(ភ្នំពេញ)៖ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ (CIA FIRST International School) នាពេលថ្មីៗនេះ បាន​ប្រារព្ធ «ទិវា​វប្បធម៌អន្តរជាតិ» ជាលើកទី៣ ដោយស្ថិតក្រោមការ រៀបចំរបស់សមាគមសិស្ស។

ទិវា​វប្បធម៌អន្តរជាតិនេះ បានប្រារព្ធឡើងក្នុងគោលបំណង លើកកម្ពស់ការប្រកួតប្រជែង និង​សាមគ្គីភាព ជាលក្ខណៈសកល លើកទឹកចិត្តក្នុងការ​ផ្សារភ្ជាប់ ទំនាក់ទំនងជាអន្តរជាតិ និងផ្ដល់ជូននូវឱកាសឲ្យសិស្សានុសិស្ស បានស្វែងរកព័ត៌មាន អំពីវប្បធម៌ អរិយធម៌ពីបណ្តាប្រជាជាតិនានា លើពិភពលោក។

ថ្នាក់នីមួយៗតំណាងឲ្យប្រទេសផ្សេងៗគ្នា មកពីជុំវិញពិភពលោក ​ដែលតម្រូវឲ្យមានការបង្ហាញអំពី វប្បធម ប្រពៃណី ម៉ូដសម្លៀកបំពាក់បែបប្រពៃណី និងការបង្ហាញអាហារ របស់ប្រទេសនីមួយៗ​។

កម្មវិធីដែលបានប្រារព្ធឡើងមាន ការសម្តែងលើឆាកដូចជា របាំប្រពៃណី និង ការសម្តែង ឈុតឆាកខ្លីៗ ការប្រកួតបង្ហាញសំលៀកបំពាក់ប្រពៃណី និងការប្រជែងម្ហូបអាហារ របស់ប្រទេសតំណាងនីមួយៗ។ ការប្រកួតទាំងនោះត្រូវ បានដាក់ពិន្ទុដោយក្រុមការងារសាលាដែល បាន​ស្ម័គ្រចិត្តជាគណៈកម្មការ ក្នុងកម្មវិធីទាំងនោះ។

រង្វាន់​ផ្សេងៗត្រូវបានប្រគល់ជូនថ្នាក់ ដែលទទួលបានជ័យលាភីនៅ ក្នុងការសម្ដែងសិល្បៈ និងកម្មវិធីកំសាន្ដផ្សេងៗទៀត ដែលបានលើកកម្ពស់ នូវឱកាសសិក្សាដល់សិស្សានុសិស្សផងដែរ។ ជារួម «ទិវា​វប្បធម៌អន្តរជាតិ» ត្រូវបានប្រព្រឹត្តទៅយ៉ាង ជោគជ័យ​ និង ទទួលបានចំណាប់ អារម្មណ៏យ៉ាងខ្លាំង ពី​សំណាក់ក្រុមការងារសាលា និង សិស្សានុសិស្សទាំងអស់៕