(ភ្នំពេញ)៖ ផ្សារផលិតផលសមុទ្រធំមួយ ត្រូវបានបង្កើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ដើម្បីដាក់លក់រាល់ផលិតផលសមុទ្ររបស់ប្រជាពលរដ្ឋខ្មែរ ដែលពួកគាត់ផលិត ឬនេសាទបាន។ ផ្សារនេះត្រូវបានរំពឹងថា នឹងចូលរួមចំណែកពង្រីកទីផ្សារសម្រាប់ផលិតផលរបស់ប្រជាពលរដ្ឋ ដែលជួយឲ្យជីវភាពកាន់តែល្អប្រសើរ។

ផ្សារមួយ ត្រូវបានរួមគ្នាសហការបង្កើតឡើងរវាងក្រសួងពាណិជ្ជកម្ម រួមនិងដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិមួយចំនួន។ កិច្ចព្រមព្រៀងលើកិច្ចសហការបង្កើតផ្សារនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃ០១ ខែមីនា ឆ្នាំ២០១៧នេះ រវាង លោក ចាន់ ស៊ីថា ម្ចាស់ផ្សារ លោក ជិន សំណាង ជាតំណាងសម្ព័ន្ធសមាគមជលផលសមុទ្រកម្ពុជា និងលោក ឆេធី ស៊ីថារ៉ាម៉ា ថមបាធូ តំណាងកម្មវិធីពិពិធកម្ម និងការពង្រីកការនាំចេញកម្ពុជា ផ្នែកជលផលសមុទ្រ ក្រោមអធិបតីភាពលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក សុខ ណារិន នាយកប្រតិបត្តការរបស់អង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មប្រចាំកម្ពុជា (UNIDO)។

លោកនាយក សុខ ណារិន បានឲ្យដឹងថា តាមរយៈជំនួយបច្ចេកទេស ដែលផ្តោតលើការផលិតប្រកបគុណភាព និងអនាម័យ​របស់​គម្រោងជលផលសមុទ្រ រួមទាំងការបង្កើតផ្សារសហគមន៍មួយនេះ នឹងជួយអ្នកកែច្នៃផលិតផលជលផលសមុទ្រ ឲ្យមានទីផ្សារ​លក់ផលិតផល មានសុវត្ថិភាព ក៏ដូចជាបង្កើនប្រាក់ចំណូលរបស់ពួកគាត់។

លោករដ្ឋលេខាធិការ ម៉ៅ ថូរ៉ា បានសាទរចំពោះការរៀបចំឲ្យមានផ្សារសហគមន៍នេះឡើង ហើយបានអំពាវនាវឲ្យ​សារធារណ​ជន​ជួយគាំទ្រផ្សារថ្មីក្នុងស្រុកមួយនេះ ដើម្បីចូលរួមលើកកម្ពស់ផលិតផលជាតិ។

តាមរយៈការពិគ្រោះយោបល់ កន្លងមក អ្នកពាក់ព័ន្ធទាំងអស់បានយល់ស្របគ្នាថា ដើម្បីបង្កើតសម្ព័ន្ធសមាគមមួយឲ្យ​មានដំណើការល្អ គម្រោងជលផលសមុទ្រត្រូវធ្វើការងារសំខាន់ៗចំនួន២ រួមមាន៖ ១. ជំរុញឲ្យមានការចូលរួមរបស់សមាជិក ដោយធានាថា សមាជិកទាំងអស់ នឹងទទួលបានផលប្រយោជន៍ភ្លាមៗ និង២. បង្កើនការយល់ដឹង និងពង្រឹងសមត្ថភាព​សមាគមអ្នកកែច្នៃ ក្នុងការតស៊ូមតិ។

គំនិតបង្កើតឲ្យមានផ្សាររួម សម្រាប់សម្ព័ន្ធសមាគមជលផលសមុទ្រកម្ពុជាមួយនេះ គឺដើម្បីផ្តល់ជាប្រយោជន៍ភ្លាមៗ និងជំរុញការឆ្លើយតបឲ្យបានទាន់ពេលក្នុងការលក់ដុំ និងរាយផលិតផលជលផលទាំងនោះ ជូនអតិថិជនក្នុងស្រុក និងក្រៅស្រុក។ ផ្សារសហគមន៍នេះ ក៏នឹងប្រើជាមជ្ឈមណ្ឌលសេវាកម្ម ឬផ្តល់ព័ត៌មានផ្សព្វផ្សាយរវាងអ្នកទិញ និងអ្នកលក់ ផលិតផលរបស់សម្ព័ន្ធសមាគមជលផលសមុទ្រកម្ពុជាផងដែរ។

បើតាមមន្រ្តីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ផ្សារផលិតផលសមុទ្រនេះ ត្រូវបានសាងសង់ឡើងដោយចំណាយថវិកា​ប្រមាណ ២៥,០០០ដុល្លារអាមេរិក ក្នុងនោះថវិការបស់ក្រសួងពាណិជ្ជកម្មប្រមាណ ៥០០០ដុល្លារ។ រាល់ផលិតផលសមុទ្រ ដែលដាក់លក់នៅក្នុងផ្សារនេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យគុណភាពយ៉ាងច្បាស់លាស់ ដើម្បីចៀសវាងការបង្កបញ្ហាដល់​សុខភាពរបស់អ្នកទិញ៕