(តាកែវ)៖ បន្លែ៣ប្រភេទដែលរួមមាន៖ ផ្លែម្ទេស ស្លឹកកាឆាយ និងស្លឹកខ្ទឹម ដែលនាំចូលពីប្រទេសវៀតណាម ត្រូវបានមន្រ្តីកាំកុងត្រូល ច្រកទ្វាអន្តរជាតិភ្នំដិន ហាមឃាត់មិនឲ្យនាំចូលមកកាន់ទីផ្សារស្រុកខ្មែរ បន្ទាប់ពីរថយន្តពិសោធន៍ចល័ត «Mobile Lab» របស់អគនាយកដ្ឋានកាំកុងត្រូល បានចុះមកធ្វើការពិសោធន៍លើបន្លែផ្លែឈើ នៅច្រកទ្វាភ្នំដិន និងបានរកឃើញសាធាតុគីមីដែលត្រូវហាមឃាត់។

លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានថ្លែងឲ្យដឹងថា ការចុះមកត្រួតពិនិត្យលើបន្លែ ផ្លែឈើ របស់រថយន្តពិសោធន៍អគ្គនាយកដ្ឋានកាំកុងត្រូលនេះ យើងបានធ្វើការពិនិត្យលើបន្លែផ្លែឈើចំនួន២៨មុខ តែជាលទ្ធផលយើង បានរកឃើញបន្លែចំនួន៣មុខរួមមាន៖ ផ្លែម្ទេស ស្លឹកកាឆាយ និងស្លឹកខ្ទឹម មានកាកសំណល់សំលាប់សត្វល្អិត នៅលើបន្លែទាំងអស់នេះ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគដូចជា៖ ថប់ដង្ហើម ហប់ៗ និងរលាកបំពង់កជាដើម។

លោក ប៉ោ លាងគង់ បានបន្តថា «បន្លែផ្លែឈើ២៥មុខទៀត យើងមិនបានរកឃើញមានសារធាតុគីមីអ្វីនោះទេ។ ហើយចាប់ពីពេលនេះតទៅ គឺយើងបញ្ឈប់មិនឲ្យមានការនាំចូលបន្លែទាំង៣ប្រភេទនេះ ចូលមកប្រទេសកម្ពុជា​យើងតទៅទៀត ក៏ប៉ុន្តែបើមានការនាំចូលឡើងវិញ ទាល់តែមានឯកសារបញ្ជាក់ច្បាស់លាស់ពីប្រភពនៃការនាំចូល និងការត្រួតពិនិត្យដោយរកមិនឃើញសារធាតុគីមី ឬកាកសំណល់ថ្នាំបាញ់សម្លាប់សត្វល្អិត នៅលើបន្លែទាំង៣មុខខាងលើ ទើបយើងអនុញ្ញាតឲ្យមានការនាំចូលឡើងវិញបាន»