(ពោធិ៍សាត់)៖ ក្រោយពីទទួលបានការផ្សព្វផ្សាយទូលំទូលាយ ពាក់ព័ន្ធផ្លូវច្បាប់ និងគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» រួចមក ប្រជាពលរដ្ឋនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ បានយកកាំភ្លើង AK ស្វ័យបត់១ដើម ដែលគាត់បានប្រទះឃើញ នៅចំណុចឫស្សីជ្រុំ ចំពេលដែលពួកគាត់ចូលទៅធ្វើចម្ការនៅទីនោះ មកប្រគល់ជូនកម្លាំងសមត្ថកិច្ចប៉ុស្តិ៍អូរសោម ដើម្បីរក្សាទុកបន្ត នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ពលរដ្ឋដែលបានប្រគល់កាំភ្លើង AK ស្វ័យបត់១ដើម មកឲ្យសមត្ថកិច្ចដោយខ្លួនឯងនោះ មានឈ្មោះ ញ៉េប ទ្រី អាយុ៦៤ឆ្នាំ រស់នៅភូមិកៀនជង្រុក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍បន្តថា ការដែលប្រជាពលរដ្ឋប្រគល់អាវុធនេះ ធ្វើឡើងក្រោយពីពួកគាត់បានយល់ច្បាស់អំពីច្បាប់ និងចូលរួមអនុវត្តន៍គោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» ព្រោះថាការរក្សាទុកអាវុធ គឺជាអំពើខុសច្បាប់ ប្រសិនបើសមត្ថកិច្ចរកឃើញ និងត្រូវទទួលទោសតាមផ្លូវច្បាប់៕