(ភ្នំពេញ)៖ មិនទាំងបានប៉ុន្មានថ្ងៃផងក្រោយពី យឹម សុវណ្ណ ព្រមានសមាជិកគណបក្សសង្រ្គោះជាតិថ្នាក់ឃុំ-សង្កាត់ ត្រូវបង់ថវិកា ជូនបក្សឱ្យបានទៀង ទាត់ ឥឡូវនេះផែនការបានចេញជាសកម្មភាពច្បាស់ហើយ ក្នុងទិសដៅកសាងមេឃុំបម្រើបក្សរបស់សង្រ្គោះជាតិ។

មន្រ្តីថ្នាក់ទាបមួយរូបរបស់គណបក្សសង្រ្គោះជាតិ មកពីកូតាសមរង្ស៊ី បានទម្លាយការពិតប្រាប់ឱ្យដឹងថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ គណៈកម្មាធិការប្រតិបត្តិគណបក្សសង្រ្គោះជាតិ រាជធានីភ្នំពេញ ដឹកនាំដោយលោក ម៉ន ផល្លា បានបើកកិច្ចប្រជុំមួយដើម្បីពិនិត្យ លើការ គ្រប់គ្រងថវិកា និងបង់ថវិកាដើម្បីត្រៀមរៀបចំក្នុងការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ ព្រមទាំងបានរៀបចំផែនការ បង្ខំឱ្យ បេក្ខជនឈរឈ្មោះ ដែលគិតថា មានសង្ឃឹមឈ្នះឆ្នោតទៅតាមលេខរៀង ដែលបេក្ខជនឈរឈ្មោះ។ ផែនការដែលធ្វើឱ្យមន្ត្រីជើងក្រោម របស់គណបក្សសង្រ្គោះជាតិ ដែលមកពីបក្សភ្លើងទៀន និងបក្សសិទ្ធិមនុស្ស កំពុងជ្រួលច្របល់ដោយបានកាត់ប្រាក់ខែពួកគេ ដែលបានទៅឈរ ឈ្មោះនៅគណបក្សសង្រ្គោះជាតិ។

មន្រ្តីថ្នាក់ទាបដែលមិនសប្បាយចិត្តនឹងមេរបស់ខ្លួនដដែលរូបនោះ បានបន្តទម្លាយឲ្យដឹងទៀតថា នៅក្នុងការឃោសនាបោះឆ្នោតខាងមុខ បន្ទាយព្រះអាទិត្យ នឹងចំណាយថវិកា ចំនួន៥០០០ ដុល្លារសម្រាប់សង្កាត់មាន ១១អាសនៈ ៣៥០០ ទៅ ៣៨០០ដុល្លារ សម្រាប់សង្កាត់មានអាសនៈ ៩ សង្កាត់ដែលមានអាសនៈ ៧ គ្រោងចំណាយថវិកាចំនួន ២៨០០ដុល្លារ ហើយសង្កាត់ដែលមានអាសនៈ៥ ត្រូវចំណាយថវិកាចំនួន ២៥០០ ដុល្លារអាមេរិក។ ថវិកាដើម្បីចំណាយនេះគឺបានមកពីបេក្ខជនដែលឈរឈ្មោះ ជាសមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងនោះ

* បេក្ខជនលេខ១ ត្រូវបង់ចំនួន១១០០ដុល្លារយ៉ាងតិច * បេក្ខជនលេខ២ ត្រូវបង់ចំនួន៩០០ដុល្លារ * បេក្ខជនលេខ៣ ត្រូវបង់ចំនួន៧០០ដុល្លារ * បេក្ខជនលេខ៤ ត្រូវបង់៦៥០ដុល្លារ * បេក្ខជនលេខ៥ ត្រូវបង់៦០០ដុល្លារ * បេក្ខជនលេខ៦ ត្រូវបង់២០០ដុល្លារ * បេក្ខជនលេខ៧ ត្រូវបង់១៥០ដុល្លារ * បេក្ខជនលេខ៨ ត្រូវបង់៥០ដុល្លារ * បេក្ខជនលេខ៩ ត្រូវបង់៥០ដុល្លារ * បេក្ខជនលេខ១០ ត្រូវបង់៥០ដុល្លារ * បេក្ខជនលេខ១១ ត្រូវបង់៥០ដុល្លារ ហើយបេក្ខជនលេខបម្រុង ត្រូវបង់២០ដុល្លារក្នុងម្នាក់ៗ។

កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៧ ថ្លែងនៅក្នុងពិធីជួបជុំជាមួយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នៅទីស្នាក់ការកណ្តាល គណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានព្រមានថា នឹងដកសមាជិកប្រឹក្សាឃុំសង្កាត់ ណាដែលទទួលបានតួនាទីហើយ មិនបង់លុយចូលបក្ស។​ ដោយបានព្រមានបេក្ខជនដែលឈរឈ្មោះក្នុងការ បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ថា «ត្រូវតែធ្វើការងារបម្រើបក្ស ត្រូវតែបង់ថវិកាជូនបក្ស និងត្រូវតែស្វែងរកភ្នាក់ងារ បក្សឱ្យបាន»។

លោក យឹម សុវណ្ណ បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំជឿថាថ្នាក់ដឹកនាំឃុំសង្កាត់នៅរាជធានីភ្នំពេញ នឹងចាប់ដៃគ្នាធ្វើការ គោរពសេចក្តីសម្រេចរបស់ បក្ស របស់ក្រុម....ឲ្យបានត្រឹមត្រូវ ធ្វើសកម្មភាពបង់ថវិកា រាល់ភ្នាក់ងារនេះជាកាតព្វកិច្ចយើងត្រូវធ្វើបន្ត ហើយសូមកុំបានតួនាទី បានកៅអីហើយ ស្អីក៏មិនធ្វើ លុយក៏មិនបង់ ភ្នាក់ងារក៏រកមិនបាន ពួកយើងខ្ញុំរក្សាសិទ្ធិនៅក្នុងការពិនិត្យមើល បេក្ខភាពទាំងអស់នោះឡើងវិញ»

លើសពីនោះលោក យឹម សុវណ្ណ បានទទួលស្គាល់ថា គណបក្សប្រឆាំង បានជួបផលវិបាក ក្នុងការរៀបចំបេក្ខជនសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នៅមូលដ្ឋានរាជធានីភ្នំពេញ។ លោក យឹម សុវណ្ណ បានថ្លែងយ៉ាងដូច្នេះថា «នៅរាជធានីភ្នំពេញនេះ ការរៀបចំបេក្ខជន គឺមានការលំបាកខ្លាំងមែនទែន ខ្ញុំទទួលស្គាល់ ខុសពីខេត្តដទៃ ពីព្រោះពីខេត្តមួយទៅខេត្តមួយ មានស្ថានភាព មានប្រវត្តិ ខុសៗគ្នា អញ្ចឹងហើយបានជា នៅរាជធានីភ្នំពេញនេះ មានការលំបាកបន្តិច»។

មន្រ្តីថ្នាក់ទាបដែលអន់ចិត្តមេដឹកនាំថ្មីរបស់ខ្លួន បានទម្លាយថែមទៀតថា រឿងស្រដៀងគ្នានេះបានត្រូវបានគេដឹងថា បាននិងកំពុងកើតឡើងនៅគ្រប់ខេត្តទាំងអស់ ហើយបង្កឱ្យការមិនសប្បាយចិត្តយ៉ាងខ្លាំង នៅក្នុងចំណោមសមាជិកខ្លួន និងបានចោទថា មេដឹកនាំបក្សប្រឆាំង ដើរសន្យាឱ្យលុយរាស្ត្រ ចែកលុយឱ្យមួយឃុំ៥០ម៉ឺនដុល្លារ ប៉ុន្តែម៉េចបានជាត្រូវរៃអង្គាសលុយពីសមាជិកខ្លួនទៅវិញ ខណៈសមាជិកខ្លះមានការលំបាកក្នុងជីវភាព? ប្រឈមមុខនឹងបញ្ហានេះ ក្រុមមន្ត្រីបក្សប្រឆាំងអាចស្រែកនូវសារអ្វីដែលខ្លួនធ្លាប់ស្រែក ទី១៖ បន្ទាយព្រះនៅតែសាមគ្គីគ្នាដដែល ហើយសំខាន់គឺ ទី២-សូមបងប្អូនទ្រាំបន្តិចទៀត យើងនឹងឈ្នះហើយ។ ដូច្នេះត្រូវបន្តលក់ខ្ចេចលក់ខ្ចីនូវទ្រព្យសម្បត្តិបងប្អូនមាន បន្តទៀតដើម្បីផ្គត់ផ្គង់ស្បៀងដល់បន្ទាយយើង។ ពេលឈ្នះ យើងនឹងទទួលបាននូវជ័យភណ្ឌវិញហើយ!!

