(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ជាខួបទី៤៧ឆ្នាំ នៃថ្ងៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ចេញពីអំណាច ដោយមានការគាំទ្រពីមហាអំណាច, ជុំវិញបញ្ហានេះលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញលិខិតចំហរមួយថា «តើកម្ពុជាទទួលបានបទ ពិសោធន៍ធ្វើអ្វីខ្លះពីព្រឹត្តិការណ៍ ១៨ មីនា ឆ្នាំ១៩៧០»

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញលិខិតមួយដោយបានរៀបរាប់អំពីព្រឹត្តិការណ៍ និងបទពិសោធន៍ធ្វើអ្វីខ្លះដែលកម្ពុជា ទទួលបានពីព្រឹត្តិការណ៍ ១៨ មីនា ឆ្នាំ១៩៧០។ ខាងក្រោមនេះខ្លឹមសារទាំងស្រុង៖

តាមរយៈប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងប្រធានគណបក្សកម្ពុជា បានលើកឡើងថា «ថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ជាថ្ងៃចាប់ផ្តើម នៃសោកដកម្ម និងវិនាសកម្ម ខ្មែររាប់ទាំងការបំផ្លាញជីវិត និងធនធានកម្ពុជា ជាប់ជាមួយ​និងបំណុលឈាម ជីវិតដែលសហរដ្ឋអាមេរិក ជ្រៀតជ្រែកបញ្ហានយោបាយ និងអព្យាក្រឹត្យរបស់កម្ពុជា»រួមគ្នាជាសម្ងាត់​ធ្វើរដ្ឋប្រហារទម្លាក់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះនរោត្តមសីហុន។ នោះមិនទាន់គិតពីការបង្កើតចលនាឧទ្ទាមខ្មែរសេរី វិទ្យុឧទ្ទាមខ្មែរសេរី និងចលនា ដាប ឈួន សឺន ង៉ុកថាញ់ សម សារី ពីទិសខាងលិចជាប់ជាមួយ និងប្រទេសថៃ និងខាងកើតជាប់ជាមួយប្រទេសវៀតណាមខាងត្បូង។

តាមអត្ថន័យ នៃសារនយោបាយរបស់សម្តេចតេជោ លោកបានលើកឡើងពីអព្យាក្រឹត្យ ឯករាជ្យ និងអធិបតេយ្យភាពជាតិ ជាគោលសសរស្តម្ភ របស់ប្រជាជាតិកម្ពុជា ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ និងជាជម្រើសតែមួយគត់របស់កម្ពុជា នៅក្នុងបរិបទភូមិសាស្រ្តនយោបាយ។ កំហុសឆ្គងនយោបាយកម្ពុជា គឺមិនត្រឹមតែ ការចូលរួម ជាមួយនិងមហិច្ឆតារបស់បរទេសប៉ុណ្ណោះទេ ក៏ប៉ុន្តែសណ្តាប់ធ្នាប់ នយោបាយផ្ទៃក្នុង កម្ពុជាក៏មានភាពស្មុគស្មាញ ដែលមិនឆ្លើយតបទៅនិងបាវចនានយោបាយបរទេស របស់កម្ពុជានោះឡើយ ដែលបានបង្កើតអោយមាន «ខ្មែរខៀវ ខ្មែរក្រហម ខ្មែរស៊ីជម្ពូ»ជាដើម។ បច្ចុប្បន្ននេះ គឺផលដែលកើតចេញពីជោគជ័យ ថ្ងៃ៧មករា ១៩៧៩ នៃការរំដោះជីវិតខ្មែរ ការពារជីវិតខ្មែរ ជាមួយនិងកិច្ចបង្កើត និងពង្រឹងរដ្ឋអំណាច នៃប្រជាជាតិ ដែលខ្ទេចខ្ទាំ ទើបតែចេញពីសង្រ្គាម គឺដើម្បីប្រយោជន៍ខ្មែរតែមួយ ក្នុងការផ្សះផ្សាជាតិ រក្សាសន្តិភាព និងសក្តានុពល នៃកិច្ចអភិវឌ្ឍជាក់ស្តែងរបស់ខ្មែរ។

តាមរយៈជីវប្រវត្តិរបស់សម្តេចវិបុលបញ្ញា សុខ អាន យើងប្រាកដជាបានយល់ច្បាស់ពីបំណង និងជំហររបស់គណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំកំពូលៗ ជាពិសេសសម្តេចតេជោ ដែលបានបង្កើតយន្តការ «គណកម្មាធិការ សន្តិភាពកម្ពុជា នៅឆ្នាំ១៩៨២» នោះមិនគិតពី បាវចនាគណបក្សប្រជាជនកម្ពុជា «ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម» នោះផង។

