(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧នេះ បានផ្ញើសារនយោបាយចំអកទៅឲ្យ គណបក្សសង្គ្រោះជាតិ (CNRP) ថា​ កំ​ពុងតែមានការធ្លាក់ចុះប្រជាប្រិយភាពគួរឲ្យកត់សម្គាល់។ ការធ្លាក់ចុះប្រជាប្រីយភាពនោះ ​ត្រូវបានលោក សុខ ឥសាន យកហេតុផលថា នៅពេលនេះចលនាថ្នាក់ដឹកនាំសំខាន់ៗ និងសកម្មជនរបស់បក្សមួយនេះ បាននិងកំពុងចាកចេញ ជាបន្តបន្ទាប់។

កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ លោក Alexander Ky អនុប្រធានគណបក្សសង្រ្គោះជាតិ ប្រចាំរដ្ឋកាលីហ្វ័រញ៉ា​ សហរដ្ឋអាមេរិកបានប្រកាស លាលែងពីតំណែងរ​បស់ខ្លួន ក្រោមហេតុផលថា «ដោយសារតែថ្នាក់ដឹកនាំមួយចំនួន របស់គណបក្សសង្រ្គោះជាតិ ពុករលួយ និងប្រកាន់បក្ខពួកនិយម»

លោក សុខ ឥសាន បានបញ្ជាក់ថា «ក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ គេសង្កេតឃើញមានចលនាចាកចេញជាបន្តបន្ទាប់មកពីគណបក្សប្រឆាំង តាំងពីថ្នាក់មូលដ្ឋាន រហូតដល់មេដឹកនាំថ្នាក់ខ្ពស់ និងនៅបរទេសផង។ ថ្មីៗនេះលោក អាទ្បឹច សាន់ឌើឃី អនុប្រធានគណបក្ស ប្រឆាំង នៅរដ្ឋកាលីហ្វ័រញ៉ា ខាងជើង បានសំរេចចិត្តលាឈប់ពីតួនាទី និងពីគណបក្សប្រឆាំង ដោយមូលហេតុបក្ខពួកនិយម ពុករលួយមិនមានគុណតម្លៃ សំរាប់សមាជិកខ្លួន មានមេដឹកនាំខ្លះញៀនល្បែងកាស៊ីណូ មិនចេះដឹកនាំ ហើយមេដឹកនាំខ្លះរស់រវើកខាងស្រីញី មានរឿងអាស្រូវធ្ងន់ធ្ងរ ដែលមិនអាច គេចផុតពីក្រសែភ្នែកមហាជន ប្រជាជនបាន ធ្វើឲ្យប្រជាប្រីយភាពគណបក្សធ្លាក់ចុះគួរឲ្យកត់សំគាល់ បាត់ជំនឿពីប្រជាជនស្ទើរទាំងស្រុង។ ហេតុដូចនេះ មិនមានសង្ឃឹមបានជ័យជំនះក្នុងការបោះឆ្នោតនាពេលខាងមុខឡើយ»

តាមលិខិតរបស់សាមីខ្លួនដែលផ្ញើទៅកាន់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានឱ្យដឹងថា លោក Alexander Ky អាយុ៥៨ឆ្នាំ បានស្ម័គ្រចិត្តបម្រើ គណបក្សសង្រ្គោះជាតិរយៈពេល៤ឆ្នាំមកហើយ ប៉ុន្តែទើបនឹងដឹងថា គណបក្សសង្រ្គោះជាតិ មិនត្រូវនឹងគុណតម្លៃរបស់គេឡើយ។

លោក Alexander Ky បានសរសេរយ៉ាងដូច្នេះថា «អស់រយៈពេល៤ឆ្នាំហើយ ដែលខ្ញុំបានស្ម័គ្រចិត្ត ជួយបម្រើគណបក្សសង្រ្គោះជាតិ ព្រោះតែ ស្រលាញ់គោលនយោបាយ របស់គណបក្សនេះ ប៉ុន្តែមានបុគ្គលថ្នាក់ជាតិមួយចំនួនតូចបក្សពួកនិយមពុករលួយ ហើយក្រុមថ្នាក់ជាតិទាំងនោះ មិនសប្បាយចិត្តនឹងខ្ញុំឡើយម្យ៉ាងវិញទៀត ខ្ញុំមើលឃើញថា គណបក្សនេះមិនត្រូវនឹង គុណតម្លៃរបស់ខ្ញុំនោះទេ»

ដោយឡែកនៅខេត្តកំពង់ធំវិញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ លោក គង់ វិមាន ប្រធានគណៈពង្រឹងចុះជួយឃុំពពក បានទទួលសមាជិកថ្មីមក ពីគណបក្សសង្គ្រោះជាតិ នៅភូមិអន្លងក្រាញ់ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំជាច្រើននាក់ ដែលបានចាកចេញ និងចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ​។

មិនខុសពីខេត្តកំពង់ធំ សម្រាប់ខេត្តាកែវវិញ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅសកម្មជន និងសមាជិកអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ចំនួន១៤១នាក់ នៅឃុំកុមារាជា នៃស្រុកបាទី ខេត្តតាកែវ បានស្ម័គ្រចិត្តដោយសុច្ចចិត្ត ចាកចេញពីបក្សប្រឆាំងមករួមរស់ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការចូលរួមពីលោក ស្វាយ ស៊ីថា ប្រធានគណៈពង្រឹងឃុំកុមារាជា។

នៅមូលដ្ឋានដដែលនេះ កាលពីអំឡុងចុងខែតុលា ឆ្នាំ២០១៦ ក៏មានសកម្មជនគណបក្សសង្គ្រោះជាតិចំនួន៤២០នាក់ ក្នុងនោះមានសមាជិកបក្ស សង្គ្រោះជាតិជាង២០០នាក់ រួមទាំងបងប្អូនផ្សេងៗទៀត ដែលមិនមាននិន្នាការគណបក្សនយោបាយណា បានសំរេចចិត្តមករួមរស់នៅជាមួយ គណបក្សប្រជាជនកម្ពុជា។

សកម្មជនដែលបានចាកចេញពីបក្សប្រឆាំងទាំងនេះបានរៀបរាប់ឲ្យដឹងថា មូលហេតុនៃការចាកចេញមករួមរស់នៅក្នុងជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែបានដឹងថា គណបក្សសង្គ្រោះជាតិ ជាគណបក្សមានតែការសន្យាខ្យល់ ភូតភរ កុហកបោកប្រាស់ និងពួកគាត់ក៏បានដឹងផងដែរថា កន្លងមកមានអ្នកគាំទ្រមួយចំនួន ត្រូវបានគេបោកប្រើឲ្យទៅចូលរួមធ្វើបាតុកម្ម និងអ្នកខ្លះត្រូវស្លាប់ និងមួយចំនួនជាប់គុកពីព្រោះជ្រុលខ្លួន ប្រព្រឹត្តបំពានច្បាប់។

សូមជំរាបថា លោក កឹម សុខា ដែលកាន់តំណែងប្រធានស្តីទីជាង១ឆ្នាំ បានឡើងកាន់តំណែង​ប្រធានគណបក្សសង្រ្គោះជាតិ ជាផ្លូវការហើយ បន្ទាប់ពីសមាជិកជាច្រើនបោះឆ្នោតគាំទ្រនៅក្នុងសមាជវិសាមញ្ញនាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ខណៈ លោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ត្រូវបានសមាជបោះឆ្នោតគាំទ្រ ឱ្យធ្វើជាអនុប្រធានគណបក្សប្រឆាំង៕