(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រាប់ទៅគណៈប្រតិភូ នៃគណៈកម្មាធិការយុត្តិធម៌ការងារ ប្រទេសអូស្រ្តាលី យ៉ាងច្បាស់ថា «កម្ពុជាប្រាកដជានឹង​សម្រេច​ឲ្យបាន សេចក្ដីព្រាងច្បាប់ស្ដីពី នីតិវិធីជម្រះក្ដីវិវាទការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ឲ្យបានទាន់ពេលវេលា»។

ការប្ដេជ្ញាចិត្តដ៏មុតមាំបែបនេះ ត្រូវបានលោករដ្ឋមន្រ្តី អ៊ិត សំហេង លើកឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក Josh Bornstein ដែលជាអ្នកដឹកនាំគណៈប្រតិភូ នៃគណៈកម្មាធិការយុត្តិធម៌ការងារ ប្រទេសអូស្រ្តាលី ខាងលើនារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ ដើម្បីជម្រាបជូនពីលទ្ធផល នៃសន្និសីទទំនាក់ទំនងវិជ្ជាជីវៈ ស្តីពីការធ្វើឱ្យប្រសើរឡើងនូវ ប្រព័ន្ធដោះស្រាយវិវាទការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីចុងខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ។

លោករដ្ឋមន្រ្តី បានលើកឡើងពីកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងក្រសួងការងារ ជាមួយគណៈកម្មាធិការយុត្តិធម៌ការងារ ប្រទេសអូស្រ្តាលី តាមរយៈអនុស្សរណៈយោគយល់គ្នា ដែលបានចុះហត្ថលេខា កាលពីពេលកន្លងទៅ ពោលគឺពិតជាបានចូលរួមចំណែក ធ្វើឱ្យសម្រេចបាននូវលទ្ធផលនេះផងដែរ។

ប្រមុខក្រសួងការងារកម្ពុជា បានបញ្ជាក់ប្រាប់ភាគីអូស្រ្តាលីថា «ក្រសួងការងារ នឹងបន្តការងារដើម្បីឈានទៅ​សម្រេច​បាន នូវ​សេចក្តីព្រាងច្បាប់ស្តីពី នីតិវិធីជម្រះក្តីវិវាទការងារ ឱ្យបានឆាប់ ដើម្បីឆ្លើយតបទៅ​នឹងតម្រូវការជាក់​ស្តែង​របស់កម្ពុជា នាពេលបច្ចុប្បន្ន»

លោករដ្ឋមន្រ្តី បានបន្តថា ច្បាប់ថ្មីនេះ គឺត្រូវតែពង្រឹង និងផ្តល់សិទ្ធិ អំណាចបន្ថែមទៀត ដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដ៏មានប្រសិទ្ធភាពមួយ មុននឹងបញ្ជូនសំណុំរឿងវិវាទការងារ ទៅដល់តុលាការការងារ។

រដ្ឋមន្រ្តីថា «កាលណាមានទំនាក់ទំនងវិជ្ជាជីវៈ តែងតែមានវិវាទហើយ ហ្ចឹងអ្វីដែលយើងធ្វើ គឺយើងគិតទៅដល់បញ្ហាទាំងនោះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ជាតិយើង ហើយអ្វីដែលជាមតិយោបល់ យើងនឹងទទួលយកទៅពិចារណា មុននឹងធ្វើការសម្រេច។ ប៉ុន្តែយ៉ាងណាក៏ដោយ ច្បាប់មិនអាចតម្រូវចិត្តមនុស្សគ្រប់គ្នាបានឡើយ តែច្បាប់ថ្មីៗក្រោយនេះ ក៏មិនរសើបខ្លាំងដូចច្បាប់មុនៗទេ»។

ឆ្លើយតបនឹងការលើកឡើងរបស់ភាគីកម្ពុជា លោក Josh Bornstein ឲ្យដឹងថា គណៈកម្មាធិការយុត្តិធម៌ការងារ ប្រទេសអូស្រ្តាលី របស់លោក មិនមានការរិះគន់អ្វីទេ ចំពោះក្រសួងការងារកម្ពុជា មានតែការកោតសរសើរ ដែលក្រសួងបានចំណាយ​កម្លាំង​កាយ និងកម្លាំងចិត្ត ខិតខំធ្វើការងារ ជម្នះគ្រប់ឧបសគ្គនានា ដើម្បីបម្រើប្រជាពលរដ្ឋរបស់ខ្លួន។

ភាគីអូស្រ្តាលីបានសន្យាថា នឹងបន្តភាពជាដៃគូយ៉ាងជិតស្និទ្ធបន្តទៀត ជាមួយក្រសួងការងារកម្ពុជា រួមទាំងក្រុមប្រឹក្សាអាជ្ញា​កណ្តាលផងដែរ៕