(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ​ វិជ្ជាធរ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន មន្រ្តីសាលារាជធានីភ្នំពេញ២នាក់ ដែល ACU ឃាត់ខ្លួន​ករណីពុករលួយ​ នៅល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ។

ការប្រកាសសម្រេចឃុំខ្លួនបណ្តោះអាសន្ននាពេលនេះ បានធ្វើឡើងក្រោយពីមន្រ្តីតុលាការ បានបំពេញនីតិវិធីសាកសួរ មន្រ្តីសាលារាជធានីភ្នំពេញទាំង២នាក់ ចំនួន២លើករួមមកហើយ ពោលគីលើកទី១ នៅថ្ងៃទី០១ ខែមីនា និងលើកទី២ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ។

លោក​ លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បានបញ្ជាក់ថា​ ពួកគេ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​វិតិក្រម​ តាម​មាត្រា​៥៩២ និង​៥៩៣នៃ​ក្រម​ព្រហ្មទណ្ឌ​ និង​មាត្រា​៣២​ ច្បាប់​ស្តីពី​ការ​ប្រឆាំង​អំពើពុករលួយ​។

មន្រ្តីតុលាការបានលួចបង្ហើបថា កន្លងមកមន្ត្រីទាំងពីររូប​នេះ ធ្លាប់ត្រូវបានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ហៅទៅសាកសួរអស់រយៈពេល៤៨ម៉ោងម្តងរួចមកហើយ។ ក្រោយមកទើបអនុញ្ញាតឲ្យត្រឡប់មកវិញ តែនៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ​២០១៧​ អង្គភាពប្រឆាំងអំពើពុករលួយ បានហៅមន្ត្រីដដែលនេះ ទៅសាកសួរម្តងទៀត រួចឃាត់ខ្លួនបញ្ជូនមកតុលាការតែម្តង។

ចំពោះមូលហតុនៃការឃាត់ខ្លួននេះ គឺបាន​កើតឡើង​កាលពី​អំឡុង​ខែ​សីហា​ ឆ្នាំ​២០១៥​ ខណៈ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ជាមួយ​ក្រសួង​មហាផ្ទៃ​ កំណត់​រួម​គ្នា​ថា​ រាល់​គម្រោង​វិនិយោគ​ដែល​មាន​ទំហំ​លើស​២លាន​ដុល្លារអាមេរិក​ ត្រូវ​បង់​ចូល​ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ​ ចំនួន​៧លាន​រៀល​។​ ប៉ុន្តែ​ ពួកគេ​បាន​រួម​គំនិត​គ្នា​ ទារ​ប្រាក់​ពី​ម្ចាស់​ក្រុមហ៊ុន​វិនិយោគ​ រហូត​ដល់​២១លាន​រៀល​ ទើប​ឈាន​ដល់​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ឃាត់ខ្លួន​តែ​ម្តង​។

មន្រ្តីសាលារាជធានីភ្នំពេញ២នាក់នោះ រួមមានទី១.ឈ្មោះ រ័ត្ន បុរី មុខងារប្រធានការិយាល័យ​វិនិយោគសាលារាជ​ធានីភ្នំពេញ និងទី២. ឈ្មោះ ម៉ៃ វ៉ាន់ណារុំ មុខងារបុគ្គលិកការិយាល័យវិនិយោគសាលារាជធានីភ្នំពេញ។

ប្រភព​ព័ត៌មាន​បានឲ្យ​ថា​ តុលាការ​កំពុង​ស្រាវជ្រាវ​បន្ត​ ចំពោះ​ជនសង្ស័យ​ដែល​បាន​ទារ​លុយ​លើស​ពី​ម្ចាស់​គម្រោង​ជា​ច្រើន​ក្រុមហ៊ុន​ទៀត​៕