(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត បានថ្លែងពីការរំពឹងទុកថា នៅឆ្នាំ២០២០ ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជា អាចកើនឡើងយ៉ាងតិច ៧លាននាក់ និងបង្កើតការងារដោយផ្ទាល់ ដល់ប្រជាពលរដ្ឋប្រមាណ ១លាននាក់ ជាមួយនឹងចំណូលចូលថវិកាជាតិ ៥,០០០លានដុល្លារ ។

ថ្លែងក្នុងពិធីបើកវេទិការជាតិ ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ លើកទី១ នៅសណ្ឋាគារភ្នំពេញនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោករដ្ឋមន្រ្តី បានដាក់អនុសាសន៍ថា ដើម្បីត្រៀមទទួលស្វាគមន៍កំណើនឥតឈប់ឈរ នៃភ្ញៀវទេសចរអន្តរជាតិទាំងនោះ ជាយុទ្ធសាស្ត្រ គឺត្រូវធ្វើយ៉ាងណាឱ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញ និងភាពកក់ក្តៅដល់ភ្ញៀវទេសចរ ពោលគឺជាគោលដៅទេសចរណ៍ស្អាត និងបៃតង (Clean & Green Destination)។

លោកបណ្ឌិត ថោង ខុន បានបន្តថា ក្រសួងទេសចរណ៍ បានដាក់ចេញយុទ្ធនាការ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ដែលក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យដាក់ចេញនូវចលនាប្រឡងប្រណាំង «រង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍»

លោកបណ្ឌិតបានបន្ថែមថា វេទិកាជាតិ ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍លើកទី១ នាពេលនេះ ធ្វើឡើងក្នុងគោលបំណង «ចែករំលែកផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍នៃការអនុវត្តល្អៗ ពាក់ព័ន្ធនឹងការធ្វើធុរកិច្ច បៃតងក្នុងវិស័យទេសចរណ៍»

ប្រធានបទនេះ រំលេចឱ្យឃើញពីសារសំខាន់ នៃការអនុវត្តទម្រង់ធុរកិច្ច ដែលស្របនឹងគំរូអភិវឌ្ឍន៍បៃតង និងស្អាត ដែលជាជម្រើសដ៏វៃឆ្លាត និងស័ក្តិសមបំផុត នាពេលបច្ចុប្បន្ន ដោយមិនត្រឹមតែ ធានាឱ្យបាននូវនិរន្តភាពផ្នែកសេដ្ឋកិច្ច ប៉ុណ្ណោះទេ តែក៏ត្រូវធានានិរន្តរភាព និងតុល្យភាពខាងផ្នែកសេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌ផងដែរ តាមរយៈការយក​ចិត្តទុកដាក់ដល់ទស្សនទាន នៃការទទួលខុសត្រូវរបស់សហគ្រាស លើផ្នែកសង្គម បរិស្ថាន វប្បធម៌ ហើយដែលនឹងនាំមកនូវភាពជោគជ័យ ក្នុងការធ្វើធុរកិច្ច។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អ ក្នុងសេវា​សាធារណៈរបស់ក្រុង/ខណ្ឌ បេក្ខភាពទីក្រុងស្អាត ស្របតាមអនុសាសន៍ដ៏របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបាន​ថ្លែងក្នុងពិធីអបអរសាទរ កម្ពុជាជាគោលដៅទេសចរណ៍ល្អបំផុតលើពិភពលោក ឆ្នាំ២០១៦ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦។

សូមជម្រាបថា នៅឆ្នាំ២០១៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៥លាននាក់ កើនឡើង៥ភាគរយ នាំប្រាក់​ចំណូលប្រមាណ ៣,៤០០លានដុល្លារ ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។ តាមការព្យាករណ៍ នៅឆ្នាំ២០១៧នេះ ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិ នឹងមានប្រមាណ ៥.៤លាននាក់៕