(ភ្នំពេញ)៖ ការលាលែងរបស់ សម រង្ស៊ី ពីប្រធានបក្សសង្គ្រោះជាតិ បានបន្សល់ទុកនូវបញ្ហាជាច្រើនសម្រាប់បក្ស និងបាននាំឱ្យបក្សដែលកើតចេញពីការ ច្របាច់បញ្ចូលគ្នារវាងមន្ត្រីគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ជួបនឹងវិបត្តិធ្ងន់ធ្ងរដោយប្រឈមនឹងការប្រកួតប្រជែងផ្ទៃក្នុងបក្ស និងការអនុវត្តយុទ្ធសាស្ត្រ សំរិទ្ធរបស់ក្រុម កឹម សុខា ដើម្បីលេបបក្សទាំងមូលតែម្តង។ តើរឿងរ៉ាវផ្ទៃក្នុងបក្ស ការដណ្តើមឥទ្ធិលពលគ្នារវាង សម រង្ស៊ី និងក្រុម កឹម សុខា ក្នុងការគ្រប់គ្រងបក្សកើតឡើងយ៉ាងណា ខ្ញុំសូមលើកយកចំណុចមួយមកវិភាគជូនមិត្តអ្នកអាន៖

១៖ ផលវិបាកនៃការលាលែងបែបខុសរបៀបរបស់ សម រង្ស៊ី ពីតំណែងប្រធានបក្ស គឺវិបត្តិកូតា ក្នុងក្បាលម៉ាស៊ីនដឹកនាំ និងភាពជ្រួលច្របល់របស់មន្ត្រី នៅថ្នាក់កណ្តាល និងថ្នាក់ក្រោម ជាពិសេស ការរៀបចំយុទ្ធសាស្ត្ររៀងៗខ្លួនរបស់មន្ត្រីក្រុម សម រង្ស៊ី និងមន្ត្រីក្រុម កឹម សុខា ដើម្បីដណ្តើមក្តោបក្តាប់ បក្ស។ សម រង្ស៊ី និងក្រុមរបស់គាត់ ត្រូវបានបង្ខំចិត្តផ្លាស់ប្តូរយុទ្ធសាស្រ្តភ្លាមៗ បន្ទាប់ពីយុទ្ធសាស្រ្តអូសបន្លាយ ពេលសមាជបក្សដល់ខែមេសា ឆ្នាំ២០១៨ ត្រូវបានបរាជ័យ ដោយសារច្បាប់គណបក្សនយោបាយថ្មីបានកំណត់ឱ្យរើសប្រធានបក្សត្រឹមតែ៩០ថ្ងៃ។ គណបក្សសង្គ្រោះជាតិ បានសម្រេចដូរមកធ្វើសមាជបក្សជាវិសាមញ្ញវិញ នៅថ្ងៃទី០២ ខែមីនាខាងមុខនេះ។

២៖ សម្រាប់ក្រុមរបស់លោក សម រង្ស៊ី គឺ វិបត្តិជាន់លើវិបត្តិ ជាពិសេសវិបត្តិផ្នែកយុទ្ធសាស្រ្តផ្ទៃក្នុងនៅក្នុងបក្ស! ជាយុទ្ធសាស្រ្តសម្រាប់ក្រុម សម រង្ស៊ី គឺ (ក)-ធានាឱ្យក្រុមខ្លួនដែលបានដាក់ដើមទុនច្រើនជាងគេ អាចបន្តដឹកនាំបក្សបាន (ខ)-ត្រូវធ្វើយ៉ាងណាធានាឱ្យ សម រង្ស៊ី នៅមានឥទ្ធិពលក្នុង ការដឹកនាំបក្សនេះ លើការជាក់ស្តែង ក្នុងឋានៈជាប្រធានស្រមោល (គ)-ធានាការវិលត្រឡប់របស់ សម រង្ស៊ី មកដឹកនាំបក្សវិញ ក្នុងកាលៈទេសៈនយោបាយដែល សម រង្ស៊ី អាចត្រឡប់មកកម្ពុជាវិញ និង (ឃ)-ធានាថា កឹម សុខា មិនលេបត្របាក់យកបក្សនេះបាន!

