(ភ្នំពេញ)៖ ក្រុមអាជីវករផ្សារ «បូរីសន្តិភាព២»​ ប្រមាណជាជិត១០០​នាក់​ នៅព្រឹកថ្ងៃទី០២​ ខែមីនា​ ឆ្នាំ​២០១៧​នេះ បានប្រមូលផ្តុំ​គ្នានៅស្នាក់ការផ្សារ​ ស្ថិតក្នុងភូមិដំណាកតាយឹង​ សង្កាត់ពងទឹក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ ដើម្បីផ្តិតមេដាយតវ៉ាទៅនឹងសំណើរ របស់ប្រធានផ្សារ ដែលតម្រូវឲ្យពួកគាត់ ជាអាជីវករទិញតូបក្នុងតម្លៃថ្លៃ​ហួសហេតុពេក​។

​តំណាងក្រុមអាជីវករលោក​ស្រី​ ខេន​ ខណ្ណារិទ្ធ​ បានលើកឡើងនៅមុខអាជ្ញាធរ និងតំណាងផ្សារថា​ មូល​ហេតុ​ដែលពួកគាត់នាំគ្នាផ្តិតមេដាយតវ៉ា​ គឺដោយសារពីរសប្តាហ៍ តំណាងម្ចាស់ផ្សារសន្តិភាព២ បានហៅក្រុមអាជីវករប្រជុំគ្នា​ និងតម្រូវឲ្យពួកគាត់ជាអាជីវករទិញតូប ដែលពួកគាត់កំពុងប្រើរាល់ថ្ងៃក្នុង១តូប​៥០០០ដុល្លារ រួមទាំងដំឡើងថ្លៃតូប ក្នុងមួយឆ្នាំ​ពី​៥០ដុល្លារ ទៅ១០០ ឬក៏២០០ដុល្លារឯណោះ។

លោកស្រីបន្តថា ក្រោយប្រជុំរួចក្រុមអាជីវករមិនសុខចិត្ត ក៏សម្រចតវ៉ាដើម្បីស្នើដល់អាជ្ញាធរជួយដោះស្រាយ ដោយក្រុមអាជីវករបានសំណូមពរដូចជា៖​ ទី១​-សូមផ្លាស់ប្តូរប្រធានផ្សារបូរីសន្តិភាព២ និងសន្តិសុខឡើងវិញ ដោយជ្រើសតាំងប្រធានផ្សារថ្មី ដោយសម្លេងរបស់ក្រុមអាជីវករ និងសូមឲ្យតម្លៃតូបនៅដដែល(១០០ដុល្លារ១តូប ក្នុង១ឆ្នាំ​ ត្រូវចុះមក១ឆ្នាំ៥០ដុល្លារវិញ)​ ទី២​-សូមជួលតូបដូចមុនធម្មតា​ កុំដកហូតយកទៅលក់សារជាថ្មី​ ទី៣-ពេលជួលជុលតូប​ ឈប់យកលុយពីអាជីវករ​ ទី៤- សូមលោកប្រធា​នផ្សារពង្រឹងសន្តិសុខផង​ (ព្រោះមានចោរគាស់តូបយកសម្ភារៈញឹកញាប់ណាស់​)​ និងទី៤​- សូមដាក់កុងត្រាតូបក្នុងរយៈពេល១០ឆ្នាំ​។

ចំពោះការតវ៉ានេះ​ លោក​ គឹម​ យ៉ាន តំណាងផ្សារបូរីសន្តិភាព២ បានលើកឡើងថា លោកបានសំណូមពរទៅលោកឧកញ៉ា ជាម្ចាស់ផ្សាររួចចេញលិខិតមួយជូនក្រុមអាជីវករដោយសន្យា ឲ្យក្រុមអាជីវករលក់ដូរធម្មតាវិញ​ ដោយមិនមានការទិញលក់តូបអីនោះទេ​។

​ជុំវិញការប្រមូលផ្តុំគ្នានោះ​ លោក​ ជរ​ គឹមស៊រ​ អភិបាលរងខណ្ឌដង្កោ តំណាងលោក នុត ពុធដារ៉ា អភិបាលខណ្ឌ បានចុះសម្របសម្រួលភ្លាមៗ រវាងភាគីប្រធានផ្សារនិងក្រុមអាជីវករផ្សារ​ ដោយតម្រូវឲ្យតំណាងអាជីវករផ្សារចំនួន១៥នាក់​ មកជួប​ពិភាក្សាគ្នា ជាមួយតំណាងផ្សារសន្តិភាព២​ នៅសាលាខណ្ឌដង្កោ ដើម្បីរកដំណោះ​ស្រាយ ឲ្យសមស្រប​កុំឲ្យមានភាពអយុត្តិធម៌ ទៅលើកភាគីណាមួយ។

​សម្រាប់ការតវ៉ាខាងលើនេះ គេសង្កេតឃើញក្រុមអាជីវករទាំងនោះបានកាន់រូបថតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត និងទង់គណបក្សប្រជាជនកម្ពុជាផងដែរ៕