(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍របស់ខ្លួន ជាបន្តបន្ទាប់តាំងពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលមិញនេះ ហើយបន្តរហូតដល់ថ្ងៃស្អែក ដើម្បីជ្រើសរើសបេក្ខជន ប្រធាន និងអនុប្រធាន សម្រាប់ដាក់​ឱ្យបោះឆ្នោត នៅក្នុងសមាជ នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានឱ្យដឹងថា ការកំណត់យកបេក្ខជន សម្រាប់ឈរឈ្មោះបោះឆ្នោត នឹងធ្វើឡើងនៅថ្ងៃស្អែក ដោយអ្នកមានសិទ្ធិឈរឈ្មោះ គឺចេញពីសមាជិកគណៈកម្មាធិការនាយក របស់គណបក្ស​សង្រ្គោះជាតិ។ ទោះជាយ៉ាងណា លោកពុំទាន់ដឹងនៅឡើយ ទេថា មានសមាជិកប៉ុន្មាននាក់ ដែលត្រូវឈរឈ្មោះជាប្រធាន និងអនុប្រធានគណបក្ស សម្រាប់ក្បាលម៉ាស៊ីនថ្មី។

សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ នឹងរៀបចំសមាជមួយ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីជ្រើសរើស​ប្រធាន និងអ​នុប្រធាន គណបក្ស ក្រោយពេលដែល លោក សម រង្ស៊ី លាលែងពីតំណែង។ លោក កឹម សុខា ដែលជា​ប្រធានស្តីទីបច្ចុប្បន្ន ត្រូវគេមើលឃើញថា អាចនឹង ឡើងជាប្រធានគណបក្សជំនួស លោក សម រង្ស៊ី៕