៣៖ សម្រាប់ក្រុម កឹម សុខា ការលាលែងរបស់ សម រង្ស៊ី ទោះបីជាការលាលែងបែបឆាកល្ខោន ប៉ុន្តែ វាគឺជាឱកាសមាស ដែល ១០០ ឆ្នាំ ជួបម្តង! ជាយុទ្ធសាស្រ្តសម្រាប់ក្រុម កឹម សុខា (ក)-ត្រូវដណ្តើមយកប្រធានបក្សឱ្យខាងតែបានពីដៃក្រុម សម រង្ស៊ី ហើយត្រូវធានាថា តំណែងប្រធានបក្សរបស់ខ្លួនមិនអាចដកវិញបាន បើខ្លួនមិនចុះចេញ (ខ)-ដើម្បីពង្រឹងប្រជាប្រិយភាពផ្ទាល់ខ្លួន និងបន្ថយឥទ្ធិពល សម រង្ស៊ី ក្នុងបក្ស (គ)-ពង្រឹងការបង្រួបបង្រួមបក្សកុំឱ្យបែកបាក់ ព្រោះបក្ស គឺជារបស់ខ្លួនចាប់ពីពេលតទៅ (ឃ)-ដូចនេះត្រូវចេះប្រើគ្រប់វិធីសាស្រ្តលួងលោម សម រង្ស៊ី និងក្រុមសម រង្ស៊ី កុំទាន់ឱ្យបែកចេញពីបក្ស និងឱ្យជួយធ្វើនយោបាយបន្តទៀត រហូតដល់ពេលបោះឆ្នោតឃុំសង្កាត់ ការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត (ង)-បញ្ចូលនិងបន្ថែមកម្លាំងបក្សសិទ្ធិមនុស្សពីមុនទៅក្នុងបក្សទាំងលើ ទាំងកណ្តាល ទាំងក្រោម ហើយទន្ទឹមនឹងនេះទាក់ទាញក្រុម សម រង្ស៊ី ឱ្យគាំទ្រខ្លួន ដោយប្រើដៃជាប្រធានបក្ស និងផ្តល់ថ្នូរជាផលប្រយោជន៍នយោបាយ ដើម្បីជាការ ត្រៀមហេតុការណ៍ដែល សម រង្ស៊ី និងក្រុម សម រង្ស៊ី បែកចេញពីបក្ស (ច)-ត្រូវធានាអាសនៈទាំងអស់ដែលទទួលបានពីការ បោះឆ្នោតឃុំសង្កាត់ ពីការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតតំណាងរាស្រ្ត គឺជារបស់គណបក្សសង្គ្រោះជាតិដែលខ្លួនកាន់កាប់ ដើម្បីធានាថា ការដើរចេញនាថ្ងៃមុខរបស់ សម រង្ស៊ី និង ក្រុម សម រង្ស៊ី គឺទៅដោយខ្លួនទទេ និងមិនប៉ះពាល់ដល់អាសនៈ របស់គណបក្សសង្គ្រោះជាតិ និងទី៧-ខ្ទប់ការវិលត្រឡប់របស់ សម រង្ស៊ី មកធ្វើប្រធានបក្សវិញ ទាំងនៅមុនការបោះឆ្នោត និងក្រោយការបោះឆ្នោត ដោយប្រើដៃគណបក្សប្រជាជនកម្ពុជា។ បើត្រៀមតាមផែនការនេះ កឹម សុខា នឹងក្តោមក្តាប់បានដោយជោគជ័យបំផុត ហើយ សម រង្ស៊ី មិនត្រឹមតែមិនអាចវិលត្រឡប់មកគ្រប់គ្រងបក្សវិញនោះទេ ថែមទាំងអាចធានាបានថា ការបែកចេញរបស់ សម រង្ស៊ី និងក្រុម សម រង្ស៊ី នៅថ្ងៃអនាគត នឹងមិនធ្វើឱ្យប៉ះពាល់ដល់គណបក្ស ហើយថែមទាំងអាចធានាបាននូវការទាក់ទាញក្រុម សម រង្ស៊ី មួយចំនួនធំឱ្យនៅបន្តគាំទ្របក្សវិញដដែរ! ក្រោមការដឹកនាំរបស់ កឹម សុខា គណបក្សសង្គ្រោះជាតិ ជាគណបក្សបែបទស្សនៈគំនិត មិនមែនជាគណបក្សបែបបុគ្គលនិយម ដូចក្រោមការដឹកនាំរបស់ សម រង្ស៊ី ឡើយ។

