(ភ្នំពេញ)៖ ក្រោយពីបញ្ចប់ប្រតិបត្តិការ​ចុះត្រួតពិនិត្យទំនិញនៅ ក្នុងផ្សារទួលស្វាយព្រៃ​រួចមកនោះ​ មន្ត្រីកាំកុងត្រូលផែស្ងួត​ចុងទីភ្នំពេញ បានអំពាវនាវយ៉ាងទទូចដល់បងប្អូនអាជីវករទាំងអស់ នៅក្នុងរាជធានីភ្នំពេញ​ មុននឹងទទួលទំនិញផ្សេងៗ (គ្រឿងបរិភោគ)​មកលក់បន្ត ត្រូវធ្វើការពិនិត្យឲ្យបានច្បាស់ពីស្លាកសញ្ញា​ និងពេលវេលាកំណត់របស់ទំនិញនិមួយៗ​ ជាពិសេសអាជីវករដែលទិញលក់​ បន្លែ​ ត្រីសាច់​ ត្រូវស្គាល់ពីអាសយដ្ឋាន យីហោម្ចាស់ទំនិញ​ ដើម្បីងាយស្រួលពេល​មន្ត្រីជំនាញចុះ​ពិនិត្យឃើញ មានសារធាតុគីមី​ អាចបង្ក្រាប និងទប់ស្កាត់ទាន់ពេលវេលា​។

​គួរបញ្ជាក់ថា​ នៅព្រឹក​ថ្ងៃទី២២ ខែមីនា​ ឆ្នាំ២០១៧​  ដោយមានការណែនាំបន្ថែមពីលោក ពេញ ធារម្យ​ ប្រធានសាខាកាំកុង​ត្រូល​ផែស្ងួតចុងទីភ្នំពេញ បានបញ្ជាឲ្យមន្ត្រីសាខាផែស្ងួតចុងទីភ្នំពេញ​ សហការជាមួយជាមន្រ្តីមន្ទីរពាណិជ្ជកម្ម រាជធានី​ភ្នំពេញ និងអាជ្ញាធរដែនដី បានចុះត្រូតពិនិត្យទំនិញ ម្ហូបអាហារ នៅផ្សារទួលស្វាយព្រៃ​ និងតាមបណ្តាហាង​ស្តាម៉ាតស្ថិត​ក្នុងខណ្ឌចំការមន ដើម្បីស្វែងរកនូវសារធាតុគីមីហាមឃាត់ ដែលអាជីវករមួយចំនួនតូចបានប្រើប្រាស់​ ដែលជាកង្វល់របស់​បងប្អូនប្រជាពលរដ្ឋ​ ចំពោះសុវត្ថិភាពម្ហូបអារហារ​។

លោក​ គង់​ វុទ្ធី​ អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានដឹកនាំ​មន្ត្រីកាំកុងត្រូលបានធ្វើការណែនាំក្រុមអាជីវករ​ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស​ ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុ​ពុល និងម្ហូបអាហារ​  ហាមការដាក់តាំងផលិតផល ភេសជ្ជៈត្រូវកំដៅថ្ងៃ​ និងការដាក់លក់ផលិតផល​ហួសកាលបរិច្ឆេទ​ជាដើម។​

ទន្ទឹមនេះមន្ត្រីកាំកុងត្រូលក៏បានស្រាវជ្រាវរកវត្តមានអារហារបំប៉នឈ្មោះ​ PC ORGANIC តែជាលទ្ធផលយើង​ពុំបានជួប​ប្រទះឡើយ។​ លោក​បញ្ជាក់បន្ថែមថា​ ក្នុងប្រតិបត្តិការចុះពិនិត្យទំនិញនេះ​ មិនមានការដកហូតទំនិញអ្វីឡើយ​ ដោយសារ​ការធ្វើពិនិត្យទៅលើ​ បង្គាស្រល់​ មឹក​ ត្រីងៀត​ បន្លែ​ គុយទាវក្រៀម​ មីស្រល់​ នឹងត្រីសាច់ផ្សេងៗគ្មានការផ្ទុកនៅសារធាតុគីមី៕​