(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ ក្រសួងការពារជាតិ បានដាក់បទបញ្ជា ដោយមិនឱ្យមានទាហានណាម្នាក់ ចូលរួមជាមួយគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដើម្បីរឹបអូសយកផ្ទះ ដី ឬទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលជាកូនបំណុលរបស់គ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះឡើយ។ នេះបើតាមការអះអាងរបស់ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។

ការដាក់បទបញ្ជានេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានចេញយុទ្ធនាការជាបន្តបន្ទាប់ ដើម្បីពន្យល់ដល់​ប្រជាពលរដ្ឋថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ជារបស់ឯកជន មិនមែនជារបស់រដ្ឋឡើយ។ យុទ្ធនាការនេះ បានធ្វើឡើង​បន្ទាប់ពី​រាជរដ្ឋាភិបាល បានទទួលដំណឹងថា មានអ្នកនយោបាយឱកាសនិយមមួយចំនួន ដើរផ្សព្វផ្សាយបំភាន់​ប្រជាពលរដ្ឋឱ្យមានការយល់ច្រឡំថា គ្រឹះស្ថានហិរញ្ញវត្ថុគឺជារបស់រដ្ឋ ហើយនៅពេលដែលគ្រឹះស្ថានទាំងនោះទៅទារប្រាក់ ឬរឹបអូសទ្រព្យកាត់បំណុល ពួកគាត់បែរជាបន្ទោស ឬរិះគន់រាជរដ្ឋាភិបាលទៅវិញ។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីខែមុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានដាក់បញ្ជាដោយ​ហាមមិន​ឱ្យមន្រ្តីមូលដ្ឋានណាមួយ ចូលរួមពាក់ព័ន្ធនឹងសេវាកម្មរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុឡើយ ដើម្បីធ្វើយ៉ាងណាបញ្ជៀស​ពីការយល់ច្រឡំរបស់សាធារណជន និងប្រជាពលរដ្ឋ។

ទាក់ទងនឹងបញ្ហានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងទៅក៏បានជំរុញ​ដល់គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មានការយោគយល់ខ្ពស់ចំពោះប្រជាពលរដ្ឋ ដែលជំពាក់បំណុលហើយខ្វះលទ្ធភាព។ សម្តេចបានជំរុញ​ឱ្យមានការពន្យារពេល ឬបន្ថយការប្រាក់ជាដើម៕