(រតនគិរី)៖ លោក លន់ សុភាព អភិបាលរងខេត្តរតនគីរី តំណាងឲ្យលោក ថង សាវុន អភិបាលខេត្ត បានស្នើឲ្យអង្គសន្និបាត ទាំងមូល ពិភាក្សាគ្នាឲ្យបានផុសផុល ដើម្បីឆ្លើយតបទៅនឹងគោលបំណង គឺការផ្តល់សេវាសាធារណៈប្រកបដោយ គុណភាព មានភាពសាមញ្ញប្រសិទ្ធិភាព ភាពអាចជឿទុកចិត្តបាន ភាពឆាប់រហ័ស ឆ្លើយតបទាន់ពេលវេលាមានភាពងាយស្រួល និងមានការចូលរួមប្រើប្រាស់ សេវាពីប្រជាពលរដ្ឋ ជាពិសេសការគ្រប់គ្រង និងអភិវឌ្ឍសមត្ថភាព មន្ត្រីសុខាភិបាល ឲ្យកាន់តែមានប្រសិទ្ធិភាព និង ភាពជឿទុកចិត្តបានក្នុងការផ្តល់សេវាសាធារណៈ ឆន្ទៈ ម្ចាស់ការ ភក្តីភាព និងមនសិការវិជ្ជាជីវៈ។

លោក លន់ សុភាព បានលើកឡើងឲ្យដឹងនៅក្នុង ពិធីរៀបចំធ្វើសន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នាមន្ទីរសុខាភិបាលខេត្តរតនគិរី។

ជាមួយគ្នានោះដែរ លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្ត បានលើកឡើងថា លទ្ធផលដែលមន្ទីរសុខាភិបាល​ខេត្តរតនគិរី បានអនុវត្តកន្លងមក បានបង្ហាញឲ្យឃើញថា សុខមាលភាព នៃប្រជាពលរដ្ឋខេត្តរតនគិរី កំពុងស្ថិតលើ មាគ៌ាវឌ្ឍនៈភាព ឆ្ពោះទៅសម្រេចជោគជ័យ គោលដៅអភិវឌ្ឍន៍សហវត្សទី៤ គឺកាត់បន្ថយការស្លាប់របស់កុមារ និងគោលដៅទី៦ ការប្រយុទ្ធនិងជំងឺឆ្លងចំបង មានជម្ងឺអេដស៍ របេង គ្រុនចាញ់ ជាពិសេសការលើក​កំពស់សុខភាព​មាតានិងទារក។

ថ្លែងបើកអង្គសន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ២០១៦ និងលើកទិសដៅការងារបន្តឆ្នាំ២០១៧ លោក លន់ សុភាព អភិបាលរងខេត្ត បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបាន ក្នុងឆ្នាំ២០១៦កន្លងមកនេះ។

លោកបន្តទៀតថា ឆ្នាំ២០១៧ គឺជាឆ្នាំទី៤ នៃការអនុវត្តផែនការយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៣ របស់ រាជរដ្ឋាភិបាល​កម្ពុជា និងជាការអនុវត្តកម្មវិធីជាតិ កំណែទម្រង់រដ្ឋបាលសាធារណៈ,ការគ្រប់គ្រង និងការអភិវឌ្ឍន៍ ធនធានមនុស្ស, បៀវត្ស និង ប្រាក់ឧបត្ថម្ភ៕