សួរថាតើយើងបានដឹងនិងធ្វើអ្វីខ្លះ បន្ទាប់ពីសង្រ្គាមនិងការបញ្ចប់សង្រ្គាម បន្ទាប់ពីរដ្ឋប្រហារ ១៨ មីនា ១៩៧០? ខ្ញុំបាននឹកឃើញ គឺនៅឆ្នាំ ២០០០ ឯកឧត្តមសមាជិក ព្រឹទ្ធសភា និងអតីតរដ្ឋមន្រ្តីរបស់លោកសេនាប្រមុខ លន់ នល់ បានលើកឡើងថា «នយោបាយបរទេសខ្មែរ គឺនៅតែធ្វើដដែលៗ រាល់គ្រប់របបដែលបានចែងថា «អព្យាក្រឹត ឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី» ក៏ប៉ុន្តែចាប់តាំងពី ថ្ងៃ៧មករា ឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ននេះ ដែលរាប់បញ្ជូលជាមួយនិងការកំណត់តាមឆន្ទៈខ្មែររួមរបស់ខ្លួន នៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន នៃរយៈកន្លង មកនោះគឺសន្តិភាព ជាគោលដៅ និងអធិបតេយ្យភាព របស់ខ្លួន។ យើងទាំងអស់គ្នាចង់បាន និងប្រឹងប្រែងមិនថា ប្រជាពលរដ្ឋក្នុងស្រុក ឬក៏អ្នកដើមកំណើតខ្មែរ ដែលទទួលរងគ្រោះចាប់ផ្តើមពីព្រឹត្តិការណ៍ ១៨មីនា ១៩៧០ហើយគេចរត់ទៅរស់ជ្រកកោន នៅប្រទេសដទៃផងដែរ គឺកត្តា សន្តិភាពនេះឯង។

ស្ថានភាពនយោបាយបច្ចុប្បន្ន ដែលយើងរក្សាបានចាប់ផ្តើមពីការស្តារឡើងវិញ និងអភិវឌ្ឍស្ថានភាពនយោបាយពហុបក្ស ជាមួយនិងដែនកំណត់ សណ្តាប់ធ្នាប់នយោបាយ ដូចដែលបានចែង នៅក្នុងរដ្ឋធម្មនុញ្ញ បច្ចុប្បន្ន ក៏ដូចជាច្បាប់ និងផលប្រយោជន៍របស់ខ្មែរ គឺពិតណាស់យើងស្ដារ បានមួយជំហានយ៉ាងធំ ក៏ប៉ុន្តែភាពប្រឈម និងកម្ពុជាបច្ចុប្បន្ន គឺផ្នត់គំនិតអ្នកនយោបាយមួយចំនួន គឺកំពុងតែស្ថិតនៅក្នុងអតីតភាព នៃឥទ្ធិពលនយោបាយភូមិសាស្រ្ត ដែលបរទេសកៀរគរ ស្វែងយកឥទ្ធិពល និងផលប្រជយោជន៍របស់គេផ្ទាល់។

ទិដ្ឋភាពនយោបាយបច្ចុប្បន្ន គឺកម្ពុជាមានតែពីរក្រុមគត់ ដែលមាននិន្នាការខុសគ្នា រវាងភូមិសាស្រ្តនយោបាយ និងភូមិសាស្រ្តសេដ្ឋកិច្ច គឺរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្ស ដែលគេយល់ខ្លួនគេថា ជាគណបក្សប្រឆាំង។ នេះជាវិជ្ជមានមួយបន្ទាប់ពីការស្ដារឡើងវិញ ក្នុងវិស្ស័យសណ្តាប់ធ្នាប់នយោបាយ ឆ្លើយតប និងគោលការណ៍រដ្ឋធម្មនុញ្ញ។ កម្ពុជា នៅតែមានការប្រឈមដដែលពីការជ្រៀតជ្រែក ឬឈ្លានពាន អធិបតេយ្យភាព បូរណភាពទឹកដី ជាមួយនិងការឈ្លានពានរំលោភលើការសម្រេចចិត្តរបស់ប្រជាពលរដ្ឋខ្មែរ។

