(ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្ត Lexus RX350 លឿនដូចព្យុះ ក៏ជ្រុលទៅបុកបង្គោលថ្មពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងច្រង៉ាង ម្ចាស់រថយន្តរងរបួសស្រាល ដែលហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

តាមព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេឃើញបុរសជនជាតិម្នាក់ បើករថយន្ត Lexus RX350 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-1588 ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានងោកមួយភាំង បណ្ដាលជ្រុលទៅបុកបង្គោលថ្មពេញទំហឹង លាន់ដូចរន្ទះ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងច្រង៉ាង។ ម្ចាស់រថយន្តបានធាក់បំបែកកញ្ចក់រថយន្តលូនចេញមកក្រៅ ឃើញមានរងរបួសដៃម្ខាង ហើយគ្រវីក្បាលហួសចិត្តមិនគួរងោកសោះ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកកន្លែងកើតហេតុភ្លាម ដោយមើលឃើញថា គ្រោះថ្នាក់នេះ មិនប៉ះពាល់ដល់សម្បត្តិសាធារណៈ និងមិនបានបង្កគ្រោះថ្នាក់ដល់អ្នកដទៃផងនោះ ទើបកម្លាំងសម្ថតកិច្ចបញ្ជាឲ្យស្ទួចរថយន្តយកទៅជួលជុលខ្លួនឯង៕