(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចាប់ខ្លួនអន្ទិតម្នាក់ ដែលទើបសឹកចាកសិក្ខាបទទើបតែបាន រយៈពេល​២ថ្ងៃ​ប៉ុណ្ណោះ ហើយបានបើករថយន្ត១គ្រឿង ដែលជារថយន្តរបស់ព្រះគ្រូចៅអធិការវត្តអូរគគី ធ្វើដំណើរមកភ្នំពេញ ហើយ​បានចូលទៅកន្លែងម៉ាស្សា កោសជប់មួយកន្លែង ដើម្បីឲ្យនាងៗជួយម៉ាស្សាឲ្យ ប៉ុន្តែត្រូវបាន​ប្រជាពលរដ្ឋប្រទះ​ឃើញគួឲ្យ​សង្ស័យ ព្រោះតែនៅក្នុងរថយន្តនោះមានបាត្រ និងស្បង់ចីវរ ហើយអន្ទិតម្នាក់នោះ ក៏មានសក់នៅខ្លីថែមទៀតផងនោះ ស្មាន​ថា ជាសង្ឃក្លែងក្លាយ ទើបរាយការណ៍ប្រាប់ឲ្យប៉ូលិសចុះទៅចាប់ខ្លួនតែម្ដង។

ការចាប់ខ្លួនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង០១៖៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះម៉ាស្សាកោសជប់ ស្ថិតនៅក្នុងបុរីញូវថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

អន្ទិតម្នាក់នោះ ឈ្មោះ ជា សុវណ្ណាត អាយុ៣៥ឆ្នាំ បួសជាសង្ឃនៅក្នុងវត្តអូគគីរ ដែលមានទីតាំងស្ថិតនៅភូមិអូរគគី ឃុំសុពណ៌​មាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងមានស្រុកកំណើត នៅក្នុងភូមិថ្មី សង្កាត់កណ្តោដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជិះរថយន្ត១​គ្រឿងម៉ាកកាមរីគូទប៉ោង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កណ្ដាល 2A-0807 ដែលជារថយន្តរបស់​គ្រូចៅអធិការវត្តខាងលើនោះ ហើយនៅក្នុងរថយន្តនោះ មានបាត្រ រួមជាមួយស្បង់ចីវរ របស់ព្រះគ្រូចៅអធិការផងដែរ។

នគរបាលបានឲ្យដឹងថា នៅវេលាយប់ថ្ងៃកើតហេតុ អន្ទិតខាងលើនោះ បានបើករថយន្តរបស់ព្រះគ្រូចៅ​អធិការវត្តចេញ​ដើរលេង នៅក្នុងរាជធានីភ្នំពេញ បន្ទាប់មកបានចូលទៅក្នុងហាងម៉ាស្សាកោសជប់ មួយកន្លែង នៅក្នុងបុរីញូវថោន មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ពេលនោះប្រជាពលរដ្ឋមានការសង្ស័យថា គាត់ គឺជាសង្ឃក្លែងក្លាយ ព្រោះសក់ដុះខ្លីដូចព្រះសង្ឃ មិនតែប៉ុណ្ណោះនៅក្នុងរថយន្ត មានទាំងបាត្រនិងចីវរថែមទៀតផង ហើយប្រជាពលរដ្ឋក៏បាន រាយការណ៍ជូនប៉ូលិស ឲ្យចុះទៅពិនិត្យមើល និងធ្វើការឃាត់ខ្លួននាំទៅ សាកសួរទើបដឹងថា គាត់ជាអតីតសង្ឃ ដែលទើបសឹកចាកសិក្ខាបទបាន២ថ្ងៃមុននេះប៉ុណ្ណោះ។

នគរបាលដដែលបានបញ្ជាក់ថា ដោយការអផ្សុកពេកនឹកចង់ភ្លក្សរស់ជាតិម៉ាស្សា ទើបយករថយន្តព្រះគ្រូចៅអធិការវត្ត បើកដើរលេងនិងចូលទៅឲ្យនាងៗម៉ាស្សា ឲ្យហើយក៏ជាអន្ទាក់ប៉ូលិសតែម្ដង ប៉ុន្តែក្រោយពេលសាកសួរដឹងសាច់រឿង ប៉ូលិសបានទាក់ទង​ទៅកាន់ចៅអធិការវត្តអូរគគីរ ឲ្យទៅធានាទើបដោះលែងទៅវិញនិងប្រគល់រថយន្តនោះ ទៅឲ្យព្រះចៅអធិការវត្តវិញហើយដែរ៕