(ពោធិ៍សាត់)៖ យុវជនឈាមរាវ២នាក់ បើកម៉ូតូក្នុងល្បឿនលឿនឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុកកង់ក្រោយរថយន្ត HYUNDAI ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅកណ្តាលក្រុងពោធិ៍សាត់។ ហេតុការណ៍នេះបានកើតឡើង​កាលពីវេលាម៉ោង​០១៖៣០នាទី​រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបំបែកលាច ស្ថិតក្នុង​ភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក HYUNDAI ក្បាលពណ៌ស ទ្រុងប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ4A-2866 ធ្វើដំណើរពីកើតទៅលិច បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ។

លុះមកដល់ចំណុចកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាក Nex ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ នួន សារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិចំការចេកខាងជើង ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿន បានឆ្លងផ្លូវរួចទៅបុក​នឹងកង់ខាងក្រោយរថយន្ត HYUNDAI ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ជីង ភេទប្រុស មិនស្គាល់លំនៅដ្ឋាន (រងរបួសធ្ងន់) បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។

គួរបញ្ជាក់ថា នៅវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុច​គីឡូម៉ែត្រ​​លេខ១៣៧-១៣៨ ស្ថិតក្នុងភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍ស្រដៀងគ្នា បណ្តាលមកពីម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1F-9179 ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនលឿនគេចរថយន្ត រួចដួលបោកក្បាលនឹងថ្នល់ បើកបរដោយឈ្មោះ អឿ សៅហេង ភេទប្រុស អាយុ២៥ឆ្នាំ (ស្លាប់) និងអ្នករួមដំណើរឈ្មោះ ខេន សុភា ភេទប្រុស អាយុ២៤ឆ្នាំ (រងរបួសស្រាល) អ្នកទាំងពីររស់នៅក្នុងភូមិពោម្រះ ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្ន វត្ថុតាងរថយន្តHYUNDAI និងម៉ូតូ Nex ត្រូវបានកម្លាំងនគរបាលយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត រីឯម៉ូតូHonda Dream ត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់ រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំពោះសពជនរងគ្រោះទាំង២នាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