(ភ្នំពេញ)៖ នៅមុននេះបន្តិចគណបក្សសង្រ្គោះជាតិ បានចេញប្រកាសជាផ្លូវការ អំពីបេក្ខភាពក្បាលម៉ាស៊ីនដឹកនាំបក្ស៖ លោក កឹម សុខា ប្រធាន, លោក ប៉ុល ហំម, លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង អនុប្រធាន នេះបើសេចក្តីប្រកាសព័ត៌មានដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាន។

បេក្ខជនក្បាលម៉ាស៊ីនទាំង៤នាក់ នឹងត្រូវដាក់បញ្ចូលក្នុងការបោះឆ្នោត នៅក្នុងសមាជវិសាមញ របស់គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ស្អែកនេះ ខណៈដែលសមាជនេះ គណៈកម្មាធិការនាយករបស់គណបក្សសង្រ្គោះជាតិ បានសម្រេចជ្រើសរើស លោក ថាច់ សេដ្ឋា ជាប្រធានសមាជវិសាមញ។

សូមជំរាបថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ សំឡេងរបស់លោក សម រង្ស៊ី ហៅទូរស័ព្ទទៅកាន់លោក យឹម សុវណ្ណ ត្រូវបានបែកធ្លាយ នៅលើបណ្តាញសង្គម Facebook។ សំឡេងនោះបង្ហាញថា លោក សម រង្ស៊ី បានពិភាក្សាជា​មួយលោក យឹម សុវណ្ណ មន្រ្តីជំនិតរបស់ខ្លួនអំពីការរៀបចំក្បាលម៉ាស៊ីនថ្មីរបស់គណបក្សសង្រ្គោះជាតិ បន្ទាប់ពីលោកលា​លែង​ពីតំណែង ដោយការប្រើប្រាស់រូបមន្តប្រធានម្នាក់ និងអនុប្រធាន៣នាក់។

នៅក្នុងសំឡេងបែកធ្លាយនោះ លោក សម រង្ស៊ី បានពន្យល់ដល់ លោក យឹម សុវណ្ណ ឱ្យគាំទ្រដល់រូបមន្តប្រធាន១ អនុប្រធាន​៣​នាក់ ហើយស្នើឱ្យមន្រ្តីជាន់ខ្ពស់រូបនេះ កុំរករឿងគ្នានៅក្នុងគណបក្ស ដើម្បីធ្វើយ៉ាងណាចូល​រួមក្នុងការបោះឆ្នោត​នៅពេលខាងមុខ។ នៅពេលនេះអ្វីដែលជាការលើកឡើងរបស់លោក សម រង្ស៊ី តាមសម្លេង បែកធ្លាយនោះបានក្លាយជាការពិតហើយ៕