(ភ្នំពេញ)៖ លោក ម៉ុង កាណែត ដែលជាអតីតអ្នកថតកុនជើងចាស់ ទសវត្សរ៍ឆ្នាំ៩០ បច្ចុប្បន្នកំពុងតែមានជំងឺធ្ងន់ធ្ងរ ប្រចាំកាយដ៏កាចសាហាវ គឺជំងឺក្រិនថ្លើមប្រភេទ C និង មានសត្វល្អិតនៅក្នុងពោះវៀន ខណៈដែលសភាពរាងកាយរបស់លោក ក៏មានការធ្លាក់ចុះកំលាំងថមថតស្វិត នៅសល់តែស្បែកដណ្តប់ឆ្អឹងប៉ុណ្ណោះ។

បើតាមប្រភពពីលោក Ros Keng ដែលត្រូវជាប្អូនប្រុសបង្កើត របស់លោក ម៉ុង កាណែត បានប្រាប់ Fresh News ឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងមកនេះ ជំងឺបងប្រុសរបស់លោក គឺលោក ម៉ុង កាណែត បានបន្តធ្វើទុក្ខកាន់តែខ្លាំងឡើងៗ ដូច្នេះហើយទើបក្រុមគ្រួសារ បានសម្រេចបញ្ជូនគាត់ទៅសង្គ្រោះជាថ្មី នៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត (រ៉ុស្ស៊ី)។

ប្រភពដដែលនេះ បានបញ្ជាក់ថា «បើគិតរហូតមកទល់ពេលនេះ ជំងឺបងប្រុសខ្ញុំ (អតីតអ្នកថតកុនជើងចាស់ទសវត្សរ៍ឆ្នាំ៩០ លោក ម៉ុង កាណែត) បានធ្លាក់ខ្លួនឈឺដុនដាប មានរយៈពេលប្រមាណ ជិត២ខែមកហើយ។ ប៉ុន្តែទោះបីជាមានការយក់ចិត្ត ទុកព្យាបាលយ៉ាងណាក៏ដោយ គឺជំងឺរបស់គាត់ហាក់គ្មានសភាព អន់ថយបន្តិចសោះឡើយ ពោលគឺរាល់ថ្ងៃគាត់សឹងតែសម្រាក មិនបានទេ ព្រោះដោយសារជំងឺកាន់តែធ្វើទុក្ខ!»

ដោយឡែក បើតាមការឲ្យដឹងពីសំណាក់លោក ម៉ុង កាណែត ក្នុងសឡេងខ្សាវៗបាននិយាយ ប្រាប់ Fresh News ថា ឲ្យដឹងថា «បាទ! ពេលនេះខ្ញុំកំពុងសម្រាក នៅមន្ទីរពេទ្យរ៉ុស្ស៊ី ព្រោះជំងឺថ្លើមប្រភេទសេ បានផ្តើមធ្វើទុក្ខកាន់តែខ្លាំង។ ខ្ញុំបានមកសម្រាកព្យាបាល មានរយៈពេល២ឬ៣ថ្ងៃមកហើយ តែស្ថានភាពជំងឺហាក់គ្មានការអន់ថយនោះទេ គឺនៅតែឈឺចុកចាប់ តាមឆ្អឹងខ្នងដដែល!»

ជាមួយគ្នានេះដែរ អតីតអ្នកថតកុនជើងចាស់ទសវត្សរ៍ឆ្នាំ៩០ លោក ម៉ុង កាណែត ក៏បានបញ្ជាក់ថា នេះជាលើកទីពីរហើយ ដែលលោកបានចូលព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ខណៈដំបូងឡើយ គឺចូលបានរយៈពេល១សប្តាហ៍ ក៏ត្រូវក្រុមគ្រួពេទ្យ ឲ្យវិលត្រឡប់ទៅផ្ទះវិញ។ អំឡុងពេលនោះ លោកនិងក្រុមគ្រួសារក៏បានជ្រើសយកវិធីសាស្រ្ត ព្យាបាលតាមលក្ខណៈថ្នាំបុរាណខ្មែរ ប៉ុន្តែពុំទទួលបានលទ្ធផលអ្វី មកវិញឡើយ!។

យ៉ាងណាមិញ ដោយសារតែមានជីវភាពខ្វះខាត និងជួបការលំបាកប្រចាំថ្ងៃ ក្នុងការចេញថ្លៃសម្រាក់ព្យាបាលជំងឺ លោក ម៉ុង កាណែត ដែលមានវ័យ៥១ឆ្នាំ ក៏បានធ្វើការអំពាវនាវ សុំក្តីមេត្តាពីសប្បុរសជននានា ដើម្បីសុំការជួយឧបត្ថម្ភ បន្តជីវិតរស់ផងដែរ ព្រោះថាសព្វថ្ងៃ គ្រួសាររបស់លោក មានជីវភាពលំបាកណាស់។ លោក ម៉ុង កាណែត បច្ចុប្បន្នកំពុងសម្រាកព្យាបាល ជំងឺក្រិនថ្លើមប្រភេទ C នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៊ី) បន្ទប់លេខ០៨៕