(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ លោកស្រី អ៊ុក ម៉ាលី អគ្គហិរញ្ញឹកកាកបាទក្រហមកម្ពុជា តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញនាំយកនូវទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ និងចូលបុណ្យព្រះសព ព្រះចៅអធិការវត្តក្រពើហា ព្រះតេជគុណ ញ៉ែម សុភ័ក្រ្ត ដែលបានទទួលអនិច្ចធម្ម (សុគត) នៅវេលាម៉ោងប្រមាណ ៦ល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧កន្លងទៅ ដោយសារខ្យល់គ ក្នុងព្រះជន្ម៤៨ព្រះវស្សា។

ក្នុងឱកាសនោះ លោកស្រី អ៊ុកម៉ាលី បានថ្លែងថា ក្នុងនាមជាតំណាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាព ព្រះចៅអធិការវត្តក្រពើហា ព្រះតេជគុណ ញ៉ែម សុភ័ក្រ្ត ហើយក្នុងថ្ងៃនេះកាកបាទក្រហមកម្ពុជា ក៏បានយកនូវទេយ្យវត្ថុមួយចំនួន ដើម្បីជួយឧបត្ថម្ភដល់បុណ្យព្រះសព ក៏ដូចជាព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្ដក្រពើហា ជាង២០០អង្គផងដែរ រួមមាន៖ អង្ករ៣តោន, ទឹកក្រូច ទឹកផ្លែឈើ១០០កេស, ទឹកសុទ្ធ២០០កេស,មៀនកំប៉ុង២០កេស, តែ២០គីឡូក្រាម,ស្ករស១០០គីឡូក្រាម, កាហ្វេ២០កេស,ទឹកដោះគោខាប់១០កេស និងថវិកាមួយចំនួនទៀត។

លោកស្រីបន្ថែម កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹត្ដបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្ដទុកដាក់ ចំពោះប្រជាពលរដ្ឋរងគ្រោះជួបការលំបាក ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពិសេសនៅក្នុងថ្ងៃនេះ ដោយព្រះសង្ឃជាង២០០អង្គដែលគង់នៅវត្ដក្រពើហា ដែលត្រូវការសម្ភារៈ ថវិកា ដើម្បីសិក្សារៀនសូត្រ ដូច្នេះ ទេយ្យវត្ថុទាំងនេះ ព្រះសង្ឃអាចយកទៅប្រើប្រាស់​បានតាមតម្រូវការបាន។

សូមបញ្ជាក់ថា ព្រះឃោសធម្ម ញ៉ែម សុភ័ក្រ្ត គឺជាព្រះរាជាគណៈថ្នាក់ទោ ព្រះប្រធានផ្នែកពុទ្ធិកបឋមសិក្សា និងធម្មវិន័យ និង ជាព្រះចៅអធិការវត្តប្រជុំនទី ហៅវត្តក្រពើហា ព្រះអង្គទទួលបានគោរពស្រឡាញ់ពីប្រជាពុទ្ធបរិស័ទ និងបានបូជាកម្លាំង​ព្រះកាយពលយ៉ាងច្រើន ដើម្បីបុព្វហេតុព្រះពុទ្ធសាសនា ដោយបច្ចុប្បន្នព្រះសព របស់ព្រះតេជគុណ ញ៉ែម សុភ័ក្រ្ត ត្រូវបានតម្លល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តក្រពើហា ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល៕