(ភ្នំពេញ)៖ ក្រុមហ៊ុនជេស៊ី (ខេមបូឌា) អ៉ីនធើណេសិនណល អ៊ែរឡាញ នៅព្រឹកថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០១៧ បាននិមន្​តសម្តេចព្រះវន័រត ណយ ច្រឹក ធ្វើពិធីសូត្រមន្តប្រោសព្រំប្រសិទ្ធិពរសិរីសួស្តីជ័យ​មង្គលជូនអគ្គនាយិការ​ក្រុមហ៊ុនអាកាស​ចរណ៍ជេស៊ី លោកស្រី Dong Yan Huang និងថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកក្រុមហ៊ុន។ ក្នុងពិធីនោះ​ក៏មានការប្រោស​ព្រំយន្តហោះថ្មីស្រឡាងពីរគ្រឿងផងដែរ។

គួររំលឹកថា ជេស៊ី (ខេមបូឌា) អ៊ិនធើណេសិនណល អ៊ែឡាញជាក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយ ដែលនឹងធ្វើប្រតិបត្តិការណ៍​ជើងហោះហើរក្នុងស្រុករបស់ខ្លួនរវាងទីក្រុងភ្នំពេញ និងទីក្រុងសៀមរាប ហើយពីទីក្រុងសៀមរាប ឆ្ពោះទៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៧ ខែមីនា២០១៧ខាងមុខនេះ ជាមួយការជឿជាក់ប្រកបដោយភាពកក់ក្តៅ បទពិសោធន៍ និងតម្លៃសមរម្យ​លើសេវាហោះហើរ ដល់អ្នកដំណើរទាំងក្នុងស្រុក និងក្រៅប្រទេស។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុនបច្ចុប្បន្នមានយន្តហោះថ្មីពីរគ្រឿងនៅអាកាសយាន្តអន្តរជាតិភ្នំពេញ ហើយយន្តហោះទី៣ នឹងមកដល់ក្នុងខែ មិថុនា និងមួយទៀត គឺក្នុងខែវិច្ឆិកា ខាងមុខនេះ។

ក្រុមហ៊ុនអាកាសចរណ៏ជេស៊ី មានគម្រោងបន្ថែមយន្តហោះចំនួន ៤គ្រឿងរយៈពេល១ឆ្នាំ និងជើងហោះហើរទៅកាន់ទីក្រុង ម៉ាកាវ បាងកក ហូជីមិញ ហុងកុង។ល។ ដើម្បីបំពេញតម្រូវការផ្នែកសេវាដឹកជញ្ជូនអ្នកដំណើរ ដែលមានការរីកចំរើន​ឥតឈប់ឈរ។ ចក្ខុវិស័យនៃការពង្រីកវិសាលភាពជើងហោះហើររបស់ក្រុមហ៊ុន គឺក្នុងទិសដៅហោះ​ហើរឆ្ពោះទៅកាន់​បណ្តាប្រទេស ក្នុងតំបន់អាស៊ាន ចិន និង អឺរ៉ុប៕