(សៀមរាប)៖ ពាក់បញ្ហាបំណុលអាមេរិក, ជាថ្មីម្តងទៀតប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងរិះគន់​ខ្លាំងៗ​ចំពោះមហាអំណាច អាមេរិកថា បានយកគ្រាប់បែកមកទម្លាក់លើក្បាលកម្ពុជាហើយ បែរជាត្រូវមកទារបំណុល​ពីកម្ពុជាថែមទៀត, ចំពោះករណីនេះសម្តេចមិនទាន់បាន លើកសំណើរទៅកាន់ប្រធានាធិបតីថ្មីរបស់អាមេរិក លោក ដូណាល់ត្រាំ ដើម្បីឲ្យលុបបំណុលនៅឡើយនោះទេ។  

ការថ្លែងរិះគន់ចំៗ ទៅដល់អាមេរិកជាថ្មីនេះ ធ្វើឡើងក្នុងឱកាសដែលស​ម្តេចតេជោ ហ៊ុន សែន អញ្ជើញជា​អធិបតី បើកសន្និសីទ​អន្តរជាតិ ថ្នាក់តំបន់អាស៊ី ប៉ាស៊ីហ្វិក ស្តីពីការអភិវឌ្ឍន៍កុមារតូច ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ នៅសណ្ឋាគារអង្គរអេរ៉ា ក្នុងខេត្តសៀមរាប-អង្គរ។

ថ្លែងចំពោះមុខជនបរទេស ដែលអញ្ជើញមកពីបណ្តាប្រទេសជាច្រើន លើពិភពលោក សម្តេចតេជោ ហ៊ុន សែន ថ្លែងធ្ងន់ៗថា នៅកម្ពុជាគ្រាប់បែក អាមេរិកាំង នៅបន្តធ្វើឲ្យកុមារកម្ពុជាច្រើន ណាស់ស្លាប់បាត់បង់ជីវិត។ លើសពីនេះអាមេរិកថែម​ទាំងតាម​ទារបំណុលថ្លៃគ្រាប់បែកដែល ទម្លាក់លើកម្ពុជាថែមទៀត។   

សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងបន្តថា ក្រៅពីទារបំណុលពីកម្ពុជាហើយ អាមេរិកបានណែនាំឲ្យ IMF មិនបញ្ចេញលុយ​ជួយកម្ពុជា។ សម្តេចថា បើអត់លុយ IMF ក៏កម្ពុជាមិនស្លាប់នោះឡើយ។ សម្តេចអំពាវនាវឲ្យកូនខ្មែរទាំងអស់​ក្រោកឡើង​អភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យកាន់តែខ្លាំងក្លា ដើម្បីចៀសវាងការមើលងាយពីប្រទេសដទៃ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អាមេរិកបង្កហេតុលើប្រទេសខ្ញុំ ហើយទារលុយខ្ញុំទៀត។ ខ្ញុំមិនបាន​ទាន់​លើកសំណើផ្លូវការ ទៅប្រធានាធិបតីថ្មី របស់អាមេរិក លោក ដូណាល់ ត្រាំ ដើម្បីឲ្យលុបបំណុលកម្ពុជា។ រឿងយកគ្រាប់បែក​ទម្លាក់លើក្បាលកម្ពុជា ហើយត្រូវឲ្យកម្ពុជា សងលុយទៀត អានេះវ៉ៃទារលុយ។ មិនដឹងប្រទេស​ដទៃយ៉ាង​ម៉េច ចំពោះប្រទេសខ្ញុំវាអីចឹង គេយកគ្រាប់បែកទម្លាក់លើក្បាល យើងហើយ គេប្រាប់ឲ្យយើងសង ដល់​យើងមិនទាន់បានសង ប្រាប់ IMF (មូលនិធិរូបិយវត្ថុអន្តរជាតិ) កុំឲ្យខ្ចីលុយ។ អើ! មិនឲ្យខ្ចីទេ ខ្ញុំមានសេដ្ឋកិច្ច ៧ភាគរយ អត់មាន IMF ចូលរួមចំណែកទេ។ អត់ IMF ក៏វាមិនងាប់ខ្មែរដែរ»

អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យត្រូវបានឯកភាព​ដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា​ តាមកំទេចពួកយៀកកុង​ យួនឈ្លានពាន​ ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់ សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺន​កន្លែង៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