(ភ្នំពេញ)៖ ធនាគារបារាំង «BRED» ដែលជាធនាគារដ៏ឈានមុខគេនៅអឺរ៉ុប និងជាធនាគារធំជាងគេលំដាប់ទី២ នៅប្រទេស​បារាំង បានក្លាយជាធនាគារបារាំងដំបូងគេនៅកម្ពុជា បើកសម្ពោធដំណើរការជាផ្លួវការ របស់ខ្លួនហើយ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧នេះ។

ធនាគារបារាំងទី១នេះ មានទីស្នាក់ការកណ្តាល ដែលមានទីតាំងស្ថិត នៅតាមបណ្តោយមហាវិថីព្រះនរោត្តម ទល់មុខ​សាលា​បឋមសិក្សាព្រះនរោត្តម។ 

នៅក្នុងពិធីដាក់ដំណើរការនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក Olivier Klein នាយកប្រតិបត្តិ BRED Group លោក Guillaume Perdon នាយកប្រតិបត្តិ BRED ប្រចាំកម្ពុជា រួមទាំងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។

លោក Guillaume Perdon នាយកប្រតិបត្តិនៃធនាគារ BRED កម្ពុជា បានឲ្យដឹងថា «យើងសូមជម្រាបថា នៅពេលនិយាយពី ធនាគារអតិថិជននៅតែយល់ថា ធនាគារទាំងអស់សុទ្ធតែដូចគ្នា ដូច្នេះវិធីសាស្រ្តរបស់យើង គឺខិតខំផ្តល់ជូននូវការ ដំណើរការដែលមានលក្ខណៈងាយស្រួល ល្អប្រសើរ រឹងមាំ និងបង្ហាញឲ្យឃើញថា នេះជាសេវាកម្មដែលអាចជឿទុកចិត្ត ព្រមទាំងរហ័សទាន់ចិត្តដល់អតិថិជនទាំងអស់ មិនថាជាក្រុមគ្រួសារនៅក្នុងប្រទេស ជនបរទេស ឬក៏សហគ្រិន វ័យក្មេងនោះទេ»

លោកបន្ថែមថា គោលដៅរបស់យើង គឺដើម្បីបិទចោលនូវគម្លាតនេះ និងផ្តល់ជូនប្រជាជនកម្ពុជា នូវអ្នកប្រឹក្សាយោបល់ ដែលគួរឲ្យទុកចិត្ត ជាមួយអ្នកដែលអាចនិយាយបាន ដោយសេរីអំពីគម្រោង និងមហិច្ឆតារបស់ពួកគេ បញ្ហាសំខាន់ សម្រាប់យើង គឺយុទ្ធសាស្ត្រដែលយើងអាចបម្រើ និងជួយអតិថិជនឲ្យរីកចម្រើន។ ចាប់ផ្តើមជាមួយ BRED រីកចម្រើនជាមួយ BRED។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងឲ្យដឹងថា វិស័យហិរញ្ញវត្ថុ គឺជាឆ្អឹងខ្នងដ៏សំខាន់ សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ហើយការបង្ហាញវត្តមានរបស់ធនាគារបារាំង BRED នៅពេលនេះ គឺជាសញ្ញាណនៃថាមពល និងជាការបោះ​ជំហានឆ្ពោះទៅរក ការធ្វើពិពិធកម្មសេដ្ឋកិច្ចដ៏រឹងមាំ។

ជាមួយគ្នានេះ លោក ជា ចាន់តូ បានសម្តែងនូវការស្វាគមន៍ ចំពោះវត្តមានរបស់ធនាគារដ៏ល្បីរបស់បារាំងមួយនេះ ។ លោកថា ការវិនិយោគរបស់ធនាគារបារាំងនេះ បង្ហាញពីការទុកចិត្តចំពោះវិស័យធនាគារនៅកម្ពុជា និងទុកចិត្តចំពោះ​រាជរដ្ឋា​ភិបាល​កម្ពុជា ដែលនាំប្រទេស មកនូវសុខសន្តិភាព និងស្ថិរភាពនយោបាយ។

BRED Bank Cambodia ជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ BRED Banque Populaire ជាសមាជិកនៃ BPCE Group ដែលជាសម្ព័ន្ធធនាគារ​ធំ​បំផុតទី២ នៅប្រទេសបារាំង បម្រើអតិថិជនជាង ៣១.២ លាននាក់ មានបុគ្គលិកជាង ១០០,០០០ នាក់ នៅទូទាំងពិភពលោក និងមានសហប្រតិបត្តិការភាគហ៊ុន ដល់ទៅ៩លានភាគហ៊ុនិក។

ធនាគារ BRED កម្ពុជា មានគោលដៅទាក់ទាញទីផ្សារកម្ពុជា តាមរយៈមាត្រដ្ឋានលំដាប់អន្តរជាតិដ៏រឹងមាំ និងមានតម្លៃសមរម្យ ព្រមទាំងទាញយកទស្សនៈវិស័យ និងបទពិសោធល្អៗពីកេរដំណែលនៃសម្ព័ន្ធ BRED Group។

សូមបញ្ជាក់ថា នៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ធនាគារ BRED បានចាប់ផ្តើមពង្រីកអាជីវកម្មទៅកាន់ទីផ្សារបរទេស ជាពិសេសនៅ Martinique, Antilles, Guyana និង Reunion Island កិច្ចខិតខំប្រឹងប្រែងនេះ ទទួលបានជោគជ័យ តាមរយៈការសម្រេចចិត្ត​ទៅរកអតិថិជន ក្នុងប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ដូចជា New Caledonia, Fiji, Vanuatu, Djibouti, Lao PDR និងចុងក្រោយនៅប្រទេសកម្ពុជា៕