(កណ្តាល)៖ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈពង្រឹងថ្នាក់កណ្តាល ចុះជួយឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល លោក ឆេង គឹមសុន បានអំពាវនាវទៅកាន់សមាជិករបស់ខ្លួន ឲ្យបង្កើនការយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ព្រោះពលរដ្ឋនៅមូលដ្ឋាន ជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ដោះស្រាយជាបន្ទាន់។

ការលើកឡើងនេះ ធ្វើឡើងក្នុងពេលចុះសួរសុខទុក្ខសមាជិក សមាជិកា ដែលកំពុងមានជំងឺ និងជួបជាមួយប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ នាស្រុកមុខកំពូល ខេត្តកណ្តាល។

លោក ឆេង គឹមសុន បានបន្តថា ចំពោះអ្នកដែលមានឈ្មោះក្នុងបញ្ជីជ្រើសរើសលេខរៀង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ មិនត្រូវធ្វើឲ្យប្រជាពលរដ្ឋខកបំណងឡើយ គឺត្រូវខិតខំឲ្យអស់កម្លាំងកាយចិត្ត តាមដែលអាចធ្វើទៅបាន។

សូមបញ្ជាក់ថា ការជ្រើសរើសលេខរៀង និងប្រកាសសមាសភាពគណៈពង្រឹងថ្នាក់កណ្តាល ចុះជួយឃុំស្វាយអំពារ ស្រុកមុខកំពូល នាពេលនេះ អនុលោមទៅតាមតាមសេចក្តីសម្រេច របស់គណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល។

បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលរួច គណៈពង្រឹងថ្នាក់កណ្តាល ចុះជួយឃុំស្វាយអំពារ ក៏បានបន្តចុះពិនិត្យមើលស្ថានភាពរស់នៅ របស់ប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាតជាក់ស្ដែង ដើម្បីធ្វើរបាយការណ៍ជូនទៅថ្នាក់លើធ្វើការដោះស្រាយ៕