(រតនគិរី)៖ ថ្លែងក្នុងពិធីអបអរសាទរទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យលើកទី២ ដែលប្រារព្វធ្វើឡើងនៅក្រុងបានលុង នាព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានស្នើឲ្យកងកម្លាំងពន្លត់អគ្គិភ័យទាំងអស់ ត្រូវតែ ចាត់ទុកជនរងគ្រោះដោយគ្រោះអគ្គិភ័យជាបងប្អូនសាច់ញាតិរបស់ខ្លួន ដែលត្រូវតែប្រឹងប្រែង​ជួយពួកគាត់​ឲ្យអស់ពី កម្លាំងកាយចិត្ត។
លោកអភិបាលខេត្តបានថ្លែងគូសបញ្ជាក់ថា ស្របពេលខេត្តរតនគិរី កំពុងរីកចម្រើនផ្នែកសំណង់ អគារ គ្រប់ប្រភេទ​ជាបន្តបន្ទាប់ រាជរដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរខេត្ត បានខិតខំ​ពង្រឹងវិធាន​ការមធ្យោបាយ​គ្រប់ប្រភេទ​ក្នុងការបង្ការ និងទប់ស្កាត់ ពន្លត់អគ្គីភ័យ ធានារក្សា​ប្រយោជន៍​ជូនសាធារណជន​បានទាន់​ពេលវេលា។

ដើម្បីឲ្យចំណាត់ការប្រតិបត្តិការពន្លត់អគ្គិភ័យបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ លោក ថង សាវុន បានថ្លែងដាស់តឿន​ដល់កងកម្លាំង​ពន្លត់អគ្គិភ័យថា «កងកម្លាំងទាំងអស់ត្រូវចាត់ទុកថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គិភ័យ គឺជាបងប្អូន សាច់ញាតិ របស់យើងគ្រប់គ្នា និង​មិនត្រូវប្រកាន់​បក្សនយោបាយឡើយ។ យើងត្រូវតែ​ជួយអន្តរាគមន៍​សង្រ្គោះពួកគាត់​ឲ្យបាន​ទាន់ពេលវេលា»

លោកអភិបាលខេត្ត បានណែនាំបន្ថែមដល់អង្គភាពពាក់ព័ន្ធទាំងអស់ ឲ្យជំរុញការងារ​ផ្សព្វផ្សាយដល់​ប្រជាពលរដ្ឋ ដើម្បីឲ្យ​ពួកគាត់មាន​ការចូលរួម​ទប់ស្កាត់អគ្គិភ័យ ជាពិសេស​នៅពេលមានអគ្គិភ័យ​កើតឡើងប្រជាពលរដ្ឋ​គ្រប់មជ្ឈដ្ឋាន សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ត្រូវតែធាននាបានមាននូវឧបករណ៍ពន្លត់អគ្គិភ័យ និងចេះទប់ស្កាត់​បឋមមុន​កម្លាំង​ជំនាញអន្តរាគមន៍មកដល់។

លោកអភិបាលខេត្ត ថង សាវុន ក៏បានជំរុញអាជ្ញាធរពាក់ព័ន្ធឲ្យបិទផ្សាយលេខទូរស័ព្ទ កម្លាំងអន្តរាគមន៍​ប្រចាំការ​នៅតាមទី​សាធារណៈ ទីប្រជុំជននានាសម្រាប់ប្រជាពលលរដ្ឋទាក់ទងបានគ្រប់ពេលវេលា ពេលកើតមានគ្រោះអគ្គិភ័យ។ បើទោះបីជា​យ៉ាងណា លោកអភិបាលខេត្ត បានកោតសរសើរចំពោះកម្លាំងជំនាញអគ្គិភ័យ ដែលបានលះបង់ខ្ពស់ក្នុងការអន្តរាគមន៍ ចុះជួយបាញ់​ពន្លត់អគ្គិភ័យ​ជូនប្រជាពលរដ្ឋ​នាពេល​កន្លងមក។

របាយការណ៍ឆ្នាំ២០១៦ បានបង្ហាញថា នៅទូទាំងខេត្តរតនគិរី មានករណីអគ្គីភ័យកើតឡើងចំនួន ១៨លើក ធៀបជាមួយ​ឆ្នាំ២០១៥ មានការថយចុះ ០៩លើក។ ករណីទាំង​នោះបណ្តាលឲ្យខូចខាត​ទ្រព្យសម្បត្តិ ឆេះផ្ទះប្រជាពលរដ្ឋ​ចំនួន​០៥ខ្នង ប្រាក់ដុល្លារ ៤,៥៣០ដុល្លារ ប្រាក់រៀល៨លានរៀល និងសម្ភារៈមួយចំនួនទៀត៕