(ភ្នំពេញ)៖ ពេលទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ រហូតទទួលបានភាពល្បីល្បាញអស់ច្រើនជាឆ្នាំ នៅកម្ពុជារួចមក មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ បានបន្ថែមសេវាសង្រ្គោះបន្ទាន់ពិសេសៗមួយចំនួន ក្នុងនោះ មានសេវាដឹកជញ្ជូនអ្នកជំងឺ​តាមផ្លូវ​អាកាស ដោយមន្ទីរពេទ្យមានឧទ្ធម្ភាគចក្រផ្ទាល់ខ្លួន និងរថយន្តសង្គ្រោះបន្ទាន់ សម្រាប់ពន្លឿនការសង្គ្រោះអ្នកជំងឺ នៅគ្រប់ទីកន្លែង ទោះជានៅទីដាច់ស្រយ៉ាលយ៉ាងណាក៏ដោយ។

ថ្លែងក្នុងយុទ្ធនាការសមយុទ្ធសង្គ្រោះបន្ទាន់ ដែលមានការចូលរួមពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលេខា​ធិការ​ដ្ឋានអាកាសចរណ៍ស៊ីវិលនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សំអាច វង្សខុមថង នាយកប្រតិបត្តិ​នៃមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ បានបញ្ជាក់ថា មន្ទីរពេទ្យបានផ្ដល់នូវសេវាសុខាភិបាលជាច្រើន ដូចជា៖ សេវាពិនិត្យ ពិគ្រោះ ព្យាបាល សម្រាកព្យាបាល សង្គ្រោះបន្ទាន់ និងសេវាបញ្ជូនអ្នកជំងឺ ដែលមានការសហប្រតិបត្តិការ ពីមន្ទីរពេទ្យបាងកកផងដែរ។

លោក សំ អាច បានបន្តថា «ក្រុមវេជ្ជបណ្ឌិតផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកព្យាបាលជំងឺទូទៅរបស់មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ គឺធ្លាប់ទទួលបានការហ្វឹកហាត់ ដែលមានការឆ្លងកាត់វគ្គបណ្ដុះបណ្ដាល ទៅតាមផ្នែកជំនាញក្រម​សីលធម៌​ច្បាស់លាស់ និងមានការទទួលខុសស្គាល់ជាសកល» ក៏ដូចជា ក្រុមគិលានុបដ្ឋាយិកាទាំងអស់ ក៏ត្រូវឆ្លងកាត់វគ្គបណ្ដុះ​បណ្ដាល នៅមន្ទីរពេទ្យបាងកក ប្រទេសថៃផងដែរ ដើម្បីពាំនាំនូវចំណេះដឹង បទពិសោធន៍ យកមកអនុវត្តន៍ នៅក្នុងមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ក្នុងគោលបំណង ដើម្បីឲ្យលោកអ្នកទទួលបានសេវាវេជ្ជសាស្រ្ត ស្របតាមស្ដង់ដារអន្តរជាតិ។

លោកថា មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ក៏បានផ្ដល់ជូននូវសេវាកម្មផ្នែកវេជ្ជសាស្រ្តជាច្រើនផ្សេងទៀត ដូចជា ផ្នែកសង្គ្រោះបន្ទាន់ ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្ដាហ៍ ផ្នែកជំងឺទូទៅ ផ្នែកវះកាត់ឆ្អឹង ផ្នែកវះកាត់ខួរក្បាល ផ្នែកវះកាត់ទូទៅ ផ្នែកសម្ភពនឹងរោគស្រ្តី ផ្នែកបេះដូង ផ្នែកតម្រងនោម ផ្នែកលាងឈាម ផ្នែកកុមារ ផ្នែកប្រព័ន្ធរំលាយអាហារ ផ្នែកមាត់ធ្មេញ ផ្នែកត្រចៀក បំពង់ក ព្រមទាំងមានបន្ទប់ថែទាំងសុខភាពជំងឺកម្រិតធ្ងន់ (ICU) និងបន្ទប់វះកាត់ដ៏ទំនើប។

លោក សំអាច បានបន្ថែមថា នៅមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ «ការសង្គ្រោះអ្នកជំងឺទោះតាមវិធីណា គឺមានគ្រប់គ្រាន់ទាំងអស់ មានទាំងការសង្រ្គោះ និងបញ្ជូនអ្នកជំងឺតាមឧត្ថម្ភាគចក្រ តាមរថយន្តពេទ្យ» ហើយក៏មានអ្នកជំនាញលើឧត្ថម្ភាគចក្រ និងរថយន្តនោះ ប្រកបដោយជំនាញពិតប្រាកដផងដែរ។

ពិសេសជាងនេះ អ្នកជំងឺដែលត្រូវការទៅព្យាបាលនៅក្រៅប្រទេស ខាងមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ មានសេវាបញ្ជូនទៅដោយ​ខ្លួនឯង​តែម្ដង មិនថាទៅប្រទេសថៃ ឬប្រទេសផ្សេងៗទេ ពោលគឺអ្នកជំងឺមិនចាំបាច់រកយន្តហោះខ្លួនឯង ឬមិនចាំបាច់ឲ្យយន្ត​ហោះ​នៅប្រទេសផ្សេង ហោះមកយកអ្នកជំងឺនៅកម្ពុជាទេ។ លោកថា «ពីមុនប្រជាពលរដ្ឋ ក្នុងកម្ពុជា ត្រូវទៅព្យាបាលជំងឺនៅ​ប្រទេសថៃ តែឥឡូវនេះ មិនចាំបាច់ទៅដល់ថៃទេ យើងមានមន្ទីរពេទ្យប្រទេសថៃ នៅទីនេះហើយ ចំណេញថវិកាបានច្រើន»។

សូមបញ្ជាក់ដែរថា សេវាដឹកជញ្ជូនអ្នកជំងឺតាមផ្លូវអាកាស របស់មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ គឺហោះហើរទៅដល់គ្រប់ខេត្ត នៃប្រទេសកម្ពុជា។ គោលការណ៍របស់មន្ទីរពេទ្យ គឺគិតគូការសង្គ្រោះអ្នកជំងឺជាចម្បង ចំពោះអ្នកជំងឺដែលមានជីវភាពខ្វះខាត ទីទាល់ក្រ ខាងមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ នឹងមានការបន្ធូរបន្ថយ ទៅតាមស្ថានភាពជាក់ស្ដែង៕