មន្រ្តីថ្នាក់ទាបកូតា សម រង្ស៊ី ដដែលនោះបានរៀបរាប់ទាំងឈឺចាប់ថា បេក្ខជនមួយចំនួនមានតែខ្ចីបុលគេ ឬលក់គោក្របី ដីស្រែចម្ការដើម្បីយក មកឱ្យបក្ស សិននិងរង់ចាំបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ហើយ អ៊ុតមើលថា តើនឹងមានឈ្មោះជាប់ឆ្នោតដែរឬអត់?

ទី១៖ ប្រសិនបើមានឈ្មោះជាប់ឆ្នោត នោះអាចមានសង្ឃឹម ព្រោះអាចមានលទ្ធភាព រកប្រាក់សងគេវិញ។ ចុះបើខំប្រឹងរក លុយសងគេវិញ និងត្រូវបង់វិភាគទានប្រចាំខែឆ្នាំជូនបក្ស តើមានប្រភពថវិកាមកពីណា? កុំប្រាប់ថា រកអីរកទៅឱ្យតែបានលុយជួយបក្សណា!?

២៖ ចុះបើមិនជាប់ឆ្នោតវិញទេ ស្ថានភាពនឹងទៅជាយ៉ាងណា? គឺស្ថានភាពខ្លួនឯង និងក្រុមគ្រួសារនឹងយ៉ាប់យឺនជាងពេលនេះទៅទៀត ព្រោះ លុយដែលខ្ចីគេនឹងកើនការប្រាក់កាន់តែច្រើន មិនដឹងយកលុយពីណាទៅសង លក់គោក្របីអស់ពីផ្ទះ ពេលធ្វើស្រែចម្ការបានគោក្របី ឯណាទឹមដើម្បីភ្ជួររាស់ ដឹកកណ្តាប់ មានតែជួលកម្លាំង ឬគ្រឿងចក្រគេមកភ្ជួររាស់ច្រូតកាត់ ហើយត្រូវសងថ្លៃឈ្នួលគេវិញ ហើយបើគ្មានលុយទៅលោះដីស្រែចម្ការមកវិញ តើមានដីឯណាដាំដំណាំ នឹងមិនធ្វើឱ្យគ្រួសារកាន់តែវេទនា ថែមទៀត កូនប្រពន្ធរងគ្រោះ គ្មានអ្វីហូប ពេលនោះប្រាកដជាវេទនាខ្លាំង ដោយសារតែបក្សព្រោះបក្ស បានសន្យាផ្តល់តួនាទី។ នេះមិនគិតពីត្រូវចំណាយលុយធ្វើដំណើរឡើង មកបាតុកម្មតវ៉ាលទ្ធផលទៀតផង។

អ្នកដែលមានជីភាពធូរធារគឺថ្នាក់ដឹកនាំគ្រាក់ៗនៅខាងលើឯណេះ មានទាំងលុយ ឡាន វីឡាស្កឹមស្កៃ មានដីចម្ការម្រេចថែមទាំងមានលុយ ឱ្យនារីកំណាន់ចិត្តដែលខ្លួនចិញ្ចឹមទៀត ហើយអ្នកខ្លះផ្ញើលុយឱ្យស្រីកំណាន់ច្រឡំលេខទូរស័ព្ទប្តីរបស់គេក៏មាន។ ការគៀបសង្កត់សមាជិកឱ្យ បង់លុយនេះក៏បាន បង្ហាញច្បាស់ថា ប្រភពថវិកាមកពីខាងក្រៅរបស់ខ្លួនមានការថយចុះ ថយចុះទាំងអ្នកគាំទ្រ ថយចុះទាំងហិរញ្ញវត្ថុ ខណៈក្នុងការជួបជុំម្តងៗមានមិនមានមនុស្សច្រើនចូលរួមទេ ហើយថវិការៃអង្គាសក៏មិនបានច្រើនផង។ ហេងស៊យ មិនបានរួចថ្លៃជួលរោង ឬសងថ្លៃសំបុត្រយន្តហោះធ្វើដំណើរទៅផងក៏មិនដឹង។ ហេតុដូច្នេះហើយបានជាសមាជិកនៅក្នុងស្រុកខំនាំគ្នារៃអង្គាសប្រាក់ ខ្លះកាត់ប្រាក់ខែ ក្រុមប្រឹក្សាដែលឈរឈ្មោះទៀតដើម្បីយកលុយមកទប់ នឹងការចំណាយរបស់បក្ស៕

សូមស្តាប់ការលើកឡើងរបស់លោក យឹម សុវណ្ណ ព្រមានដកសមាជិកក្រុមប្រឹក្សាវិញ ប្រសិនបើគ្មានលុយបង់ចូលបក្ស៖