដ្ឋបាលដែល នឹងដាក់ទៅលើគ្រូពេទ្យលួចម៉ោងរបស់រដ្ឋនោះ គឺតាមរយៈការចេញលិខិតព្រមានដោយផ្ទាល់តែម្ដង ហើយបើមានបាតុភាពការធ្វេសប្រហេសរហូត ដល់មានអ្នកជំងឺស្លាប់ដោយសារតែ គ្រូពេទ្យមិនមកប្រចាំការនោះ គឺត្រូវដកតំណែងប្រធានមន្ទីរពេទ្យមុនគេតែម្ដង។

ជុំវិញបញ្ហាទាំងអស់នេះ លោក ធា គ្រុយ បានបញ្ជាក់ឲ្យដឹងថា ដូច្នោះប្រធានមន្ទីរពេទ្យត្រូវតែ ធ្វើការណែនាំអប់រំ ដ៏មន្រ្តីរបស់ខ្លួនឲ្យគោរពវិន័យរដ្ឋបាល ឲ្យបានត្រឹមត្រូវ ព្រោះប្រធានមន្ទីរពេទ្យ ជាអ្នកទទួលខុសត្រូវ ចំពោះមុខក្រសួងសុខាភិបាល៕