(ភ្នំពេញ)៖ ក្រុមតន្ត្រីករមានទេពកោសល្យ ដែលបានឆ្លងកាត់ការប្រឡងទូទាំងប្រទេសកម្ពុជា នឹងមកបង្ហាញសមត្ថភាព​នៅចុងសប្តាហ៍នេះ នៅកណ្តាលរាជធានីភ្នំពេញ តន្ត្រីករសម័យវ័យក្មេងកំពូលរបស់ប្រទេសកម្ពុជា នឹងមកអង្រួនឆាក​តន្ត្រីនាចុងសប្តាហ៍នេះ នៅក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីបូព៌ាលើកទី២ ក្នុងរាជធានីភ្នំពេញ ដោយសន្យាថានឹងនាំមកនូវ​ការសម្តែងដ៏អស្ចារ្យរបស់សិល្បករវ័យក្មេង និងក្រុមតន្ត្រី រ៉ុក & រ៉ូល ដែលពោរពេញទៅដោយសមត្ថភាព។

ការប្រគុំតន្ត្រីខ្នាតធំនេះរៀបចំឡើងដោយ ក្រុម Blunic និងក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រ (PPCC) ព្រឹត្តិការណ៍នាថ្ងៃសៅរ៍ ទី០៤ ខែមីនា ឆ្នាំ២០១៧នេះ ចាប់ពីម៉ោង៤រសៀល រហូតដល់ម៉ោង៩យប់ នឹងមានការចូលរួមសម្តែងបញ្ចេញសមត្ថភាពពីតន្ត្រីករ និងសិល្បករវ័យក្មេងមួយចំនួន របស់ព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញ​ទូទាំងប្រទេស ហើយនឹងត្រូវឡើងសម្ដែងលើឆាកតន្រ្តីនៅថ្ងៃសៅរ៍នេះ។

អ្នកនាង Michelle Lau នាយកប្រតិបត្តិរបស់ក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រ ដែលបានជួយឧបតម្ថម្ភរៀបចំព្រឹត្តិការណ៍នេះ បានមានប្រសាសន៍ថា៖  «នៅភ្នំពេញស៊ីធីសេនធ័រ យើងមានក្តីសោមនស្សរីករាយ ក្នុងការចូលរួមរៀបចំ​ព្រឹត្តិការណ៍ប្រគំតន្រ្តីនេះ។ យើងជឿជាក់ចំពោះការ គាំទ្រយុវជនដែលមានទេពកោសល្យនៅក្នុងប្រទេសកម្ពុជា ក៏ដូចជារីករាយចំពោះការផ្តល់ ទីតាំងសម្រាប់ព្រឹត្តិការណ៍ ដែលជួយលើកកម្ពស់ដល់ភាពច្នៃប្រឌិតរបស់យុវជន​សម័យថ្មី»

លោកស្រីបន្ថែមថា ថវិកាទាំងអស់ដែលបានមកពីការប្រគំតន្ត្រីនេះ នឹងត្រូវបានផ្តល់ដល់សិល្បករ ដើម្បីជាការជួយគាំទ្រដល់​ភាពរីកចម្រើន និងការអភិវឌ្ឍន៍របស់ក្រុមតន្រ្តីវ័យក្មេងនៅកម្ពុជា។

សំបុត្រចូលរួមនឹងមានដាក់លក់នៅថ្ងៃប្រគំតន្រ្តី ក្នុងតម្លៃ ៥ដុល្លារ សម្រាប់មនុស្សម្នាក់។ សម្រាប់កញ្ចប់ពិសេសរួមមាន​សំបុត្រមួយ ភេសជ្ជៈមួយកំប៉ុង និងអាវយឺតបូព៌ា២ ចំនួនមួយ ព្រមទាំងសិទ្ធិចូលទៅកន្លែងពិសេសដែលសំបុត្រនេះមានតម្លៃ ១០ដុល្លារ។អាហារ និងភេសជ្ជៈ ក៏នឹងមានដាក់លក់នៅក្នុងព្រឹត្តិការណ៍នោះផងដែរ៕

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុកតន្រ្តីបូព៌ា២ https://www.facebook.com/bopeablunic
សម្រាប់ការកក់សំបុត្រ សូមទូរសព្ទទៅលេខ 017 789 742 / 089 260 706