Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការ នឹងប្រកាសសាលក្រម សំណុំរឿង «ជួប សម្លាប់» នៅថ្ងៃទី២៣ ខែមីនា

01-03-2017 13:17

(ភ្នំពេញ)៖ បន្ទាប់ពីបើកសវនាការ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រម នៃសំណុំរឿង លោក «ជួប សម្លាប់» នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។

លោក លី សុផាណា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយពីបញ្ចប់សវនាការរឿងក្តីឃាតកម្មលើលោក កែម ឡី នាថ្ងៃនេះ សាលាដំបូងនឹងប្រកាសសាលក្រម នៅថ្ងៃទី២៣ ខែមីនាឆ្នាំ២០១៧ ពេលព្រឹក»។

សវនាការ​នៅព្រឹកមិញនេះ​ដឹកនាំ​ ដោយ​លោក​ លាង​ សំណាត់​ អនុប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ លោក​ លី​ សុផាណា​ ជា​តំណាង​អយ្យការ​។ ជនជាប់ចោទ​មាន​មេធាវី​ការពារ​ក្ដី​តាម​ផ្លូវ​ច្បាប់​ គឺ​ លោក​យុង​ ផានិត​ ប្រធាននាយកដ្ឋានការពារក្ដីជូនជនក្រីក្រ នៃគណៈមេធាវី ។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាពេលកន្លងទៅ បានសម្រេចចោទប្រកាន់ «ជួប សម្លាប់» ចំនួន២ករណី ក្នុងនោះរួមមានបទឃាតកម្មគិតទុកជាមុន និង បទកាន់កាប់អាវុធគ្មានការអនុញ្ញាត។

នៅក្នុងសវនាការនេះ «ជួប​ សម្លាប់»​ បានសារភាពថា​ ខ្លួនជា​អ្នក​បាញ់​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី​ ដោយសារ​ខឹង​លោក​ កែម​ ឡី​ ជំពាក់​ប្រាក់​មិន​សង​ ហើយ​អះអាងថា គ្មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នងនៃឃាតកម្មនេះនោះ​ទេ​។

គួរ​បញ្ជាក់​ថា​ អឿត​ អាង​ ហៅ​ ជួប​ សម្លាប់​ ​អាយុ៣៨ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ភ្លាមៗ​ ក្រោយ​ពី​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ កាលពី​វេលា​ម៉ោង​៨៖៥០នាទី​ ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា​ ឆ្នាំ​២០១៦​ នៅចំណុច​ក្នុង​ទីតាំង​ស្តារម៉ាត​ នៃ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ បូកគោ​ ស្ថិត​នៅ​កាច់ជ្រុង​មហា​វិថី​ព្រះ​មុនីវង្ស​ និង​មហាវិថី​ម៉ៅសេទុង​ ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​៕