៤៖ សម្រាប់ក្រុម សម រង្ស៊ី បច្ចុប្បន្ន កំពុងជួបវិបត្តិធ្ងន់ធ្ងរ! តាមការពិត បើផ្អែកតាមស្មារតីនៃការរួមគ្នាបង្កើតបក្សសង្គ្រោះជាតិ រវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីឆ្នាំ ២០១២ អ្នកដែលត្រូវឡើងធ្វើប្រធានបក្ស គឺ កូតាខាងគណបក្ស សម រង្ស៊ី ហើយប្រព័ន្ធកូតានេះ ត្រូវបានប្រើជាមូលដ្ឋានដើម្បីរក្សាតុល្យភាពក្រុមនៅក្នុងបក្សផង និងដើម្បីរក្សាបក្សដែលមានឈាមខុសគ្នានេះ ឱ្យនៅជាមួយ គ្នាផង។ ដោយផ្អែកលើគោលការណ៍កូតានេះ កន្លងមក សម រង្ស៊ី ដែលជាប្រធានបក្ស មិនអាចទាមទារយកតំណែងអនុប្រធានទី១ របស់រដ្ឋសភាបានទេ នៅពេលចរចាសុំតំណែងនេះបានពីគណបក្សប្រជាជនកម្ពុជា ព្រោះ សម រង្ស៊ី និង កឹម សុខា បានព្រមព្រៀងគ្នានៅពេលបង្កើតបក្ស សង្គ្រោះជាតិថា តំណែងរដ្ឋសភាឱ្យទៅ កឹម សុខា ហើយតំណែងរដ្ឋាភិបាលឱ្យទៅ សម រង្ស៊ី។ បើ សម រង្ស៊ី គាត់ឆ្លាតតែបន្តិច ហើយមិនស្លន់ស្លោចាញ់បោកគេ ក្នុងការសម្រេចលាលែងមុនពេលដឹងខ្លឹមសារច្បាប់គណបក្សនយោបាយមានន័យថាម៉េច គួរណាស់តែ សម រង្ស៊ី ម្ចាស់ការរៀបចំសេណារីយ៉ូឱ្យហើយ ដោយរកឥស្សរជនណាម្នាក់ឡើងធ្វើប្រធានបក្សជំនួសគាត់ តាមគោលការណ៍កូតាបក្សដែលបានព្រមព្រៀងពីមុនជាមួយ កឹម សុខា នោះក្រុមរបស់ គាត់ប្រហែលជាមិនជួបវិបត្តិឡើយ។ ប៉ុន្តែ កំហុសនេះបាននាំមកនូវវិបត្តិធ្ងន់ធ្ងរសម្រាប់ក្រុម សម រង្ស៊ី ហើយដែលឥឡូវ កំពុងតែរកផ្លូវ ដើម្បីកែកុនស្ថានការណ៍ឡើងវិញ។