បរិបទថ្មី នៃការពិសោធន៍កម្ពុជាបច្ចុប្បន្នគឺ៖

យើងមានគណបក្សនិន្នាការប្រឆាំង ដែលមានការគាំទ្រជាប្រយោល ពីសំណាក់បរទេសខាងក្រៅ ដូចសម័យកាលសង្គមរាស្រ្តនិយមដូចតាមរយៈ ប្រព័ន្ធឃោសនា វិទ្ធង្សនា ដែលប្រើប្រាស់ខេមរភាសា និងរលកអាកាសកម្ពុជាក្នុងកិច្ចយុទ្ធនាការប្រឆាំងជាអចិន្ត្រៃយ៍ តាមរយៈការប្រឌិត អុជអាល និងញុះញង់ ដូចគ្នាកាលពីពេលមុន ព្រឹតិ្តការណ៍ ១៨មីនា ឆ្នាំ១៩៧០ផងដែរ។ ក្នុងពេលនេះផងដែរ ក៏មានភ្នាក់ងារបរទេសបង្កប់ខ្លូន នៅតាមបណ្តាញ សារព័ត៌មាន ភាសាអន្តរជាតិ ក៏ដូចជាការចូលរួមបង្កើតអង្គការ ឬក្រុមបម្រើផលប្រយោជន៍របស់គេផ្ទាល់ ក៏ដូចជា ជម្រុញអោយមានចលនាមហាជន ប្រាសចាកពីគោលការណ៍នីតិរដ្ឋរបស់ខ្មែរ។

ចលនាមហាជន ក៏ដូចជាសកម្មភាពដទៃទៀត គឺមានបំណងធ្វើអោយបែកបាក់សង្គម ញែករាស្រ្ត ចេញពីរដ្ឋតាមរយៈសារជាតិប្រឌិត និងសកម្មភាពញុះញង់ ដែលជាទិសដៅ ធ្វើអោយគេឃើញថាកម្ពុជាឋិតនៅក្នុងភាព សោដនាកម្ម នៃភាពរងគ្រោះដែលគេមិនខ្លាច និងកៀរគរ ចោទកម្ពុជាថាជារបបផ្តាច់ការ ឬសង្គមតិរិច្ឆាននោះទេ។ នេះជាហេតុផល នៃការឈ្លានពានពីសំណាក់ខាងក្រៅជាអចិន្ត្រៃយ៍។

សកម្មភាពថ្មី រូបភាពថ្មី ប៉ុន្តែតាមរយៈយុទ្ធសាស្រ្តចាស់ ក្នុងការធ្វើចលនាវិទ្ធង្សនា ទាំងការប្រឹងប្រែងប្រឌិតព័ត៌មាន​ប្រឌិតរបាយការណ៍ ដែលត្រូវបានបន្ទរ តាមរយៈប្រព័ន្ធចលករក្នុងស្រុក និងក្រៅស្រុក នេះជាការរំលោភ ឬឈ្លានពានអធិបតេយ្យភាពកម្ពុជាជាក់ស្តែង។អ្វីដែលជាបទពិសោធន៍របស់យើងជាខ្មែរ មិនត្រឹមតែបំណុលឈាម និងជិវិត យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីម្ចាស់ឈួញសង្រ្គាមនោះទេ ក៏ប៉ុន្តែយើងយល់ច្បាស់ពីល្បិចកលពិសពុលរបស់គេ ដែលសម្តេចតេជោ លោកតែងតែបានលើកឡើង «ទោះជាតម្លៃណាក៏ដោយក៏មិនអនុញ្ញាត ជាដាច់ខាត អោយមានចលនាបដិវត្តពណ៌ ទោះជាក្នុងរូបភាពណាក៏ដោយ»«សុបិន្តអាក្រក់ ដែលកើតចេញពីបំណុលជិវិត និងឈាម ដែលកំពុងញាំញីខ្មែររាល់យប់ថ្ងៃ» នេះគឺជាបទពិសោធន៍ពិតប្រាកដរបស់កម្ពុជា ដែលកើតចេញពីព្រឹត្តិការណ៍ ១៨មីនា ឆ្នាំ១៩៧០។  អ្វីដែលកម្ពុជាជ្រើសរើស គឺមិនយកឥទ្ធិពលការប្រកួតប្រជែងក្នុងសមរភូមិ ភូមិសាស្រ្តនយោបាយ​នោះទេ គឺកម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចតេជោ គឺជ្រើសរើសយក និងថែរក្សាភូមិសាស្រ្តសេដ្ឋកិច្ច តាមរយៈកិច្ចសហប្រតិបត្តិការណ៍ ក្នុងទិសដៅរក្សា និងពង្រឹងសន្តិភាព ទាំងក្នុងប្រទេសរបស់ខ្លួន ក្នុងតំបន់ ក៏ដូចជាំអន្តរជាតិ ដែលពិតប្រាកដឈរលើការគោរពប្រយោជន៍ទៅវិញទៅមក៕