(កំពង់ឆ្នាំង)៖ កញ្ញា ស្រីស្រស់ ដែលពិការដេកលើគ្រែតាំងពីកំណើត រហូតអាយុជិត៣០ឆ្នាំ បានដេកយំរហូតដល់ ស្លាប់បាត់ប​ង់ជីវិត កាលពីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ នៅក្នុងផ្ទះរបស់ខ្លួន នៅឯខេត្តកំពង់ឆ្នាំង ខណៈម្តាយ ដែលជាអ្នកមើលថែទាំជាប្រចាំ បានមកដេកពេទ្យនៅរាជធានីភ្នំពេញ។

ស្រីស្រស់ វ័យ២៦ឆ្នាំ មានជំងឺ បូលីយ៉ូ (Polio) ឬខ្វិនកម្រើកដៃជើងមិនបានតាំងពីកំណើត ហើយដោយដេកលើកន្ទេល ជាង២០ឆ្នាំមកនេះ នាងមានដំបៅខ្នង។ ពេលដឹងថា ម្តាយមានគ្រោះថ្នាក់ ហើយមិននៅក្បែរខ្លួនជិត១០ថ្ងៃមកនេះ ស្រីស្រស់បានយំទាំងយប់ទាំងថ្ងៃ ហើយដេកស្លាប់នៅក្បែរបងស្រីកាលពីយប់មិញនៅផ្ទះ ក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង។

ចំណែកឯ ស្រីល័ក្ខ អាយុ៣៤ឆ្នាំ ជាបងស្រីរបស់ ស្រីស្រស់ ក៏ខ្វិនកម្រើកដៃជើងមិនរួចតាំងពីកំណើតដូច ស្រីស្រស់ ដែរ គឺមិនអាចជួយប្អូនបាន ក្រៅតែពីស្រែកយំ។  ស្រីល័ក្ខ បានដេកជាប់សពប្អូនស្រី ដែលគ្មានថ្ងៃវិលវិញ ព្រោះថា រយៈពេល២៦ឆ្នាំមកនេះ បងប្អូនស្រីទាំងពីរបានដេកទន្ទឹមគ្នានៅលើកន្ទេលតែមួយ ហើយពេលនេះត្រូវបែកគ្នារហូត ហើយបងស្រីទំនងជាមិនមានម្តាយមើលថែទាំទៀតឡើយ។

អ្នកស្រី ឈុំ សុភ័ក្រ ជាម្តាយ មានគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបុកដួល ហើយបោកក្បាលកាលពីរសៀលថ្ងៃទី៨ មីនា នៅក្បែរផ្ទះរបស់ខ្លួន ហើយត្រូវបានប្តីយកមកវះកាត់ក្បាលនៅមណ្ឌលវិទ្យាសាស្រ្តសហគមន៍ នៅជាប់មន្ទីរពេទ្យសម្តេចឪ លើមហាវិថីកម្ពុជាក្រោម រាជធានីភ្នំពេញ នៅថ្ងៃបន្ទាប់ ក្រោយពីមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងគ្មានលទ្ធភាពព្យាបាល។

បើតាមការបញ្ជាក់ពីគ្រូពេទ្យបានឲ្យដឹងថា  ក្រោយពីវះកាត់ក្បាលយកឈាមកកចេញហើយ អ្នកស្រី ឈុំ សុភ័ក្រ មិនអាច កម្រើកមួយចំហៀងខ្លួន ហើយត្រូវសុងទុយូ ដើម្បីបញ្ចូលអាហារ ព្រោះអ្នកស្រីមិនដឹងខ្លួន និងបើកមាត់មិនបាន។

លោក ជេត ចាន់ឌី ជាអតីតមន្រ្តីនគរបាលខេត្តកំពង់ឆ្នាំង ដែលបានចូលនិវត្តន៍ កាលពីខែកុម្ភៈឆ្នាំមុន បាននិយាយដោយអួលដើមកថា «ទុក្ខផ្ទួនៗ ហើយសែនស្រណោះពន់ពេកចំពោះកូនស្រី ដែលដេកស្លាប់ដោយគ្មានឪពុកម្តាយនៅក្បែរ»

និយាយបណ្តើរស្រក់ទឹកភ្នែកបណ្តើរ ជេត ចាន់ឌី បានអំពាវដល់សប្បុរជនជួយគាត់ផង ពិសេសភរិយានៅក្នុងមន្ទីរពេទ្យ។  
លោកថា លោកនឹងទៅភ្នំពេញវិញ ក្រោយពីបូជាសពកូនស្រីរួចរាលនៅថ្ងៃសៅរ៍នេះ ខណៈដែល ស្រីល័ក្ខ ជាកូនច្បងក៏ កំពុងមានសុខភាពមិនល្អដែរ។ ទាំង ស្រីល័ក្ខ អាយុ៣៤ឆ្នាំ និង ស្រីស្រស់ ដេកលើកន្ទេល គឺមានតែម្តាយទេជាអ្នកថែទាំផ្ទាល់ តែឲ្យឥឡូវ ម្តាយបែរជាមានបញ្ហាថែមទៀត។ នៅឯមណ្ឌលវិទ្យាសាស្រ្តសហគមន៍ គ្រូពេទ្យស្កែន និងចេញវិក័យបត្រថ្នាំរហូត ហើយបូមខួរឆ្អឹងខ្នងឲ្យគ្រួសារអ្នកជំងឹយកទៅពិនិត្យ ដោយខ្លួនឯង នៅមន្ទីរពេទ្យកាល់ម៉ែត៕