៥៖ រឿងប្រធានគណបក្ស មិនអាចយកមកវិញនោះទេ ហើយក៏លែងជាកូតារបស់ សម រង្ស៊ី ដែរព្រោះច្បាស់ណាស់ ប្រធានបក្សត្រូវបានទៅលើ កឹម សុខា ដែលចាត់ទុកថា ជាមនុស្សមានសំណាងខ្ពស់ ជួបគ្រោះរឿងអាស្រូវផ្លូវភេទ និងរឿងក្តីនៅតុលាការ ទីបំផុតមិនត្រឹមតែរួចខ្លួន បែរជាជួបលាភធំឡើងធ្វើប្រធានបក្សទៅវិញ។ បើមិនមែនជាសំណាង និងព្រហ្មលិខិត មានតែជាផែនការសម្ងាត់របស់ កឹម សុខា និងទេវតា!? ដូចនេះ អ្វីដែលនៅសល់សម្រាប់ក្រុម សម រង្ស៊ី គឺមានអនុប្រធានបក្សតែប៉ុណ្ណោះ។ បើតាមដំណឹងដែលគណបក្សសង្គ្រោះជាតិប្រកាសឱ្យដឹងកាលពីថ្ងៃម្សិលមិញ គឺនឹងរៀបចំឱ្យមានអនុប្រធានបក្ស ៣ រូប ក្នុងនោះមួយរូប គឺកូតាខាងសិទ្ធិមនុស្ស ហើយអនុប្រធានពីររូបទៀត គឺបានទៅខាង សម រង្ស៊ី។ ចំពោះកូតាសិទ្ធិមនុស្ស អនុប្រធានបក្ស គឺគួរបានទៅ ប៉ុល ហំម ដែលគេស្គាល់ជាចាស់ទុំក្នុងបក្ស ជាមនុស្សទី ២ បន្ទាប់ពី កឹម សុខា និងជាគ្រូកលយុទ្ធឱ្យ កឹម សុខា។ មើលទៅ កឹម សុខា និងក្រុមរបស់គាត់ បាន បោះជំហានទៅមុខមួយៗតាមក្រឡាយុទ្ធសាស្រ្ត ដើម្បីគ្រប់គ្រងបក្សនេះហើយ។ ជីវិតនយោបាយ សម រង្សី នឹងត្រូវកំណត់នៅថ្ងៃទី២ ខែមីនា នេះហើយ!

៦៖ ចំណែកខាង សម រង្សុី វិញ គឺត្រូវរកមនុស្សដែលមានសមត្ថភាពគ្រាន់បើជាងគេបន្តិចចំនួនពីររូប ក្នុងចំណោមឥស្សរជនរយៗរបស់ខ្លួន មកធ្វើជាអនុប្រធានបក្ស ដើម្បីទប់ជាមួយ កឹម សុខា ទាំងផ្នែកនយោបាយ ទាំងផ្នែកយុទ្ធសាស្រ្ត។ តាមព័ត៌មានដំបូងដែលលេចលឺចេញពីមាត់ សម រង្ស៊ី គឺ យឹម សុវណ្ណ នឹងក្លាយទៅជាអនុប្រធានម្នាក់ ក្នុងចំណោមអនុប្រធានទាំងពីរនាក់នៃកូតា សម រង្ស៊ី។ ប៉ុន្តែអ្វីៗគឺស្ថិតក្នុងស្ថានភាព មិនច្បាស់នៅឡើយ ព្រោះចុងក្រោយ លឺថា យឹម សុវណ្ណ ក៏សុំដកខ្លួន ហើយប្រគល់ឱ្យទៅ អេង ឆៃអ៊ាង វិញ ហើយអនុប្រធានម្នាក់ទៀត គឺជាស្រ្តី ដែលអាចជា មូរ សុខហួរ។ មូរ សុខហួរ ជាកូតាស្រ្តី អាចល្អសម្រាប់រូបភាពបក្ស ពិសេស មានទំនាក់ទំនងល្អជាមួយខាងអាមេរិក ប៉ុន្តែទាស់ត្រង់ថាឱ្យតែនិយាយ ច្រើនបន្តិច គឺពុលទឹកមាត់ និយាយខ្មែរអត់ត្រូវវេយ្យាករណ៍ ប៉ាតណាប៉ាតណីលែងដឹងទិសតំបន់ ហើយថែមទាំងកំពុងជាប់រឿងក្តីនៅតុលាការ ក្នុងសំណុំរឿងកុបកម្មនៅស្ពាននាគជាមួយ មាជ សុវណ្ណារ៉ា ស្រួលមិនស្រួល សំណុំរឿងនេះអូសគណបក្សទៅរកការរលមរលាយផងក៏មិនដឹង។ យឹម សុវណ្ណ វិញ មានរឿងអាស្រូវស្នេហាត្រីកោណ មិនដឹងអ្នកណាជាប្រពន្ធច្បាស់ ហើយមនុស្សក្នុងបក្ស មិនសូវពេញចិត្តទៀត។ ថ្មីៗនេះ លឹម គីមយ៉ា ដែលជាមន្ត្រីធំរបស់ សម រង្ស៊ី ដែរនោះ បានសំដែងការមិនពេញចិត្តនឹង យឹម សុវណ្ណ ថាជាមនុស្សដប់គត់ និងមិនអាចទប់ជាមួយ កឹម សុខា បានទេ។ បើ អេង ឆៃអ៊ាង វិញ លើកមកធ្វើជាអនុប្រធានបក្សក៏ពិបាក ព្រោះមានរឿងអាស្រូវជាអ្នកញៀនល្បែងស៊ីសងដ៏ល្បីនៅតាមកាស៊ីណូ។

