(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានជំរុញឲ្យសិស្សានុសិស្ស ត្រូវតាំងចិត្តប្ដេជ្ញាខិតខំសិក្សា ឲ្យបានចប់ចុង​ចប់ដើម និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខនានា ពិសេសត្រូវរៀន និងចេះរៀបចំផែនការជីវិតរបស់ខ្លួន ដើម្បីឈានទៅសម្រេចបានគោលដៅជីវិតមួយ។

ថ្លែងក្នុងវេទិកាតម្រង់ទិសក្នុងការជ្រើសរើសមុខវិជ្ជា និងអាជីពសម្រាប់សិស្សថ្នាក់ទី១១ ដល់ទី១២ ដល់សិស្សវិទ្យាល័យ​ទួលក្បិល ដែលស្ថិតនៅភូមិទាមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក គង់ វិមាន បានឲ្យដឹងថា សិស្សានុសិស្សដែលបានកើតមកសម័យនេះ មានសំណាងណាស់ មានអ្វីៗមានស្រាប់មិនខ្វះ ដូចជា៖ សាលារៀនល្អ ផ្លូវថ្នល់ វត្តអារ៉ាម មន្ទីរពេទ្យ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ មានគ្រឹះស្ថានឧត្តមសិក្សាគ្រប់ជំនាញ  ប្រព័ន្ធធារាសាស្ត្រ ទីផ្សារការងារក្នុង និងក្រៅប្រទេស និងអ្វីគ្រប់បែបយ៉ាងជាច្រើនទៀត ដែលកំពុងរង់ចាំពួកគេរួចជាស្រាច់។

លោកអភិបាលរងរូបនេះ ក៏បានលើកឡើងអំពីប្រវត្តិផ្ទាល់ខ្លួន ក្នុងនាមជីវិតជាក្មេងកំព្រាឳពុកម្តាយ បានយកវត្តអារ៉ាមជា​ទីកន្លែងស្នាក់អាស្រ័យ រស់បានដោយសារបាយបាតរបស់ព្រះសង្ឃ ក្នុងរយៈពេលជិត២០ឆ្នាំ កន្លងទៅ បើគ្មានការតស៊ូអត់ធ្មត់ និងគ្មានផែនការក្នុងខ្លួនទេ គឺរូបលោកមិនមានថ្ងៃនេះដែរ។

លោកបានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ឲ្យមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការសិក្សាចាប់ពីបឋមសិក្សា រហូតដល់បញ្ចប់ថ្នាក់​បរិញ្ញាបត្រ ឬថ្នាក់បណ្ឌិត  ដើម្បីសម្រេចគោលបំណងដ៏ធំមួយក្នុងជីវិត ត្រូវរៀនជាបណ្តើៗ ក្នុងការរៀបចំផែនការជីវិត ចេះធ្វើការសម្រេចចិត្ត និងគិតគូអំពីគោលដៅតទៅថ្ងៃអនាគត និងមិនត្រូវយកពេលវេលាដ៏មានតម្លៃ ទៅធ្វើកិច្ចការផ្សេងៗ ដែលគ្មានប្រយោជន៍ និងប៉ះពាល់ដល់សង្គមជាតិឡើយ ជាពិសេសត្រូវជៀសចេញឲ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់​ប្រភេទ និងអំពើអបាយមុខផ្សេងៗទៀតជាដើម ត្រូវគិតថាមានជីវិតគឺត្រូវមានសង្ឃឹម។

សូមជម្រាបថា វេទិកាតម្រង់ទិសក្នុងការជ្រើសរើសមុខវិជ្ជា និងអាជីព សម្រាប់សិស្សថ្នាក់ទី១១ ដល់ទី១២ ធ្វើឡើងក្រោមការ​ឧបត្ថម្ភ​គាំទ្ររបស់ អង្គការរូមធូរីដ កម្ពុជា និងមានការចូលរួមពីវាគ្មិនតំណាងមន្ទីរ​កិច្ចការនារី​ខេត្ត មន្ទីរកសិកម្មខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ធនាគារអេស៊ីលីដាខេត្តកំពង់ធំ វិទ្យាស្ថានក្រុងអង្គរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណ៣២៦នាក់។

លោក ទិត រដ្ឋា ប្រធានអង្គការរូមធូរីដ កម្ពុជាប្រចាំខេត្តកំពង់ធំ បានលើកឡើងថា ការតម្រង់ទិសក្នុងការជ្រើសរើសមុខវិជ្ជា និងអាជីពសម្រាប់សិស្ស ថ្នាក់ទី១១ ដល់ទី១២នេះ ក្នុងគោលបំណងផ្តល់ឱកាសដល់សិស្សស្វែងយល់ពីមុខវិជ្ជា ដែលខ្លួនពេញចិត្ត និងស័ក្តិសមទៅនឹងសមត្ថភាព និងតម្រូវការទីផ្សារការងារ នាពេលបច្ចុប្បន្ន។

លោក រដ្ឋា បានបន្តថា វេទិកានេះ ក៏បានផ្តល់ឱកាសក្នុងការបង្កើតទំនាក់ទំនងជាមួយវិទ្យាស្ថាន និងស្ថាប័ននានា ដោយស្វែងយល់ពីកម្មវិធីសិក្សា ដែលសិស្សជ្រើសរើសបន្តការសិក្សា បន្ទាប់ពីបញ្ចប់ថ្នាក់ទុតិយភូមិ លើកទឹកចិត្តដល់ការពង្រឹងសមត្ថភាព និងបង្កើនទំនុកចិត្តក្នុងការសិក្សា ដើម្បីទទួលបានជោគជ័យទាំងក្នុង​ និងក្រៅសាលា និងផ្តល់នូវជំនាញទន់ (វគ្គបំណិនជីវិត) ទៅតាមកម្រិតរបស់ពួកគេ ដោយធ្វើការតាមដានជាប្រចាំ៕