(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖០០ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ព្រឹទ្ធសភានៃកម្ពុជា បានចាប់ផ្តើមបើកកិច្ចប្រជុំវិសាមញ ដើម្បីពិនិត្យ និងឱ្យយោបល់ លើសេចក្តីស្នើច្បាប់ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។

សូមបញ្ជាក់ថា សេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលស្នើដោយតំណាងរាស្រ្ត៦០រូប ត្រូវបានរដ្ឋសភា អនុម័ត​ទាំងស្រុង ដោយសំឡេងសមាជិករដ្ឋសភា៦៦រូប នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីបើកកិច្ចប្រជុំ​វិសាមញ្ញ​អស់រយៈពេលជិត ២ម៉ោង។

ការរៀបចំសំណើសុំធ្វើវិសោធនកម្មច្បាប់នេះ បានធ្វើបន្ទាប់ពីមានការលើកឡើង ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំសភាវិសាមញ្ញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។

មាត្រា១៨ថ្មី នៃសេចក្តីស្នើវិសោធនកម្មច្បាប់នេះ បានកំណត់ដោយសង្កត់ធ្ងន់ថា៖ ប្រធាននិងអនុប្រធាន និងសមាសភាព​នៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្រ្តៃយ៍ ឬអង្គការសមមូលនឹងគណៈកម្មការទាំងពីរនេះ មិនត្រូវជា​បុគ្គល​ដែលជាទណ្ឌិតជាប់ទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈឹម ដោយគ្មានការព្យួរទោសឡើយ៕