(ភ្នំពេញ)៖ ដូចអ្វីដែលបានគ្រោងទុក ផលិតកម្ម Clips Media បានដាក់បញ្ចាំងភាពយន្ត ខ្នាតធំរបស់ខ្លួន មានចំណងជើងថា «ជួយអូនផង!» ដើម្បីឲ្យកុមារកំព្រា ដែលមកត្រូវបានអញ្ជើញ​មកពីអង្គការចំនួន៣ ដើម្បីឲ្យពួកគេបានទស្សនា និងចែកសម្ភារៈសិក្សា ដល់ពួកគេ​ផងដែរ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧នេះ នៅរោងភាពយន្ត Legend ផ្សារទំនើបស្ទឹងមានជ័យថ្មី។

ម្ចាស់ផលិតកម្ម Clips Media លោក ពីជិត សិរីរិទ្ធ បានថ្លែងបញ្ជាក់ថា ការដាក់បញ្ចាំងភាពយន្តរឿង «ជួយអូនផង!» ជូនដល់កុមារកំព្រាបានទស្សនា ដោយមិនគិតប្រាក់នេះ គឺជាគោលដៅដ៏ចម្បងមួយ របស់ផលិតកម្ម ដែលតែងតែគិតគូដល់កុមារកំព្រា ដើម្បីឲ្យមានឱកាសបានសប្បាយរីករាយ ក្នុងសង្គមមនុស្សទូទៅ និងដើម្បីឲ្យពួកគេយល់ដឹង តាំងពីកុមារភាពឲ្យហើយ ពីវិស័យភាពយន្តខ្មែររបស់យើង។ អ្វីដែលយើងបានគិតគូបន្ថែមទៀត គឺមិនត្រឹមតែបើកឱកាសឲ្យពួកគេ បានទស្សនាកុនប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានចែកជូន ដល់សម្ភារៈសិក្សាមួយចំនួន ដល់ក្មួយៗទាំងនោះទៀតផង។

លោក ពីជិត សិរីរិទ្ធ បានថ្លែងបញ្ជាក់ទៀតថា ​គោលដៅរបស់ផលិតកម្ម ពេលដាក់បញ្ចាំង ត្រូវយកមួយភាគធំនៃប្រាក់ចំណេញ ជួយដល់កុមារកំព្រា ​ខណៈប្រសិនបើមានការគាំទ្រខ្លាំង ចំពោះសកម្មភាពនេះ ផលិតកម្ម នៅបន្តសកម្មភាពនេះ​បន្ថែមទៀត ដើម្បីផ្ដល់ឱកាសដល់ក្មេងកំព្រាជាច្រើន នៅក្នុងប្រទេសកម្ពុជា បានទស្សនា។ នៅថ្ងៃនេះ ផលិតកម្ម បានអញ្ជើញកុមារកំព្រា​មកពី​ ៣​អង្គការ មានដូចជា អង្គការ គ្រួសារថ្មី, អង្គការ សំនាង ម្ដុំវត្តឃ្មួញ និងអង្គការ មិត្តសំឡាញ់ ដែលកុមារទាំងអស់មាន ចំនួន១២០នាក់ ហើយក្រៅពីទស្សនា ក៏មានការចែកសម្ភារៈសិក្សា និងអង្ករ ដល់ពួកគេផងដែរ។

ម្ចាស់ផលិតកម្ម ដដែលបានបន្តទៀតថា ប្រសិនបើកម្មវិធីនេះ មានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ក៏ដូចជាសប្បុរសជន ផលិតកម្ម នឹងបន្តសកម្មភាពតាមបណ្ដារោងភាពយន្ត ទំនើបនានាជាច្រើនទៀត ដើម្បីឲ្យកុមារទាំងនោះ ទទួលបាននូវភាពសប្បាយរីករាយ និងជាការចូលរួមចំណែកមួយ ជួយដល់សង្គមខ្មែររបស់យើង​ផងដែរ៕