(ភ្នំពេញ)៖ បុរសម្នាក់ជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អភិវឌ្ឍជំនាន់ថ្មី ហៅកាត់«NPG» ត្រូវបានចោរ១ក្រុម ធ្វើសកម្មភាព​ឆក់យកកាបូបលុយ អស់ជាង១ម៉ឺនដុល្លារ រួមជាមួយឯកសារមួយចំនួនទៀតផងដែរ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៣៖៣០នាទីរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ក្នុងខណៈពេលដែល​បុរសខាងលើ កំពុងឈប់នោម តាមមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ចន ចំរើន អាយុ៣០ឆ្នាំ ជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «NPG» ដែលស្នាក់​នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលនៅក្នុងកាបូបនោះមានលុយជាង១ម៉ឺនដុល្លារ ប្លង់ដីចំនួន​៣ច្បាប់ កាតគ្រីរថយន្ត១សន្លឹក និងកាតគ្រីម៉ូតូ១សន្លឹក។

បុរសរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានឈប់ម៉ូតូបត់ជើងតូច ដោយបានដាក់កាបូបនៅលើរានកណ្ដាលម៉ូតូ ហើយនៅ ខណៈកំពុងនោមស្រាប់តែមានជនសង្ស័យ ជិះម៉ូតូទៅជិត ធ្វើសកម្មភាពឆក់យកកាបូបទៅបាត់ ប៉ុន្តែពេលនោះ​ខ្លួនមិនបានដឹងថា ចោរមានគ្នាប៉ុន្មាននាក់ហើយ ជិះម៉ូតូម៉ាកអ្វីនោះឡើយ ព្រោះក្រោយពេលនោមរួច មើលទៅម៉ូតូស្រាប់​តែបាត់កាបូប ទើបធ្វើដំណើរទៅប្ដឹងនគរបាលឲ្យជួយអន្តរាគមន៍តែម្ដង៕