(ភ្នំពេញ)៖ របាយការណ៍ដែលចេញផ្សាយដោយ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានក្លាយជាអ្នកខ្ចីលុយពីធនាគារ និងមីក្រូហិរញ្ញវត្ថុច្រើនជាងគេបំផុត ដែលមានរហូតដល់ជាង២០ម៉ឺននាក់ ហើយបើសរុបទំហំនៃការខ្ចីវិញ មានទឹកប្រាក់លើសពី១ពាន់លានដុល្លារ។​

ទិន្នន័យដែលចេញផ្សាយលើ គេហទំព័រធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា យោងតាមការិយាល័យឥណទានកម្ពុជា ទីប្រជុំជនធំៗជាកន្លែង ប្រមូលផ្តុំឥណទានច្រើនជាងគេ។ ការឱ្យខ្ចីសរុបនៅភ្នំពេញមានចំនួនលើសពី ១ប៊ីលានដុល្លារអាមេរិក (១,០០០,០០០,០០០ដុល្លារ) និងបណ្តាខេត្តមួយចំនួនផ្សេងទៀត ដូចជា ខេត្តកំពង់ចាម កណ្តាល ត្បូងឃ្មុំ សៀមរាប និងបាត់ដំបង ដែលមានបរិមាណឥណទានចន្លោះពី៧០០ លានដុល្លារអាមេរិក ទៅ១ប៊ីលានដុល្លារអាមេរិក។

ធនាគារជាតិនៃកម្ពុជា បញ្ជាក់ទៀតថា «ចំនួន​អតិថិជន​ដែល​ទទួល​បាន ​ឥណទាន (កម្ចី) ​ច្រើន​ជាងគេ​ គឺ​រាជធានី​ភ្នំពេញ​ ដែល​មាន​អតិថិជន​ច្រើន​ជាង​ ២០០,០០០​នាក់​ និង​ខេត្តកណ្តាល​ ដែល​មាន​អតិថិជន​ ចន្លោះ​ពី​ ១៥០,០០១​ នាក់​ ដល់​ ២០០,០០០​នាក់​។​ បន្ទាប់​ពី​នេះ​ រួម​មាន​ ខេត្តកំពង់ស្ពឺ​ សៀមរាប​ កំពង់ចាម​ព្រៃវែង​ តាកែវ​ កំពង់ធំ​ និង​ បាត់ដំបង​ ដែល​មាន​អ្នក​ខ្ចី​ចន្លោះ​ពី​ ១០០,០០១​ នាក់​ ដល់​ ១៥០,០០០​ នាក់​»

ជាមួយគ្នានេះ ធានាគារជាតិនៃកម្ពុជារកឃើញថា គុណភាពឥណទាននៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគីរី និងកោះកុង មានឥណទានមិនដំណើការខ្ពស់ជាងគេ (ខ្ចីអត់សង) ជាមួយនឹងអត្រាធំជាង១.៥១% ខណៈដែលខេត្តកណ្តាល បាត់ដំបង បន្ទាយមានជ័យ និងស្វាយរៀង មានអត្រាឥណទានមិនដំណើការចន្លោះពី១.០១% ទៅ ១.៥០% ប៉ុណ្ណោះ៕