(កណ្ដាល)៖ លោកវរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរងទទួលមុខងារយុត្តិធម៌ និងជាតំណាងរបស់លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំកម្លាំងអាវុធហត្ថខេត្តកណ្ដាលជាច្រើននាក់ ចុះអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅវិទ្យាល័យវឌ្ឍនៈ ឈូងលាភ ស្ថិតនៅស្រុកស្អាង ខេត្តកណ្តាល។

ការចុះអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀននេះ គឺធ្វើឡើងតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល។

លោកឧត្តមសេនីយ៍ត្រី សំ តុលា ថ្លែងប្រាប់ថា ក្រៅពីការងារបង្ក្រាបបទល្មើសគ្រឿងញៀនយ៉ាងសកម្ម កម្លាំងអាវុធហត្ថខេត្តកណ្តាល បានចុះទប់ស្កាត់បទល្មើសគ្រឿងញៀន ដោយចុះអប់រំផ្សព្វផ្សាយផលប៉ះពាល់គ្រោះថ្នាក់​ នៃគ្រឿងញៀនបន្ថែមទៀត តាមបណ្តាក្រុង-ស្រុក នៅទូទាំងខេត្ត។

លោកឧត្តមសេនីយ៍ត្រី សំ តុលា បានបន្តថា ជាក់ស្តែងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងអាវុធហត្ថស្រុកស្អាង សរុបចំនួន១៥នាក់ ដែលដឹកនាំដោយ លោកវវសេនីយ៍ឯក ទូច អ៊ីណាន ដោយមានការចូលរួមពី លោកមេឃុំ មេភូមិ លោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងក្រុមការងារស្រុក បានចូលរួមចុះធ្វើយុទ្ធនាការ នៅវិទ្យាល័យវឌ្ឍនៈ ឈូងលាភស្ថិតនៅស្រុកស្អាង ខេត្តកណ្តាល។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ទូច អ៊ីណាន បានផ្សព្វផ្សាយការណែនាំស្ដីពី ផលប៉ះពាល់គ្រោះថ្នាក់ នៃប្រើប្រាស់គ្រឿងញៀន ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន៧០៦នាក់។

លោកវរសេនីយ៍ឯក ទូច អ៊ីណាន បានលើកយកមាត្រាមួយចំនួន ពាក់ព័ន្ធនឹងការជូញដូរ រក្សាទុក ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដោយបានផ្តល់លេខទូរស័ព្ទរបស់មន្រ្តីជំនាញ អាវុធហត្ថខេត្ត និងលេខទូរស័ព្ទរបស់ មេបញ្ជាការស្រុកស្អាង ជូនដល់លោកគ្រូ អ្នកគ្រូ និងចែកសៀវភៅ ស្តីពីចំណះដឹងជាមូលដ្ឋានអំពីគ្រោះថ្នាក់ បណ្តាលមកពីគ្រឿងញៀន និងបានបិទខិតបណ្ណតាមថ្នាក់រៀន ផងដែរ៕