(កំពត)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧នេះ បានចូលរួមប្រកាសផ្ទេរភារកិច្ច តែងតាំង មុខតំណែង ជូនដល់អធិការ អធិការរង នៃអធិការដ្ឋាននគរបាលក្រុងកំពត និងបានណែនាំអនុវត្តការងារ ដល់មន្រ្តីចាស់ថ្មីនានា។

លោកវរសេនីយ៍ត្រី កែវ មុនី ត្រូវបានតែងតាំង ជាអធិការនគរបាលក្រុងកំពត ជំនួសលោកវរសេនីយ៍ទោ ងឹម វ៉េត ត្រូវប្តូរ​ទៅជាស្នងការ​រងនគរបាលខេត្តកំពត និងលោកអនុសេនីយ៍ឯក តូ ម៉ាណារិន អតីតមេប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ត្រើយកោះ ជាអធិការរងទទួលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងកំពត។

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំង មុខតំណែងនេះ មានការចូលរួមពីលោកអភិបាលក្រុងកំពត និងប្រធានក្រុមប្រឹក្សាក្រុងកំពត និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

លោកស្នងការ ម៉ៅ ច័ន្ទមធុរិទ្ទ បានណែនាំឲ្យលោកអធិការ ដែលទើបតែងតាំងថ្មី ត្រូវយកគម្រូតាមលោកអធិការ​នគរបាល​ចាស់ ដែលខិតខំកសាងស្នាដៃ ជាគម្រូក្នុងការបង្ក្រាបរាល់បទល្មើសនានា កន្លងមក។

លោកស្នងការស្នើឲ្យកម្លាំងនគរបាលទាំងអស់ក្នុងក្រុងកំពត ត្រូវចេះសាមគ្គីផ្ទៃក្នុង សហការគ្នាឲ្យបានល្អ ដើម្បីសម្រេច​ការងារផែនការ ដែលឆ្លើយតបតាមសំនូមពរ ចំពោះថ្នាក់លើតម្រូវការ ជាពិសេសជំរុញឲ្យលោកអធិការថ្មី ត្រូវមើលកង​កម្លាំងនគរបាលក្រោមឱវាទ និងប្រជាពលរដ្ឋ ដែលមានការខ្វះខាតជីវភាព តោកយ៉ាក រាយការជូនរូបលោក ដើម្បីជួយ​ឧបត្ថម្ភតាមលទ្ធភាព ដែលអាចជួយពួកគាត់ក្នុងគ្រាលំបាក៕