(ភ្នំពេញ)៖ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ ជាខួបលើកទី៤៧ នៃថ្ងៃធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ ចេញពី​អំណាច, លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានទម្លាយព័ត៌មានមួយចំនួន និងដើមចមដែលឈានដល់​ការធ្វើរដ្ឋប្រហារ ព្រមទាំងបានអះអាងថា សហរដ្ឋអាមេរិកបាន ទម្លាក់គ្រាប់បែកដោយសំងាត់ និងចំហរជាង៨ឆ្នាំមុនការធ្វើរដ្ឋប្រហារ។ ដោយសហរដ្ឋអាមេរិកបានចាប់ ទំលាក់គ្រាប់បែកជាសំងាត់ តាំងពីឆ្នាំ១៩៦៣ ហើយទំលាក់គ្រាប់កាន់តែចំហរចាប់ពីថ្ងៃទី០៥​ ខែតុលា ឆ្នាំ១៩៦៥​ ហើយទំលាក់ធ្ងន់ធ្ងរបំផុត ចាប់ពីក្រោយ ថ្ងៃរដ្ឋប្រហារក្នុងឆ្នាំ១៩៧០។

អគ្គនាយកស៉ីម៉ាក់ លោក ហេង រតនា បានបញ្ជាក់យ៉ាងច្បាស់ថា ការទម្លាក់គ្រាប់បែករបស់អាមេរិកលើទឹកដីខ្មែរ និងការជ្រោម​ជ្រែងឲ្យមាន រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សហីនុ ពីសំណាក់មហាអំណាចអាមេរិក បាននាំឲ្យកម្ពុជាធ្លាក់ចូលរបស់​ប្រល័យពូជសាស្ត្រ នាំឲ្យស្លាប់ប្រជាជន ស្លូតត្រង់ជាង៣លាននាក់ ដែលជាប្រវត្តិសាស្ត្រដ៏អាក្រក់បំផុតរបស់ពិភពលោក។

លោក ហេង រតនា បានសរសេររៀបរាប់ទាំងស្រុងយ៉ាងដូច្នេះថា៖ «ថ្ងៃទី១៨ ខែមីនានេះ​ ជាថ្ងៃខួបនៃការធ្វើរដ្ឋប្រហារ​នៅ​កម្ពុជា​ (១៨​ មីនា​ ១៩៧០-២០១៧)​ រយៈពេល៤៧ឆ្នាំ​ ការឈឺចាប់​ក្តីសោកដនកម្ម​ ការកាប់សម្លាប់គ្នាក្នុងសង្គ្រាម​ របបប្រល័យ​ពូជសាន៍​ខ្លួនឯង​ បានកើតឡើង ដោយសារសង្គ្រាមនេះ​។​ ​បើលើកឡើងអំពីដើមចម និងមូលហេតុនៃរដ្ឋប្រហារនេះ ​គឺមានព័ត៌មានជាច្រើន​ តែខ្ញុំសុំស្បិចយកខ្លីបំផុត របស់លោក​ Bernie Sanders ដែលជាបេក្ខជនប្រជាធិបតីអាមេរិកមួយរូប មកពីគណបក្សប្រជាធិបតេយ្យ​ ហើយក្នុងឆ្នាំ២០១៦កន្លងទៅនេះ​ Bernie Sanders បានលើកបង្ហាញអំពីការពាក់​ព័ន្ធរបស់​អាមេរិក​ក្នុងសង្គ្រាម និងរដ្ឋប្រហារ នៅកម្ពុជា​ដូចខាងក្រោម៖

តាមពិតទៅ,​ អំពើរបស់លោក Kissinger ធ្វើការទំលាក់គ្រាប់បែកនៅកម្ពុជា និងរដ្ឋប្រហារទំលាក់សម្តេចព្រះនរោត្តម​ សីហនុ​ ដែលធ្វើឲ្យកើតមាន អស្ថិរភាព ជាប្រយោជន៍ផ្តល់ឲ្យឱកាស ប៉ុល​ ពត និងរបបខែ្មរក្រហមកាន់អំណាច និងសំលាប់ប្រជាជន​ស្លូតត្រង់ជាង៣លាននាក់​ ដែលជារបប ប្រល័យពូជសាសន៍អាក្រក់បំផុត ក្នុងប្រវតិ្តសាស្ត្ររបស់ពិភពលោក!។

