(ភ្នំពេញ)៖ ពិធីប្រកាសបង្ហាញជាផ្លូវការ ក៏ដូចជាការចុះកិច្ចសន្យានឹងត្រូវធ្វើឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០១៧ នេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី ការផ្លាស់ប្តូរគ្រូបង្វឹកដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិគោព្រៃកម្ពុជា។

យោងតាមរបាយការណ៍ដែលភ្នាក់ងារ Fresh News ទទួលបាននេះ លោក ឡេអូណាដូ ល្វីស (Luis Leonado) ដែលអតីតជាគ្រូបង្វឹកដឹកនាំក្លឹបជើងឯករបស់ប្រទេសឡាវ Lanexang United នឹងត្រូវបានតែងតាំងឲ្យដឹកនាំក្រុម ជម្រើសជាតិកម្ពុជានាពេលបន្តិចទៀតនេះ ក្រោមវត្តមានរបស់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡា បាល់ទាត់កម្ពុជា (FFC) ជំនួសកៅអីគ្រូបង្វឹកចាស់ Lee Tae Hoon ជនជាតិកូរ៉េខាងត្បូង ដែលអស់សុពលភាពកិច្ច សន្យានាចុងឆ្នាំ២០១៦ កន្លងទៅ។

លោក Leonado ជនជាតិ​ប្រេស៊ីលធ្លាប់ដឹកនាំក្លឹប Lanexang ទម្លាក់ក្រុមបឹងកេតអង្គររបស់កម្ពុជា ដោយលទ្ធផល ៣-០ ក្នុងវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ TOYOTA Cup ២០១៧ ឡើងទៅជួបក្រុមខ្លាំង Buriram United របស់ថៃ៕