(ពោធិ៍សាត់)៖ កម្លាំងនគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍ផ្ទះព្រៃ បានចុះប្រតិបត្តិការ ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ដែលជាមន្ត្រីយោធា បម្រើការងារនៅតំបន់ប្រតិបត្តិការសឹករងខេត្ត ក្នុងនោះបានដកហូតថ្នាំញៀនមួយចំនួនធំ និងឧបករណ៍បម្រើឲ្យការជួញដូរជាច្រើនទៀត។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅចំណុចក្នុងពន្ធនាគារ ស្ថិតក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ត្រី យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរនូវសារធាតុញៀនខាងលើនេះ កម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ឹម សុធារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមន្ត្រីយោធា បម្រើការងារនៅតំបន់ប្រតិបត្តិការសឹករងខេត្ត បច្ចុប្បន្នរស់នៅភូមិសង្កាត់កើតហេតុខាងលើ។

លោកអធិការបន្តថា វត្ថុតាងដែលដកហូតបានរួមមាន ម្សៅក្រាមព័ណ៌សថ្លា សង្ស័យថាសារធាតុញៀន ០១កញ្ចប់ធំ និង១កញ្ចប់តូច ទូរស័ព្ទដៃចុចពិល ០១គ្រឿង ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ១គ្រឿង ម៉ូតូHonda ព័ណ៌ខ្មៅ ០១គ្រឿង លុយខ្មែរ ១០ម៉ឺនរៀល និងសម្ភារបម្រើឲ្យការជួញដូរមួយចំនួនទៀត។ លោកអធិការបន្តទៀតថា ការដែលឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងតាមបញ្ជាផ្ទាល់របស់លោក តង់ សីហតេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ខណៈដែលជនសង្ស័យកំពុងទៅសួរសុខទុកប្អូនប្រុស នៅក្នុងពន្ធនាគារខេត្តពោធិ៍សាត់។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវកម្លាំងនគរបាលបំពេញនីតិវិធី ដើម្បីបញ្ជូនឱ្យជំនាញខេត្តចាត់ការបន្ត៕