(ភ្នំពេញ)៖ តារាសម្ដែងនៅ​តែរក្សាបានប្រជាប្រិយភាព ប្រៀបបីដូចជាផ្ការីក​គ្រប់រដូវ អ្នកនាង សារ៉ាយ សក្ខណា ត្រូវបានគេដឹងថា នឹងត្រូវហោះហើរចេញ​ទៅរស់នៅទឹកដី សម្បូរដុល្លារ និងជាមហាសេដ្ឋកិច្ចពិភពលោក គឺសហរដ្ឋអាមេរិក នៅ​​យប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប៉ុន្តែមុននឹងចាកចេញពីដែនដី​ កំណើតរបស់ខ្លួន សារ៉ាយ សក្ខណា បានចូលរួមថតរូបភាពឲ្យផលិតផល «ទឹកសំរង​ Moly Fresh និងបាយ័នសំរងធម្មជាតិ» ខណៈដែលក្រុមហ៊ុន ទឹក​សំរងនេះ ជាផលិតផល​​របស់ខ្មែរ និងតែងតែជួយ​ ទៅលើសកម្មភាពមនុស្សធម៌ ជួយដល់សង្គម ជាពិសេស គឺជួយដល់កុមារ ចាស់ជរា និងជនពិការជាដើម។

ជាមួយគ្នានេះ តារាសម្ដែង,​ពិធីការិនី​ និងជាតារាបង្ហាញម៉ូដ គឺកញ្ញា សូរ្យ អេណា ក៏បានចាប់ដៃគូជាមួយ អ្នកនាង សារ៉ាយ សក្ខណា ដើម្បីចូលរួម​ផ្សព្វផ្សាយ ផលិតផលទឹក​សំរងធម្មជាតិ ហើយក៏ដូចជាចូលរួមការងារសង្គម ដោយប្រយោល​ផងដែរ បន្ទាប់ពីការងារសិល្បៈ​របស់ពួកគេ នៅតែទទួលបានជោគជ័យ ជាបន្តបន្ទាប់។

តារាសម្ដែងមានវាសនាខ្ពស់ ទទួលបានសិទ្ធិទៅរស់នៅអាមេរិក សារ៉ាយ សក្ខណា បានថ្លែងឲ្យដឹងថា ដោយសារតែនាង​បាន​មើលឃើញ ពីសកម្មភាពមនុស្សធម៌ ជួយសង្គមជាច្រើន របស់ក្រុមហ៊ុនផលិតផល ទឹកសំរងធម្មជាតិ ទើបនាងសម្រេចចិត្តថត​ឲ្យផលិតផលមួយនេះ ដោយមិនបានគិតកម្រៃអ្វីនោះទេ មុននាងចេញទៅអាមេរិកវិញ ពោលគឺនាងជួយដោយស័្មគ្រចិត្ត ដើម្បីឲ្យក្រុមហ៊ុននេះ បន្តសកម្មភាពជួយដល់សង្គមបន្ថែមទៀត។ ថ្វីត្បិតតែនាងមិនបានជួយ​សង្គម ដោយផ្ទាល់ក្ដី ក៏នាងសុខ​ចិត្ត​បន្សល់ទុកនូវស្នាដៃ ឬទេពកោសល្យដែលខ្លួនមាន បន្តជួយក្នុងទឹកចិត្តខ្មែរស្រឡាញ់ខ្មែរ។

យ៉ាងណាមិញតារាសម្ដែង និងជាពិធីការិនី នាង សូរ្យ អែណា ក៏មិនខុសពី សារ៉ាយ សក្ខណា ដែរ នាង​ក៏បានចូលរួមចំណែក ក្នុងនាមជាអ្នកសិល្បៈ ត្រូវមានចិត្តចេះ​ចែករំលែក ទោះតិចក្ដីច្រើនក្ដី ហើយនាង ក៏សរសើរដល់ទឹកចិត្តរបស់​អ្នកនាង សារ៉ាយ សក្ខណា ដែលកាយបានឃ្លាតឆ្ងាយ​ពីស្រុកកំណើត តែទឹកចិត្តនៅតែស្រឡាញ់ បងប្អូនរួមជាតិដដែល។

ដោយឡែកម្ចាស់ក្រុមហ៊ុនសំរងទឹកធម្មជាតិ លោកស្រី ថេ ដាឡែន បានថ្លែងបញ្ជាក់ថា ​សូមថ្លែងអំណរគុណ​យ៉ាងជ្រាល​ជ្រៅ ដល់តារាសម្ដែង សារ៉ាយ សក្ខណា ក៏ដូចជា សូរ្យ អេណា ដែលបានជួយថតរូបផ្សព្វផ្សាយ ផលិតផលរបស់ខ្លួន ដោយទឹកចិត្ត​សប្បុរស មិនទទួលយកប្រាក់កម្រៃ ព្រោះតែចង់ឲ្យក្រុមហ៊ុននេះ បន្តនូវសកម្មភាពមនុស្សធម៌ ជួយដល់សង្គមឲ្យ​បានយូរអង្វែង និងច្រើនជាងនេះបន្ថែមទៀត។ ទាំងនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញ ពីទំហំទឹកចិត្តដែល​មិនអាចកាត់ថ្លៃបាន របស់តារាសម្ដែង​ខ្មែរទាំងពីរ និងសូមឲ្យទឹកចិត្តសប្បុរសនេះ ស្ថិតស្ថេរជាអមតៈ៕