(ភ្នំពេញ)៖ បុរសជាសន្តិសុខនៅផែស្ងួត «ត្រេនស្តារ» ម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងការដ្ឋាន ពេលកំពុងយាមកាម បង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ចំណុចក្នុងផែស្ងួតកុងទឺន័រ «ត្រេនស្តារ» ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌ​ពោធិ៍សែន​ជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោឈ្មោះ ហ៊ឺ វុធ អាយុ៤៥ឆ្នាំ មានមុខរបរជាសន្តិសុខ នៅក្នុងផែស្ងួតខាងលើ ហើយសព្វថ្ងៃ ស្នាក់នៅផ្ទះជួល ភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ និងមានស្រុកកំណើតនៅ ភូមិព្រៃថ្នឹង ស្រុកស៊ីធរកណ្ដា ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនកើតហេតុជនរងគ្រោះ បានមកធ្វើការដូចសព្វមួយដង រហូតដល់ម៉ោងកើតហេតុខាងលើគាត់បាន ប្រាប់អ្នក ធ្វើការជាមួយគ្នាថា គាត់អត់ស្រួលខ្លួនសោះ នឹងវិលមុខទៀតផង។ បន្ទាប់មក គាត់ក៏បានដួលទៅនឹងដី ឃើញដូចនោះ អ្នកធ្វើការជាមួយគ្នា ក៏បានលើកគាត់ នឹងជួយរឹតប្រេងកាឡាឲ្យគាត់ ដោយឃើញសភាពមិនស្រួល ក៏ដឹកគាត់យកមកពេទ្យឡាំ ប៊ុនថន ពេលមកដល់ពេទ្យ ដោយមិនទាន់បានចូលផង ពេទ្យក៏បានប្រាប់ថា ស្លាប់បាត់ទៅហើយ រួចហើយបងប្អូនក៏បានយកមក តម្កល់នៅវត្តតក្ខបញ្ញោ។

តាមការពិនិត្យជាក់ស្ដែង ពីជំនាញគឺពុំមានពាក់ព័ន្ធនឹងឃាដកម្មនោះទេ ដោយមានស្នាមជាំស្លឈាម ស្លាក់ខ្យល់ នៅនឹងខ្លួនហើយក្រុម គ្រួសារក៏ពុំមានប្ដឹងផ្ដល់អ្វីនោះទេ និងសូមយកសពទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