(កណ្តាល)៖ ស្លឹកខ្ទឹម និងផ្កាខ្ទឹម ដែលនាំចូលពីប្រទេសវៀតណាម ត្រូវបានមន្រ្តីកាំកុងត្រូលខេត្តកណ្តាល ដកហូតមិន​ឲ្យនាំ​ចូល​មក​កាន់ទីផ្សារស្រុកខ្មែរ បន្ទាប់ពីរថយន្តពិសោធន៍ចល័ត «Mobile Lab» របស់អគ្គនាយកដ្ឋានកាំកុងត្រូល នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧នេះ បានចុះមកពិសោធន៍ នៅប៉ុស្តិ៍ជ្រៃធំ ហើយបានរកឃើញសាធាតុគីមីដែលត្រូវហាមឃាត់។

លោក អ៊ូ ម៉ានរិន ប្រធានសាខាកាំកុងត្រូលខេត្តកណ្តាល បានថ្លែងឲ្យដឹងថា «ការចុះមកត្រួតពិនិត្យលើបន្លែ ផ្លែឈើ របស់រថយន្តពិសោធន៍ អគ្គនាយកដ្ឋានកាំកុងត្រូលនេះ យើងបានធ្វើការពិនិត្យលើបន្លែផ្លែឈើចំនួន៣៨មុខ តែជាលទ្ធផលយើងបានរកឃើញ ស្លឹកខ្ទឹម និងផ្កាខ្ទឹម មានកាកសំណល់សម្លាប់សត្វល្អិត នៅលើបន្លែទាំងអស់នេះ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ»

លោក អ៊ូ ម៉ានរិន បានបន្តទៀតថា «បន្លែផ្លែឈើផ្សេងទៀត យើងមិនបានរកឃើញ មានសារធាតុគីមីអ្វីនោះទេ។ នៅក្នុងឱកាសនោះ មន្រ្តីជំនាញកាំកុងត្រូលរបស់លោក ក៏បានធ្វើការអប់រំដល់ឈ្មួញ ដែលរកស៊ីនាំទំនិញគ្រប់ ប្រភេទមកពីប្រទេសវៀតណាមទាំងអស់ សូមកុំយកបន្លែ ផ្លែឈើនិងទំនិញដែលខូច គុណភាព និងហួសកាលបរិច្ឆេទ យកមកលក់បន្តទៀត»

ទន្ទឹមគ្នានោះ ក្រុមការងារ ក៏បានថ្លែងសរសើរ និងអរគុណដល់បងប្អូនអាជីវករមួយចំនួន ដែលបានធ្វើកិច្ច សហការល្អ និងដោយរីករាយ ជាមួយក្រុមការងារ និងបានយល់ដឹងយ៉ាងច្បាស់ អំពីផលប៉ះពាល់បណ្តាល មកពីផលិតផល ខូចគុណភាព ដោយបានស្ម័គ្រប្រគល់ផលិតផល ខូចគុណភាពទាំងនោះ ដល់ក្រុមការងារយក ទៅកំទេចចោល។

មួយរយៈចុងក្រោយ លោក ម៉ក់ ពេជ្ជរិទ្ធ បានបញ្ជាឲ្យមន្រ្តីសាខាកាំកុងត្រូលតាមបណ្តាខេត្ត និងតាមព្រំដែនត្រូវបន្តយុទ្ធនាការ ចុះត្រួតពិនិត្យនាំចូលជាប្រចាំ ដើម្បីស្វែងរកសារធាតុគីមី និងចង់ដឹងតើមានខូចគុណភាពដែរឬទេ ដែលទាំងនេះធ្វើឡើង ដើម្បីលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ ដែលបានបរិភោគទំនិញទាំងនេះ៕