សុំបញ្ជាក់សង្គ្រាមអាមេរិកកាំង ជាមួយវៀតណាមបានផ្ទុះឡើង នៅថ្ងៃទី០១​ ខែវិចិ្ឆកា ឆ្នាំ១៩៥៥​ ហើយទាំងវៀតណាម ដែលមានការគាំទ្រពី ចិននិងរុស្ស៉ី​ ព្រមទាំងអាមេរិក​ បានយកប្រទេសកម្ពុជា ជាទីតាំងទ្រនាប់ ឬឈ្នាន់ក្នុងការរចនា​យុទ្ធសាស្ត្រយោធា។​

អាមេរិកាំងបានចាប់ទំលាក់គ្រាប់បែក ជាសំងាត់តាំងពីឆ្នាំ១៩៦៣ ហើយទំលាក់គ្រាប់កាន់ តែចំហរចាប់ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៦៥ ហើយទំលាក់ធ្ងន់ធ្ងរបំផុត ចាប់ពីក្រោយថ្ងៃរដ្ឋប្រហារក្នុងឆ្នាំ១៩៧០។​ មានន័យថាសហរដ្ឋអាមេរិក​ បានជ្រៀតចូល និងទំលាក់គ្រាប់បែកនៅកម្ពុជា អស់រយៈពេលជាង៨ឆ្នាំមុន ពេលមានរដ្ឋប្រហារ។

សង្គ្រាមជ្រៀតចូលនេះ​ ធ្វើឲ្យស្ថានភាពដឹកនាំ​ សន្តិសុខប្រទេសអស្ថិរភាព​ និងបូកផ្សំភាពជាក់សែ្តង និងសង្គ្រាមចិត្តសាស្ត្រ នៃពួកយៀកកុងចូល ក្នុងទឹកដីកម្ពុជាផង ធ្វើឲ្យប្រជាជនកម្ពុជា ងាយធ្លាក់ខ្លួនក្នុងសង្គ្រាមស៉ីវិល។​ សង្គ្រាមបានអូស​បន្លាយរហូតដល់ឆ្នាំ១៩៩៨​ គិតទៅជាង៣៥ឆ្នាំ​ ហើយជាលទ្ធផលកម្ពុជា បានជាប់ចំណាត់ដល់ឆ្នាំសូន្យ។​ មរតកសង្គ្រាម​ដែលបានបន្សល់នៅកម្ពុជា​ គ្មានអ្វីក្រៅពីក្តីវិនាសព្រាត់ប្រាស់​ សោកដនាកម្មហិនហោចខ្លោចផ្សា​ របបវាលវិឃាតប្រល័យពូជ​សាសន៍​ និងសំណល់ជាតិផ្ទុះជាគ្រាប់បែក​ គ្រាប់បែកគីមី​រាប់លានគ្រាប់ដែលបន្ត សម្លាប់កូនខែ្មរតជំនាន់ទៀត​។

សូមឆ្លៀតក្នុងឱកាសនេះ​ សូមអំពាវនាវដល់បងប្អូនទាំងអស់ ខិតខំសែ្វងយល់នូវ ឬសគល់បញ្ហា និងលទ្ធផលនៃសង្គ្រាម។​ ត្រូវពូនជ្រុំកំលាំង រក្សាការពារសន្តិភាព​ ស្គាល់តំលៃសន្តិភាពបានច្បាស់ និងមានគុណធម៌ក្នុងការផ្លាស់ប្តូរ ដែលធានាបាន​សន្តិភាព និងសុខសុភមង្គលសំរាប់ កូនខែ្មរគ្រប់ៗជំនាន់។ ​ សុំឲ្យយកការឈឺចាប់នៃសង្គ្រាម ជាមេរៀនចំបងក្នុងការ​បញ្ចៀសឲ្យ បានដាច់ខាតពីការកើតមានសង្គ្រាមជាថី្ម នៅលើព្រះរាជាណាចក្រនេះ»។

អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យ ដែលត្រូវបានឯកភាព​ដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា​ តាមកំទេចពួកយៀកកុង​ យួនឈ្លានពាន​ ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់់ ​សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺន​កន្លែង៕