៧៖ ផ្ទុយទៅវិញ លោក លឹម គីមយ៉ា ដែលជាមន្ត្រីក្រាក់មួយរូបរបស់លោក សម រង្ស៊ី បានបង្ហាញទំនោរក្នុងការស្នើឱ្យលោក គង់ គាំ ដែលមិនមែនជា សមាជិកបក្សសង្គ្រោះជាតិ និងបានលាឈប់ធ្វើនយោបាយហើយនោះ ឱ្យមកធ្វើជាអនុប្រធានបក្ស ហើយគិតថា អាចទប់ទល់ជាមួយ កឹម សុខា បាន។ ទន្ទឹមនឹងនេះ លោក លឹម គីមយ៉ា ក៏បង្ហាញពីការមិនទុកចិត្ត និងមិនគាំទ្រ យឹម សុវណ្ណ ផងដែរ។

ទំនាស់ក្នុងការដណ្តើមអនុប្រធានបក្ស គឺជារឿងតូចតាច ប៉ុន្តែ រឿងធំ គឺការមើលឃើញអំពីការបែកបាក់ក្នុងក្រុម សម រង្ស៊ី និងការបន្តរៀបផែនការ ដាក់មនុស្ស ត្រៀមទប់ទល់ជាមួយក្រុម កឹម សុខា ដើម្បីកុំឱ្យក្រុមនេះ លេបត្របាក់យកបក្សនេះទាំងមូល បន្ទាប់ពីផែនការទី១ របស់ កឹម សុខា ត្រូវបានអនុវត្តបានដោយជោគជ័យរួចទៅហើយ។ ក្រុម សម រង្សុី ខ្លះចាប់ផ្តើមមានភ្នែកភ្លឺ និងមើលឃើញពីមហិច្ឆិតារបស់ កឹម សុខា ហើយចាប់ ផ្តើមជូនយោបល់រៀបចំទប់ហើយ ប៉ុន្តែថ្ងៃទី២ ខែមីនា មកដល់ថ្ងៃស្អែកហើយ ពេលវេលាខ្លីពេកដើម្បីធ្វើឱ្យ សម រង្ស៊ី មានភ្នែកភ្លឺឡើងវិញ។

អ្នកឃ្លាំមើលនយោបាយនៅកម្ពុជា នឹងនាំគ្នាកត់ត្រាទុកនូវព្រឹត្ត្តិការណ៍ ថ្ងៃទី ២ មីនា នេះ ប៉ុន្តែ កត់ត្រាថា ជាថ្ងៃអង្សានៃជិវិត នយោបាយបស់ សម រង្ស៊ី។ មើលទៅខ្យល់ព្យុះមួយនេះ ទើបតែចាប់ផ្តើមប៉ុណ្ណោះ ហើយព្យុះនេះគឺជាព្យុះទី១ នៅក្នុងបន្ទាយព្រះអាទិត្យ ហើយបើតាមការព្យាករណ៍ ព្យុះធំៗផ្សេងទៀត ក៏កំពុងតម្រង់ទិសមករកបន្ទាយព្រះអាទិត្យ ថែមទៀតនាពេលខាងមុខ ហើយនឹងធ្វើដំណើរមកពីខាងមុខផង មកពីខាងក្រោយខ្នងផង!

ដោយ៖ បក្សីចាំក្រុង